រដ្ឋាភិបាល​កម្ពុជា​គួរ​កែប្រែ​ចំណុច​មួយចំនួន​នៅក្នុង​សេចក្ដីព្រាងច្បាប់​ស្ដីពី​សហជីព​

កាលពី​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៥ លោក ប្រេដ អាដាម នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​កែប្រែ​ចំណុច​មួយចំនួន​នៅក្នុង​សេចក្ដីព្រាងច្បាប់​ស្ដីពី​សហជីព​ដែល​បានដាក់​ឲ្យ​រដ្ឋសភា​ពិនិត្យ​និង​អនុម័ត​។ សេចក្ដីអំពាវនាវ​រប​ស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​បាន​កើតឡើង​ក្រោយពេល​គណបក្ស​ទាំង​២​ដែលមាន​អាសនៈ​នៅក្នុង​រដ្ឋសភា​នៃ​ប្រទេស​កម្ពុជា ព្រមព្រៀង​បង្កើត​ឲ្យ​មាន​គណៈកម្មការ​ចំពោះ​កិច្ច​ដើម្បី​ពិភាក្សា​លើ​សេចក្ដីព្រាងច្បាប់​នេះ​។ ថ្នាក់ដឹកនាំ​សហជីព​មួយចំនួន​ក្នុងប្រទេស​កម្ពុជា​ក៏បាន​ជំរុញ​ឲ្យ​មានការ​កែប្រែ​ចំណុច​មួយចំនួន​ក្នុង​សេចក្ដីព្រាងច្បាប់​ស្ដីពី​សហជីព​នោះដែរ ប៉ុន្តែ​នៅ​មិនទាន់មាន​ការឆ្លើយតប​ពី​រដ្ឋាភិបាល​នៅឡើយ​ទេ​។

នៅក្នុង​សេចក្ដីថ្លែងការណ៍​ចុះ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៥ លោក ប្រេដ អាដាម បាន​លើកឡើងថា សេចក្ដីព្រាង​ចុងក្រោយ​នៃ​ច្បាប់​សហជីព​មានការ​កែលម្អ ប៉ុន្តែ​នៅមាន​ចំណុច​ដែល​មិន​គ្រប់គ្រាន់​ដើម្បី​ការពារ​សិទ្ធិ​កម្មករ​និង​សិទ្ធិ​សហជីព​។ លោក ប្រេដ អាដាម បានបញ្ជាក់​ទៀតថា មាន​ចំណុច​មួយចំនួន​អាច​នឹងរង​ការរំលោភបំពាន​ដោយ​រដ្ឋាភិបាល​ឬ​ដោយ​និយោជក ដូច្នេះ​ម្ចាស់ជំនួយ​ឬ​ដៃគូ​អភិវឌ្ឍន៍​គួរតែ​ជំរុញ​ឲ្យ​មាន​កិច្ច​ពិភាក្សាគ្នា​ដែល​អាច​ឲ្យ​មានការ​កែប្រែ​សេចក្ដីព្រាងច្បាប់​។ លោក ប្រេដ អាដាម បាន​លើកឡើងថា រដ្ឋាភិបាល​ត្រូវ​ចាត់ចែង​ឲ្យ​មាន​ពេលវេលា​គ្រប់គ្រាន់​នឹង​ធានា​ឲ្យ​មានការ​ចូលរួម​ពី​អ្នកពាក់ព័ន្ធ​គ្រប់ភាគី ដើម្បី​បង្ហាញ​ជា​សាធារណៈ​ពី​ការដោះស្រាយ​បញ្ហា​ដែលមាន​នៅក្នុង​សេចក្ដីព្រាងច្បាប់​ស្ដីពី​សហជីព​។

ទាក់ទង​នឹង​បញ្ហា​ខាងលើនេះ កន្លងមក​តំណាង​សហជីព​កម្មករ​ធំៗ​ជាង​២០​ស្ថាប័ន បានរួម​គ្នា​ដាក់​លិខិត​ទៅ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ស្នើសុំ​ជួប​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ពិភាក្សា​ពី​បញ្ហា​ដែលជា​កង្វល់​របស់​សហ​ជីព ប៉ុន្តែ​រហូតមក​ដល់ពេលនេះ នៅ​មិនទាន់មាន​ការឆ្លើយតប​នោះទេ​។ តំណាង​សហជីព​មួយចំនួន​បានលើកឡើង​ថា នៅពេលដែល​សិទ្ធិសេរីភាព​របស់​សហ​ជីព​ត្រូវ​រឹតត្បិត​នោះ អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់ក​ម្មករ និង​ក្រុមគ្រួសារ​របស់​ពួកគេ​ព្រោះ​អី​សហជីព​ជា​អ្នកការពារ​សិទ្ធិ​និង​អត្ថប្រយោជន៍​នានា​របស់​កម្មករ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​រាល់​សំណើរ​របស់​សហជីព​មិន​ត្រូវបាន​រដ្ឋាភិបាល​ប​ញ្ចូ​ល​ទៅក្នុង​សេចក្ដីព្រាងច្បាប់​ឡើយ ហើយ​ចំណុច​ខ្លះ​នៅក្នុង​សេចក្ដីព្រាងច្បាប់​ស្ដីពី​សហជីព​ពុំបាន​ធានា​សិទ្ធិសេរីភាព​សហជីព ដូច​អ្វីដែល​មានចែង​ទទួលស្គាល់​ដោយ​រដ្ឋធម្មនុញ្ញ​និង​អនុសញ្ញា​អន្តរជាតិ​នោះទេ​៕

e4b61084c1373f3c1e3d40e690054b49 12392026_775676739227799_5704814644002406695_n-2015-12-17