​អាជ្ញាធរ​ជាតិ​អប្សរា​បូមទឹក​បញ្ចូល​ស្រះ​មុខ​អង្គរ ដើម្បី​បង្កើន​ភាពស្រស់ស្អាត និង​ទាក់ទាញ​ភ្ញៀវ​ទេ​ចរណ៍​

សៀមរាប: ​ដោយសារ​រដូវវស្សា​ឆ្នាំនេះ​មាន​ភ្លៀង​ធ្លាក់​មិន​គ្រប់គ្រាន់ បានធ្វើឱ្យ​ទឹក​ក្នុង​ស្រះ​ប្រុស ស្រះស្រី​មុខ​អង្គរវត្ត​នា​រដូវប្រាំង​ស្រក ខ្វះ បាត់បង់​ភាពស្រស់ស្អាត​។ ដូច្នេះ​ដើម្បី​រក្សា​ទឹក​ឱ្យ​នៅមាន​ដូច​រដូវវស្សា​និង​ធ្វើឱ្យ​ស្រះ​មាន​សោភ័ណភាព​ស្រស់បំព្រង​ឡើងវិញ នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បូមទឹក​ពី​កសិណ​មក​បញ្ចូល​ស្រះ​ទាំងពីរ​នេះ​កាលពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥​។​

​តាម​ការបញ្ជាក់​ពី​លោក ឡុង កុសល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រាប់ថា ចំពោះ​ស្រះស្រី​ដែលមាន​ទឹក​ស្រាប់ គឺ​ត្រូវ​ប្រើពេល​១​អាទិត្យ​ទើប​អាច​បញ្ចូល​ទឹក​ពេញ ចំណែក​ស្រះ​ប្រុស​ដែល​គ្មាន​ទឹក​នោះ ត្រូវ​ប្រើពេល​ជាង​១០​ថ្ងៃ​ទើប​រួចរាល់​។ លោក​បន្តទៀតថា ស្រះ​ទឹក​ទាំង​គូ​នេះ​ក្រៅពី​លម្អ​ប្រាសាទ​ហើយ វា​ជា​កន្លែង​ចាប់អារម្មណ៍​បំផុត​សម្រាប់​ទេសចរ​ក្នុងការ​ផ្តិត​យក​រូបភាព​ដ៏​ស្រស់ត្រកាល​នៃ​ប្រាសាទអង្គរវត្ត​ក្នុង​ផ្ទៃ​ទឹក​។​

​លោក កុសល ក៏​បញ្ជា​ក់ទៀត​ដែរ​ពី​បញ្ហា​រីងស្ងួត​នៃ​ទឹកស្រះ​ទាំងពីរ គឺ​បណ្តាលមកពី​ភ្លៀង ធ្លាក់​តិចតួច​នា​រដូវវស្សា ទើប​ធ្វើឱ្យ​កសិណ​ទឹក​ស្រក​និង​ស្រះ​រីង​ទឹក ប៉ុន្តែ​បច្ចុប្បន្ន​ក្រុមការងារ​គ្រប់គ្រង​ទឹក​ក៏បាន​បើកទឹក​ពី​ខាងលើ​បញ្ចូលមក​កសិណ​ទឹក​ដែរ ហើយ​បើក​សិណ​មានទឹក​ពេញ ស្រះ​ទាំងពីរ​នេះ​មិន​រីង​ទឹក​ទេ ព្រោះ​វា​មាន​ទំនាក់ទំនង​ប្រព័ន្ធ​ផ្លូវទឹក​ជាមួយគ្នា​។ តែដោយសារ​មិន ចង់​រង់ចាំ​យូរ​និង​ត្រូវ​សង្គ្រោះ​ស្រះ​ឱ្យទាន់​ពេលវេលា ទើប​អាជ្ញាធរ​ជាតិ​អប្សរា​ចាត់ការ​បូមទឹក​បញ្ចូល​ភ្លាមៗ​ឱ្យទាន់​សភាព​ការ​តែម្តង​។​

​ចំពោះ​កិច្ចការ​ទាំងនេះ មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​ជប៉ុន លោក សេង ចំរើន បាន​សម្តែង​ក្តី​ត្រេកអរ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​យកចិត្តទុកដាក់​កែប្រែ​សោភ័ណភាព​ស្រះ​មុខ​អង្គរ​ឱ្យមាន ភាពស្រស់ស្អាត​ឡើងវិញ ដោយ​បូមទឹក​ពី​កសិណ​មក​បញ្ចូល​។ ពេល​មក​ទស្សនា​អង្គរវត្ត ក្រៅពី​មើល​ប្រាង្គ​ប្រាសាទ​ដ៏​ល្អឥតខ្ចោះ​នោះ ទេសចរ​គ្រប់រូប​តែង​ផ្តោត​សំខាន់​លើ​ស្រះ​ទាំង​គូ ពិសេស ស្រះស្រី ព្រោះ​ជា​កន្លែង​ថតរូប​ដ៏​ល្អ​បំផុត ដែល​ធ្វើឱ្យ​ពួកគាត់​រំភើប​ចំពោះ​ស្រមោល​រូប​កំពូល​ប្រាសាទអង្គរវត្ត​ទាំង​១០​យ៉ាង​ស្អាត​នៅក្នុង​ផ្ទៃ​ទឹក​។ បើ​គ្មាន​ទឹកស្រះ​នេះ​ទេ វា​ហាក់ដូចជា​បាត់​ភាព សំខាន់​នៃ​គោលដៅ​ទេសចរណ៍​ផងដែរ​ក្នុងការ​មក​ទស្សនា​ទីនេះ​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់ លោក ចំរើន​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៥ អាជ្ញាធរ​ជាតិ​អប្សរា បូមទឹក​បញ្ចូល​ក្នុង​ស្រះ​នៃ​ប្រាសាទអង្គរវត្ត​ដោយសារតែ​ទឹកបាន​រីង​កោ​គរាក់​ស្ទើរតែ​ជិត​អស់ពី​ក្នុង​ស្រះ​។ អ្នកខ្លះ​ថា អាជ្ញាធរ​ក៏​គួរតែ​ស្តារ​ស្រះ​ទឹក​នោះ ឲ្យ​ជ្រៅ​បន្តិច ហើយក៏​ត្រូវ​រៀបចំ​ច្រាំង​ឲ្យ​ស្អាត និង​សំអាត​សំរាម​ជាប្រចាំ​ផងដែរ​៕

​អាជ្ញាធរ​ជាតិ​អប្សរា​បូមទឹក​បញ្ចូល​ស្រះ​មុខ​អង្គរ ដើម្បី​បង្កើន​ភាពស្រស់ស្អាត និង​ទាក់ទាញ​ភ្ញៀវ​ទេ​ចរណ៍​
​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បូមទឹក​ពី​កសិណ​មក​បញ្ចូល​ស្រះ​ទាំងពីរ​នេះ​កាលពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥

​អាជ្ញាធរ​ជាតិ​អប្សរា​បូមទឹក​បញ្ចូល​ស្រះ​មុខ​អង្គរ ដើម្បី​បង្កើន​ភាពស្រស់ស្អាត និង​ទាក់ទាញ​ភ្ញៀវ​ទេ​ចរណ៍​
ស្រះទឹកមុខប្រាសាទអង្គរវត្ត នៅថ្ងៃទី២២មេសាឆ្នាំ២០១៥