CPP គ្រោង​ធ្វើ​មហាសន្និបាត​ដាក់​ផែនការ​បោះឆ្នោត​ឆ្នាំ ២០១៨ ក្រោយ​ថ្ងៃ ៧ មករា​

​គណបក្ស​ប្រជាជន​កម្ពុជា គ្រោង​នឹងធ្វើ​មហាសន្និបាត​វិសាមញ្ញ​បក្ស​ទូទាំងប្រទេស​នៅក្រោយ​ថ្ងៃទី ៧ មករា ឆ្នាំ ២០១៦ ខាងមុខនេះ​។

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មិនទាន់​អាច​បញ្ជាក់ថា មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​ណា​ឲ្យ​ពិតប្រាកដ​ឡើយ ហើយ​លោក​ក៏​មិនទាន់​អាច​និយាយបាន​ថា មហាសន្និបាត​នេះ នឹង​ការផ្លាស់ប្តូរ ឬ​បន្ថែម​សមាជិក​គណៈកម្មាធិការ​កណ្តាល​ដូច​ឆ្នាំមុន​ដែរ​។​« ថ្ងៃ​ធ្វើ​មហាសន្និបាត ខ្ញុំ​គ្រាន់តែ​បានដឹងថា នឹងធ្វើ​ឡើង​ក្រោយ​ថ្ងៃបុណ្យ ៧ មករា ពីរ​បី​ថ្ងៃ​។ មហាសន្និបាត​នេះ ជាទូទៅ​ពិនិត្យមើល​របា​យ​ការណ៍ ដើម្បី​ដាក់​គោលដៅ​សម្រាប់​ការបោះឆ្នោត​ឆ្នាំ ២០១៨ »​។ នេះ​ជាការ​បញ្ជាក់​របស់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ខាងលើ​។

​សូម​រម្លឹកថា កាលពី​មហាសន្និបាត​គណបក្ស​ប្រជាជន​កម្ពុជា ថ្ងៃទី ៣០ ខែមករា ដល់​ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០១៥ កន្លងទៅ​ គណបក្ស​នេះ បានសម្រេច​បញ្ចូល​សមា​ជិ​ក​គណៈកម្មាធិការ​កណ្តាល​ថ្មី​ចំនួន ៣០០ រូប​បន្ថែម​លើ​សមាជិក​ដែលមាន​ស្រាប់​ចំនួន ២៦០ នាក់​៕