តម្លៃ​ប្រេង​ថយ​ចុះ​នឹង​មិន​ប៉ះពាល់​ដល់​ថវិកា​ឆ្នាំ​2015 របស់​វៀតណាម​ឡើយ

ប្រទេស​វៀតណាម ៖ អនុរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ លោក Do Hoang Anh បាន​ថ្លែង​ថា ៖ « ការ​ថយ​ចុះ​នៃ​តម្លៃ​ប្រេង​ឆៅ​លើ​សកលលោក មក​នៅ​ត្រឹម​៣៦​ដុល្លារ​ក្នុង​មួយ​បារ៉ែល​ក្នុង​ការ​ជួញដូរ​នា​ពេល​អនាគត​នោះ នឹង​មិន​ប៉ះពាល់​ដល់​ចំណូល​ថវិកា​ឆ្នាំ​២០១៥ របស់​វៀតណាម​ឡើយ » ។

លោក​មាន​ប្រសាសន៍​បន្ត​ថា ៖ « ចំណូល​ថវិកា​ឆ្នាំ​នេះ​មាន​ចំនួន​លើស​ទិស​ដៅ​ទៅ​ទៀត ដែល​នឹង​សម្រេច​បាន​ក្នុង​ចន្លោះ​ពី​៦៥​ទ្រី​លាន​ដុ​ង និង​៦៦​ទ្រី​លាន​ដុ​ង (២,៩​ប៊ី​លាន​ដុល្លារ​) រាប់​បញ្ចូល​៦% បាន​មក​ពី​ចំណូល​នៃ​ការ​នាំ​ចេញ​ប្រេង ។ ចំណូល​ពន្ធ​ដែល​ទទួល​បាន​ពី​ការ​នាំ​ចេញ​ប្រេង​ឆៅ​បច្ចុប្បន្ន មិន​ស្មើនឹង​មួយ​ចំណែក​ធំ​នៃ​ចំណូល​ពន្ធ​សរុប​កាលពី​៥​ឆ្នាំ ទៅ​១០​ឆ្នាំ​មុន​ឡើយ » ។

លោក​បញ្ជាក់​ថា ៖ « ក្រសួង​ហិរញ្ញវត្ថុ​បាន​វាយតម្លៃ​ពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ទៅ​លើ​ករណី​នីមួយ​ៗ​ថា តម្លៃ​ប្រេង​ឆៅ​មាន​តម្លៃ​ស្មើនឹង​៦០​ដុល្លារ​, ៥០​ដុល្លារ​, ៤៥​ដុល្លារ​, ៣៥​ដុល្លារ ឬ​៣០​ដុល្លារ​ក្នុង​មួយ​បារ៉ែល » ។

នៅ​ឆ្នាំ​២០១៦​ខាង​មុខ​នេះ វៀតណាម​នឹង​នាំ​ចូល​សាំង និង​ប្រេង​ក្នុង​បរិមាណ​១២,៥​លាន​តោន​ទៅ​១៣​លាន​តោន ហើយ​ប្រសិនជា​តម្លៃ​ប្រេង​ឆៅ​លើ​ពិភពលោក​នៅ​តែ​ស្ថិត​ក្នុង​ហាងឆេង​៣៦​ដុល្លារ​ក្នុង​មួយ​បារ៉ែល​ដដែល​នោះ វៀតណាម​នឹង​សន្សំ​សំចៃ​បាន​ចន្លោះ​ពី​២​ប៊ី​លាន​ដុល្លារ និង​២,១​ប៊ី​លាន​ដុល្លារ ។

លោក​អនុរដ្ឋមន្ត្រី ថ្លែង​ថា ៖ « ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង​នេះ​បណ្តាល​ឱ្យ​តម្លៃ​ធ្លាក់​ថ្លៃ​ក្នុង​ការ​ដាក់​បញ្ចូល​ក្នុង​ផលិតកម្ម ដូច្នេះ​ផលិតកម្ម និង​ការ​ប្រកប​ជំនួញ​របស់​សហគ្រាស​នានា ក៏​ដូច​ជា​ពលរដ្ឋ​វៀតណាម​ផង​ដែរ​នឹង​បាន​ប្រសើរ​ឡើង ដោយសារ​ការ​កើនឡើង​នៃ​ចំណូល​ពន្ធ​ពី​សេដ្ឋកិច្ច​ក្នុងស្រុក » ។

ចំណែក​លោក Luong Van Khoi ប្រធាន​នាយកដ្ឋាន​សេដ្ឋកិច្ច​ពិភពលោក ក្រោម​ចំណុះ​ក្រសួងផែនការ និង​វិនិយោគ ថ្លែង​ថា ៖ « រដ្ឋាភិបាល និង​ធនាគារ​រដ្ឋ​វៀតណាម គួរតែ​ប្រតិបត្តិ​ដោយ​យកចិត្តទុកដាក់​តាម​ការ​ចុះថ្លៃ​នៃ​តម្លៃ​ប្រេង​ឆៅ​ពិភពលោក និង​គោលនយោបាយ​នៅ​តាម​បណ្តា​ប្រទេស​នានា​ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​វៀតណាម និង​ធានា​បាន​នូវ​កែតម្រូវ​ដោយ​សម​ហេតុផល​សម្រាប់​អត្រា​ប្តូរ​ប្រាក់ » ។

ពួក​គេ​គួរតែ​រឹត​បន្តឹង​ទៅ​លើ​គោលនយោបាយ​រូបិយ​វត្ថុ​ក្នុង​ការ​ផ្សព្វផ្សាយ​កំណើនសេដ្ឋកិច្ច និង​កាត់​បន្ថយ​តម្លៃ​សាំង​លើ​ទីផ្សារ​ក្នុងស្រុក ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​កំណើន​ផលិតកម្ម និង​ការ​កែទម្រង់​ប្រព័ន្ធ​ពន្ធ​ដើម្បី​ធានា​នូវ​ចំណូល ឬ​ការ​ទូទាត់​ចំណូល​ពន្ធ​ដែល​មាន​កម្រិត​ទាប​ជាង​មុន ដោយសារ​ការ​កាត់​បន្ថយ​តម្លៃ​ប្រេង​លើ​ពិភពលោក ។

វៀតណាម​នឹង​ផ្សព្វផ្សាយ​ការ​ធ្វើ​រចនាសម្ព័ន្ធ​នៃ​សេដ្ឋកិច្ច​របស់​ខ្លួន រួម​មាន ការ​កែទម្រង់​គ្រឹះស្ថាន​សម្រាប់​លក្ខខណ្ឌ​ដែល​អាច​អនុគ្រោះ​សម្រាប់​កំណើនសេដ្ឋកិច្ច ៕