លោក សួន សេរី​រដ្ឋា គ្រោង​ប្តឹង​ទារ​សំណង​ជំងឺ​ចិត្ត​៥០០​លាន​រៀល ពី​លោក ហោ ណាំហុង

រាជធានី​ភ្នំពេញ​៖​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​លោក ​សួន ​សេរីរដ្ឋា បាន​បញ្ជាក់ថា លោក​នឹងដាក់​ពាក្យ​ប្តឹង ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ចន្ទ សប្តាហ៍​ក្រោយនេះ ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត ៥០០​លាន​រៀល ជុំវិញ​ការបរិហារកេរ្តិ៍​លើ​គណបក្ស​អំណាច​ខ្មែរ​។​លោក​ថ្លែង​បែបនេះ​នៅក្នុង​សន្និសីទកាសែត​នា​ព្រឹក​ថ្ងៃទី​១៨ ​ខែធ្ នូ​ឆ្នាំ​២០១៥នេះ​។ 

​គម្រោង​ប្តឹង​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ពី​សំណាក់​លោក សួន សេរី​រដ្ឋា បាន​ធ្វើឡើង​ក្រោយពេល​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​ហៅ​លោក សួន សេរី​រដ្ឋា និង​បក្ខពួក​ថា​ជា «​ក្រុម​ភេរវកម្ម​» កាលពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៥ បន្ទាប់ពី​ជួប​ឯកអគ្គរដ្ឋទូត​អាមេរិក​។ 

​លោក សួន សេរី​រដ្ឋា បានបញ្ជាក់​បន្ថែមថា សំណង​ជំងឺ​ចិត្ត​នេះ លោក​នឹង​យកទៅ​ធ្វើ​កិច្ចការ​មនុស្សធម៌ ដោយ​ឧបត្ថម្ភ​ថវិកា​ទាំង អស់​ទៅដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​តែម្តង​។ ដោយឡែក​មេធាវី​របស់​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង គឺ​លោក កា សា​វុ​ត្ថ បាន​សម្តែង​ការស្វាគមន៍ បើសិនជា លោក សួន សេរី​រដ្ឋា សម្រេច​ប្តឹង​អំពី​រឿងនេះ​មែន​។ លោក​ថា បើ​ពិនិត្យមើល​ផ្លូវច្បាប់ លោក ហោ ណាំហុង នឹងមិន​មានទោស​នោះទេ ដោយសារតែ​លោក​និយាយ​ទៅតាម​សាលក្រម និង​សាលដីកា​របស់​តុលាការ ដែល​សម្រេច​ឱ្យ​លោក​សួន សេរី​រដ្ឋា និង​បក្ខពួក​៣​នាក់​ជា​ទណ្ឌិត​ក្នុង​ទោស​ក្បត់ជាតិ​មុនពេល​ព្រះមហាក្សត្រ​លើកលែងទោស​៕

លោក សួន សេរី​រដ្ឋា គ្រោង​ប្តឹង​ទារ​សំណង​ជំងឺ​ចិត្ត​៥០០​លាន​រៀល ពី​លោក ហោ ណាំហុង