នាយករដ្ឋមន្រ្តីថៃ ទទួលស្វាគមន៍ សម្តេចតេជោ ហ៊ុន សែន នៅទីក្រុងបាកក

ភ្នំពេញ៖ តាមការគ្រោងទុក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើដំណើរដល់ទីក្រុងបាកក ប្រទេសថៃហើយ គិតមកត្រឹមព្រឹកថ្ងៃទី ១៨ធ្នូនេះ ដោយគេសង្កេត ឃើញមាននាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ច័ន្ទអូចាបានអញ្ជើញមកទទួលស្វាគមន៍ សម្តេចតជោដោយផ្ទាល់ ដើម្បីបង្ហាញចំណងមិត្តភាពរវាងប្រទេសទាំងពីរ។

យោងតាមបណ្តាញសង្គមហ្វេសប៊ុក របស់សម្តេចតេជោ ហ៊ុន សែន បានសសេរផ្ញើរជនរួមជាតិថា “បងប្អូនជនរួមជាតិជាទីស្រឡាញ់ ! ពេលនេះខ្ញុំមកដល់ទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃ ដើម្បី ទស្សនកិច្ចផ្លូវការផង និង ប្រជុំគណៈរដ្ឋមន្ត្រី នៃប្រទេសទាំងពីរផង។ ទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោល បំណងពង្រឹងចំណងទាក់ទង រវាងប្រទេសទាំងពីរលើគ្រប់វិស័យ ដែលនឹងផ្តល់ឲ្យប្រជាជនទាំងសង ខាងទទួលបានផលប្រយោជន៍ពីទំនាក់ទំនងដ៏ល្អនេះ”។

សម្តេចមានប្រសាសន៍ថា “សូមអរគុណចំពោះបងប្អូនជនរួមជាតិ ដែលតែងផ្តល់នូវការគាំទ្រ ចំពោះ នយោបាយទាំងក្នុងប្រទេស និងក្រៅប្រទេសរបស់ខ្ញុំ ក្នុងឋានះជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជាកន្លងមក”។

សូមជម្រាបថា តាមការប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន និងលោក ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្រ្តីថៃ នឹងអញ្ជើញជាសហប្រធាន កិច្ចប្រជុំគណៈរដ្ឋមន្រ្តីចម្រុះ កម្ពុជា-ថៃ លើកទី២ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥។ កិច្ចប្រជុំនេះ ធ្វើឡើង ដើម្បីពិនិត្យបញ្ហានយោបាយ និងសន្តិសុខ សេដ្ឋកិច្ច សង្គម វប្បធម៌ និងអប់រំ។

ក្នុងនោះភាគីទាំងពីរនឹងចុះហត្ថលេខា ស្តីពីសេចក្តីថ្លែងការណ៍រូម នៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តីចំរុះកម្ពុជាថៃ លើកទី២ អនុស្សារណៈ នៃការយោគយល់ស្តីពីការអភិវឌ្ឍន៍ ច្រកទ្វារអន្តរជាតិស្ទឹងបត់-ណងអៀន អនុស្សារណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការ វិស័យការងារ កិច្ចព្រមព្រៀងស្តីពីការប្រើ ប្រាស់កំលាំងពលករ និងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការ រវាងក្រុមប្រឹក្សាធុរៈកិច្ចកម្ពុជាថៃ និងក្រុមប្រឹក្សាធុរៈកិច្ចថៃកម្ពុជា៕

នាយករដ្ឋមន្រ្តីថៃ ទទួលស្វាគមន៍ សម្តេចតេជោ ហ៊ុន សែន នៅទីក្រុងបាកក