ជនជាតិ​យួន​នៅតែ​ចូលមក​កាប់​ឈើ​តាម​ព្រំដែន​ក្នុងស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី

​ប្រជា​សហគមន៍​ជនជាតិដើម​ភាគតិច​ក្នុង​ខេត្តមណ្ឌលគិរី បាន​រិះគន់ថា លោក អេង ប៊ុន​ហ៊ាង ជា​អភិបាលខេត្ត និង​លោក វង់ សុក្រ​សិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ដែល​ទើប​មក​ថ្មី​មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ខុសច្បាប់​យ៉ាង​រាលដាល​នោះទេ​។ តាម​ប្រភពពី​ជនជាតិដើម​ភាគតិច​ក្នុង​ឃុំក្រង​តេះ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ឈើ​ខ្មែរ​ក្នុងព្រៃ​តាម​តំបន់​ព្រំដែន​ជាប់​ព្រំប្រទល់​ខេត្ត​ដាក់​ឡាក់ ប្រទេស​យួន នៅតែ​ត្រូវ​ជនជាតិ​យួន​ចូលមក​លួច​កាប់​តាម​អំពើ​ចិត្ត​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ការដែល​ជនជាតិ​យួន​អាច​ឆ្លងដែន​ខុសច្បាប់​ចូលមក​កាប់​ឈើ​លើ​ទឹកដី​ខ្មែរ គឺមាន​ការ​បើកដៃ​ពី​សមត្ថកិច្ច​ខ្មែរ​តាម​ព្រំដែន​ដែល​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាលខ្លួន​។​

ជនជាតិដើម​ភាគតិច​ក្នុង​ឃុំក្រង​តេះ បាន​ឲ្យ​ដឹងថា ជនជាតិ​យួន​ជា​ក្រុម​ចូលមក​ធ្វើ​សកម្មភាព​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​សហគមន៍​អភិរក្ស​ជាប់​ព្រំដែន ហើយ​ជនជាតិ​យួន​ទាំងនោះ​ដឹកជញ្ជូន​ឈើ​ឆ្លងដែន​ទៅ​ស្រុក​យួន​យ៉ាង​រលូន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ជនជាតិ​យួន​ចូលមក​លួច​កាប់​ឈើ​លើ​ទឹកដី​ខ្មែរ​រយៈពេល​ប្រមាណ​១​ខែ​កន្លងមកហើយ ចាប់ពី​ចំណុច​អូរ​ប្លាយ​រហូតដល់​ព្រំដែន​យួន ហើយ​ប្រជា​សហគមន៍​មិនអាច​ទប់ស្កាត់​បទល្មើស​បានទេ ពីព្រោះ​មាន​គ្នា​តិច​។ ជនជាតិ​យួន​បាន​ប្រើប្រាស់​ត្រាក់ទ័រ​ជាច្រើន​គ្រឿង​សម្រាប់​ចូលមក​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ពី​ទឹកដី​ខ្មែរ​តាម​តំបន់​ព្រំដែន​យ៉ាង​គឃ្លើន​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ជនជាតិ​យួន​តែងតែ​ឆ្លងដែន​ខុសច្បាប់​ចូលមក​កាប់​ឈើ​លើ​ទឹកដី​ខ្មែរ​ជាច្រើន​ករណី ហើយ​ជា​ញឹកញាប់​ប្រជា​សហគមន៍​ចាប់បាន​ជនជាតិ​យួន​ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ចាត់វិធានការ​តាមច្បាប់​ផងដែរ​។ ប៉ុន្តែ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​តែងតែ​ដោះលែង​ជនជាតិ​យួន​ទាំងនោះ ឲ្យ​ត្រឡប់​ទៅ​ស្រុក​វិញ​ដោយ​ពុំមាន​ចំណាត់ការ​តាមច្បាប់​ឡើយ ហេតុនេះហើយ​ទើប​ជនជាតិ​យួន​នៅតែ​គឃ្លើន​ចូលមក​កាប់​ឈើ​លើ​ទឹកដី​ខ្មែរ​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថ​កិច្ចការពារ​ព្រំដែន​ត្រូវបាន​គេ​ដឹងថា ជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ជនជាតិ​យួន​ចូលមក​កាប់​ឈើ​លើ​ទឹកដី​ខ្មែរ​ដើម្បី​ជា​ថ្នូរ​នឹង​លុយកាក់ ហេតុនេះហើយ​ទើប​បទល្មើស​នៅតែ​កើតមាន​យ៉ាង​រាលដាល​គ្មាន​ទីបញ្ចប់​៕

DSC02366លោក អេង ប៊ុនហ៊ាង អភិបាលខេត្តមណ្ឌលគិរី
image