សហគ្រាស ផលិតឱសថ ប៉េប៉េអឹម ជំរុញការបង្កើត គំនិតច្នៃប្រឌិត លើកម្ពស់ វិស័យសុខាភិបាល នៅកម្ពុជា

ភ្នំពេញ៖សហគ្រាសផលិតឱសថប៉េ ប៉េ អឹមដែលជាសហគ្រាសផលិតឱសថ ដ៏ល្បីល្បាញមួយនៅកម្ពុជា ក្នុងឱកាសគម្រប់ខួប ៥៦ឆ្នាំ នៃការបង្កើតឱសថ គីណាល់នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥នេះ បានជំរុញឲ្យមានការបង្កើត គំនិតច្នៃប្រឌិតថ្មីៗ ដើម្បីលើកកម្ពស់ វិស័យសុខាភិបាល និងឱសថនៅកម្ពុជា ខណៈដែលខ្លួនបានប្រកាសអំពីភាពជោគជ័យនៃឱសថ គីណាល់ដែលដណ្តើម បានទីផ្សារជាង ២០ប្រទេសលើពិភពលោក។

លោកឧកញ៉ា ហៃ លីអ៊ាង ប្រធានអគ្គនាយក សហគ្រាសផលិតឱសថ ប៉េប៉េអឹម បានថ្លែងនៅក្នុងពិធី អបអរសាទរខួប ៥៦ឆ្នាំ នៃការផលិតឱសថ គីណាល់ និងការប្រគល់រង្វាន់ គីណាល់ដល់និស្សិត ដែលទទួលជ័យលាភី ខាងសរសេរអត្ថបទ ស្រាវជ្រាវបានល្អ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ ថា “ខ្ញុំធ្វើការសង្កត់ធ្ងន់ ទៅលើគំនិតច្នៃប្រឌិតថ្មីៗ (Innovation) ដើម្បីការអភិវឌ្ឍន៍ វិស័យឱសថ វិស័យសុខាភិបាល និងការអភិវឌ្ឍន៍គ្រប់ ផ្នែកសម្រាប់កម្ពុជា នៅពេលអនាគត។ ឱសថគីណាល់គឺជានិមិត្តរូបនៃគំនិតច្នៃប្រឌិត ដែលបានព្យាបាលការឈឺចាប់ និងសង្គ្រោះជីវិតមនុស្សជាច្រើនលាននាក់ នៅក្នុងប្រទេសកម្ពុជា និងនៅប្រទេសជាង២០ទៀត នៅក្នុងពិភពលោក”។

លោកឱសថបណ្ឌិត ហៃ លីអ៊ាង បានបន្ថែមថា ឱសថគីណាល់ ត្រូវបានបង្កើតឡើង ដោយលោកឱសថបណ្ឌិត កុក សុខគីម ជាកុលបុត្រខ្មែរ កាលពីថ្ងៃទី ១៨ ខែ ធ្នូឆ្នាំ ១៩៦០។ អស់រយៈពេលជាងកន្លះសតវត្ស កន្លងមកនេះ ឱសថគីណាល់ បានព្យាបាលការ ឈឺចុកចាប់ និងគ្រុនក្ដៅទាំង មនុស្សចាស់ និងក្មេងរាប់លាននាក់ នៅលើពិភពលោក ជាពិសេសនៅតាមបណ្ដា ប្រទេសកំពុងអភិវឌ្ឍ។ ទោះបីជាមានការអាក់ខានផលិត និងចែកចាយឱសថនេះ ក្នុងរបបខ្មែរក្រហម និងក្នុងសម័យសង្គ្រាមស៊ីវិលក្នុងប្រទេសកម្ពុជា ក៏ឱសថគីណាល់នៅតែបន្តការផលិត និងចែកចាយនៅ ក្នុងបណ្ដាផ្សេងៗ នៅទ្វីបអាហ្វ្រិក ដែលទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់។

គួរបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ ឱសថគីណាល់មានការរីកចម្រើន ដោយបានផលិតចេញជា៧ប្រភេទ និងចែកចេញជា១៥ទម្រង់ ផលិតផលផ្សេងគ្នាដែលមានប្រសិទ្ធភាពព្យាបាល ទៅតាមកម្រិត នៃការឈឺចុកចាប់ខុសៗគ្នា ដូចជា KINAL សម្រាប់ការឈឺចុកចាប់ធម្មតា, KINAL IBUសម្រាប់ការឈឺចុកចាប់ និងហើមខ្លាំង, KINAL CODEINE, KINALVIC, និងKINALDOL សម្រាប់ការឈឺចុកចាប់ខ្លាំង កម្រិតទី២, KINALសុលសម្រាប់ក្មេង, KINAFON សម្រាប់បំបាត់ការឈឺ ចុកចាប់ដោយការកន្រ្តាក់ និងចុងក្រោយ KINAL Alcool de Menthe សម្រាប់ប្រើប្រាស់ ពេលមានអាការៈ ឈឺក្បាល ធីងធោង ដូចជាពុលរថយន្ត និង សម្រួលខ្លួនប្រាណពេលស្ត្រីឆ្លងទន្លេរួច៕

សហគ្រាស ផលិតឱសថ ប៉េប៉េអឹម ជំរុញការបង្កើត គំនិតច្នៃប្រឌិត លើកម្ពស់ វិស័យសុខាភិបាល នៅកម្ពុជា

សហគ្រាស ផលិតឱសថ ប៉េប៉េអឹម ជំរុញការបង្កើត គំនិតច្នៃប្រឌិត លើកម្ពស់ វិស័យសុខាភិបាល នៅកម្ពុជា