របាយការណ៍៖ ៦២%​នៃ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​កម្ពុជា​ធ្លាប់​រង​ការ​គំរាមកំហែង

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា សម្ពោធ​របាយការណ៍​ស្រាវជ្រាវ​ថ្មី​ស្ដីពី​ស្ថានភាព​នៃ​ការ​ប្រឈម​របស់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា តាម​សាលារៀន​នៅ​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ក្នុង​រាជធានី​ភ្នំពេញ។ របាយការណ៍​នេះ​បង្ហាញ​ថា ការ​សម្លុត​ដល់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នេះ ជា​ចំណុច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា។

របាយការណ៍​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បង្ហាញ​ថា ស្ត្រី​ស្រលាញ់​ស្ត្រី បុរស​ស្រឡាញ់​បុរស អ្នក​ស្រឡាញ់​ភេទ​ទាំង​ពីរ និង​អ្នក​ប្ដូរ​ភេទ ដែល​ជា​រួម​ហៅ​ថា អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា បាន​ជួបប្រទះ​ការ​សម្លុត​នៅ​តាម​សាលារៀន​ក្នុង​ប្រទេស​កម្ពុជា។

​របាយការណ៍​ជា​ភាសា​ខ្មែរ​កម្រាស់ ៥៥​ទំព័រ​នេះ មាន​ចំណងជើង​ថា "ការ​សម្លុត​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​តាម​សាលារៀន​ក្នុង​ប្រទេស​កម្ពុជា"។ របាយការណ៍​នេះ បាន​សម្ភាស​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ចំនួន ២៤៥​នាក់ ក្នុង ១១​ខេត្ត រាជធានី​នៃ​ប្រទេស​កម្ពុជា។

របាយការណ៍​ដដែល​រក​ឃើញ​ថា អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ៦២,៧១% ធ្លាប់​ត្រូវ​បាន​គេ​សម្លុត និង​គំរាមកំហែង ហើយ ៩៣,៥៩% នៃ​អ្នក​ធ្លាប់​គេ​សម្លុត អះអាង​ថា ត្រូវ​គេ​សម្លុត​ដោយសារតែ​ទំនោរ​ភេទ និង​អត្តសញ្ញាណ​យេនឌ័រ។

អ្នក​សម្របសម្រួល​គម្រោង​និន្នាការ​ភេទ និង​អត្តសញ្ញាណ​យេនឌ័រ នៃ​មជ្ឈមណ្ឌល​សិទ្ធិ​កម្ពុជា លោក នួន ស៊ីដារ៉ា ដែល​ធ្វើការ​សិក្សា​ស្រាវជ្រាវ​នេះ ថ្លែង​ថា អ្នក​ដែល​ត្រូវ​គេ​សម្លុត គឺ​មាន​នៅ​ក្រោម​រូបភាព​ផ្សេងៗ៖ «ការ​សម្លុត​គំរាមកំហែង​នៅ​តាម​សាលា​ហ្នឹង វា​មាន​ទ្រង់ទ្រាយ​ជា​ច្រើន ដូច​ជា​ការ​សម្លុត​ដោយ​ពាក្យ​សម្ដី ការ​រុញច្រាន ហើយ​មួយ​ទៀត​ទាក់ទង​នឹង​ការ​ចាក់​សោ​បន្ទប់​ទឹក គឺ​យើង​ឃើញ​ថា មាន​សកម្មភាព​ហ្នឹង (លូក​អង្អែល​រាងកាយ)។ សុទ្ធតែ​ជា​ការ​សម្លុត​គំរាមកំហែង ការ​ប្រមាថ​ទៅ​លើ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ហើយ​មួយ​ទៀត​នោះ ការ​សម្លុត​គំរាមកំហែង​ផ្លូវ​ចិត្ត។ នេះ​មើល​មិន​ឃើញ​មែន តែ​ប៉ះពាល់​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​នៅ​ក្នុង​រូប​រាង​កាយ​របស់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា នៅ​ពេល​គាត់​ទទួល​នូវ​ពាក្យ​សម្ដី​ប្រមាថ ទទួល​នូវ​ការ​ផាត់​ចេញ​ពី​មិត្ត​ភក្តិ»

របាយការណ៍ ស្រលាញ់​ភេទ​ដូច​គ្នា ៦២០
របាយការណ៍​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បង្ហាញ​អំពី​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ទទួល​រង​ការ​សម្លុត​ក្រោម​ទម្រង់​ផ្សេងៗ។ រូបថត​ថ្ងៃ​១៧ ធ្នូ ឆ្នាំ​២០១៥។ RFA/San Sel

 

របាយការណ៍​នេះ​ក៏​បាន​រក​ឃើញ​ថា អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​កម្ពុជា ១៦,៦៧% អះអាង​ថា ធ្លាប់​រង​ការ​គំរាមកំហែង​ពី​សំណាក់​គ្រូបង្រៀន​របស់​ពួកគេ។ របាយការណ៍​ក៏​គូស​បញ្ជាក់​ថា ដោយសារ​ការ​សម្លុត អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ១២,៨២% នៃ​អ្នក​ដែល​ត្រូវ​បាន​សម្ភាស​ក្នុង​របាយការណ៍​នេះ បាន​បោះបង់​ការ​សិក្សា​នៅ​ថ្នាក់​វិទ្យាល័យ។

របាយការណ៍​នេះ ក៏​ឲ្យ​ដឹង​ដែរ​ថា អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ដែល​ធ្លាប់​រង​ការ​សម្លុត ឬ​សើចចំអក​ដោយសារតែ​អត្តសញ្ញាណ​ភេទ​អះអាង​ថា វា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សតិអារម្មណ៍ និង​មាន​បញ្ហា​ផ្លូវ​ចិត្ត ដែល​ខ្លះ​ត្រូវ​បាន​រាយការណ៍​ថា បាន​ប៉ុនប៉ង​ធ្វើ​អត្តឃាត។

មន្ត្រី​ផ្នែក​តស៊ូ​មតិ​នៃ​សហគមន៍​ឥន្ទធនូ​កម្ពុជា (ROCK) និង​ជា​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា លោក សាយ សៀកឡាយ ប្រាប់​ថា លោក​ក៏​ធ្លាប់​ត្រូវ​គេ​សើចចំអក​ដោយសារ​តែ​លោក​ស្រឡាញ់​មនុស្ស​ភេទ​ដូចគ្នា​កាល​ពី​លោក​នៅ​រៀន៖ «នៅ​ពេល​ហ្នឹង ខ្ញុំ​ចង់​គេច​ម៉ោង​គ្រូ​ហ្នឹង​តែម្ដង។ ខ្ញុំ​ឲ្យ​តែ​ឃើញ​គ្រូ​ហ្នឹង ខ្ញុំ​ខ្លាច។ ខ្ញុំ​ដឹង​ថា ជួប​គាត់ គាត់​ដឹង​តែ​និយាយ​សើចចំអក​ខ្ញុំ​មុខ​មិត្តភ័ក្ដិ​ទៀត​ហើយ។ អ៊ីចឹង​ពេល​ខ្លះ​ខ្ញុំ​ចង់​ឈប់​រៀន​ម៉ោង​លោកគ្រូ​ហ្នឹង»

​នៅ​ចុង​បញ្ចប់​នៃ​ការ​សិក្សា​ស្រាវជ្រាវ​នេះ របាយការណ៍​បាន​ផ្ដល់​អនុសាសន៍​ថា គ្រឹះស្ថាន​អប់រំ​នៅ​កម្ពុជា គួរ​ជា​អ្នក​មាន​តួនាទី​ឈាន​មុខ​គេ ដើម្បី​លើកកម្ពស់​វប្បធម៌​នៃ​ការ​ទទួល​យក និង​ការ​អត់ឱន​ដល់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ហើយ​រដ្ឋាភិបាល​កម្ពុជា គួរ​ចាត់​វិធានការ​ជា​បន្ទាន់ ដោយ​ដាក់​ចេញ​នូវ​ច្បាប់​ប្រឆាំង​នឹង​ការ​រើសអើង​យេនឌ័រ។

ឆ្លើយ​តប​នឹង​របាយការណ៍​នេះ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា មាន​វិធានការ និង​ច្បាប់​ការពារ​ប្រជាជន​គ្រប់​និន្នាការ​ភេទ​ទាំង​អស់៖ «ដូច្នេះ​បើ​យើង​និយាយ​ពី​ជំហរ​រដ្ឋាភិបាល យើង​បាន​ពន្យល់ យើង​បាន​ចាត់វិធានការ​តាម​អ្វី​ដែល​ជា​កាតព្វកិច្ច​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ធានា​នូវ​សិទ្ធិ​សេរីភាព និង​កិត្តិយស​មនុស្ស មិន​ថា អ្នក​នោះ​ទេ​ភេទ​អី​ទេ»។

​ក្រសួង​ព័ត៌មាន កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ បាន​ចេញ​សេចក្ដី​ណែនាំ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ ពិសេស​ពិធីករ ពិធីការិនី និង​អ្នក​សិល្បៈ គួរ​ឈប់​និយាយ​សើច​ចំអក​ដល់​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ដើម្បី​ច្បាម​យក​ប្រជាប្រិយភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។