លោក កែប កត់ ឃុបឃិត​ឲ្យ​មាន​បទល្មើស​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ក្រុង​បាន​លុង យ៉ាង​ពេញបន្ទុក​ដដែល​

​លោក កែប កត់ ដែល​ផ្លាស់​ចេញពី​ខេត្តមណ្ឌលគិរី ទៅធ្វើជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ត្រូវ​ប្រជាពលរដ្ឋ​និង​ក្រុម​សង្គម​ស៊ីវិល​រិះគន់ថា មិន​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឲ្យ​ស្របទៅតាម​ការប្ដេជ្ញាចិត្ត​របស់ខ្លួន​នោះទេ​។ ផ្ទុយទៅវិញ​លោក កែប កត់ ត្រូវបាន​គេ​ដឹងថា កំពុងតែ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​ឆ្លងកាត់​ស្រុក​នានា​ចូល​ក្រុង​បាន​លុង យ៉ាង​អនាធិបតេយ្យ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ប្រការនេះ​លោក ឆេង គឹម​សុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់​ទៅលើ​ភាព​អសកម្ម​របស់លោក កែប កត់ ដែល​គិតគូរ​តែ​រឿង​ប្រយោជន៍​ផ្ទាល់ខ្លួន​។

​ប្រភពពី​សកម្មជន​ការពារ​ព្រៃឈើ​បាន​ឲ្យ​ដឹងថា ថ្មីៗ​នេះ​មាន​រថយន្ត​ម៉ាក​ធុន​ដ្រា​១​គ្រឿង ពណ៌​ទឹកប្រាក់​គ្មាន​ស្លាក​លេខ បាន​ផ្ទុក​ឈើ​ប្រណីត​ពេញ​បើកបរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ចេញពី​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី រួច​ឡើងមក​ផ្លូវជាតិ​លេខ​៧៨​ចូល​ក្រុង​បាន​លុង យ៉ាង​រលូន​ដោយ​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ​។ រថយន្ត​ដឹកជញ្ជូន​ឈើ​ប្រណីត​នោះ​ត្រូវបាន​គេ​ដឹងថា បើកបរ​ឆ្លង​កាត់មុខ​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​លំផាត់ ក្រោម​ការគ្រប់គ្រង​រប​ស់លោក ហុង វណ្ណ​រាន ទៀតផង ប៉ុន្តែ​លោក ហុង វណ្ណ​រាន ធ្វើជា​មើលមិនឃើញ​។ ក្នុងនាម​ជា​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ទទួលបន្ទុក​៣​ស្រុក​-​ក្រុង គឺ​ស្រុក​កូន​មុំ ស្រុក​លំផាត់ និង​ក្រុង​បាន​លុង លោក ហុង វណ្ណ​រាន មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ឡើយ ព្រោះ​ខ្លាច​បាត់បង់​ប្រយោជន៍​ផ្ទាល់ខ្លួន​។

​តាម​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ហុង វណ្ណ​រាន បាន​ឲ្យ​ដឹងថា បើ​គ្មាន​ការបើក​ដៃ​ពី​លោក កែប កត់ ទេនោះ​គឺ​លោក ហុង វណ្ណ​រាន ក៏​មិន​ហ៊ាន​បើកផ្លូវ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​ឆ្លង​កាត់មុខ​ស្នាក់ការ​របស់ខ្លួន​យ៉ាង​រលូន​ដែរ​។ ហេតុនេះហើយ​ទើប​បច្ចុប្បន្ន​បទល្មើស​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ចេញពី​ស្រុក​លំផាត់ និង​ស្រុក​កូន​មុំ ឆ្លងកាត់​ក្រុង​បាន​លុង នៅតែ​កើតមាន​យ៉ាង​អនាធិបតេយ្យ​បំផុត ព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជា​អ្នក​បើកដៃ​។ បញ្ហា​នេះ​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ គួរ​ពិនិត្យឡើងវិញ​នូវ​ភាព​អសកម្ម​របស់លោក កែប កត់ និង​បក្ខពួក ព្រោះ​បច្ចុប្បន្ន​ពួកគេ​គឺជា​អ្នក​នៅ​ពីក្រោយ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​៕

dsds-3លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី
W@t-17125