តម្លៃ​សាំង​កូរ៉េ​ខាងត្បូង​នៅ​តែ​ថ្លៃ បើ​ទោះជា​ហាងឆេង​ប្រេង​ធ្លាក់​ចុះ​ក៏​ដោយ

ប្រទេស​កូរ៉េ​ខាងត្បូង ៖ អ្នកធ្វើការ​ក្នុង​ការិយាល័យ​ម្នាក់​រស់នៅ​តំបន់​ភាគ​ខាងកើត​ទីក្រុង​សេ​អ៊ូ​ល លោក Lee Tae-hoo មើលឃើញ​ថា តម្លៃ​ប្រេង​នៅ​លើ​ពិភពលោក​មាន​អត្រា​ចុះថោក​ទៅ​ហើយ ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​លោក​បើករ​ថយ​ន្ត​ទៅ​ធ្វើការ​ជា​រៀងរាល់ថ្ងៃ​នោះ បែរជា​តម្លៃ​សាំង​ធម្មតា​មាន​ហាងឆេង​ក្នុង​រង្វង់​១,២៣​ដុល្លារ​ក្នុង​មួយ​លី​ត្រ​ទៅ​វិញ វា​ហាក់​ជះ​ឥទ្ធិពល និង​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង​នៅ​តាម​បណ្តា​ប្រទេស​ដទៃ​ទៀត​តិចតួច​បំផុត ។

លោក Lee Tae-hoo ស្ថិត​ក្នុង​ចំណោម​ជនជាតិ​កូរ៉េ​ម្នាក់ ដែល​មាន​ច​ម្ង​ល់​ថា ហេតុ​អ្វី​បានជា​តម្លៃ​សាំង​ក្នុងស្រុក មិន​ធ្លាក់​ថ្លៃ​តាម​តម្លៃ​ប្រេង​នៅ​លើ​ពិភពលោក​ដែល​ធ្លាក់​ថ្លៃ​នោះ ។

បន្ទាប់​ពី​មានការ​សម្រេចចិត្ត​ដោយ​អង្គការ​ប្រេង​ពិភពលោក OPEC ថា មិន​កាត់​បន្ថយ​ផលិតកម្ម​ប្រេង​ក្នុង​ចំណោម​ចំនួន​ដ៏​ច្រើន​ហួសប្រមាណ​នៅ​លើ​ពិភពលោក​នោះ គេ​សង្កេត​ឃើញ​ថា តម្លៃ​ប្រេង​ឆៅ​នៅ​ក្រុង​ឌូ​បៃ បាន​ធ្លាក់​ចុះ​មក​នៅ​រង្វង់​៣៥%​ក្នុង​មួយ​បារ៉ែល គឺ​ធ្លាក់​ពី​ហាងឆេង​៦៦​ដុល្លារ​ក្នុង​មួយ​បារ៉ែល កាលពី​ខែធ្នូ ឆ្នាំ​២០១៤ ។

យោង​តាម​ហាងឆេង​ក្រុមហ៊ុន​ប្រេង​ជាតិ​របស់​កូរ៉េ Opinet គឺ​គិត​ចាប់ពី​ថ្ងៃ​អង្គារ តម្លៃ​សាំង​ធម្មតា​ក្នុង​ប្រទេស​កូរ៉េ ស្ថិត​ក្នុង​អត្រា​១.៤៣៣,១​វ៉ុ​ន​ក្នុង​មួយ​លី​ត្រ ដែល​ធ្លាក់​ថ្លៃ​បន្តិច​ប៉ុណ្ណោះ បើ​ធៀប​នឹង​អត្រា​១.៧០០​វ៉ុ​ន​ក្នុងអំឡុងពេល​ដូច​គ្នា​កាលពី​ឆ្នាំទៅ ។

ម្យ៉ាងទៀត នៅ​ពេល​តម្លៃ​ប្រេង​លើ​ពិភពលោក​ធ្លាក់​ចុះ​ច្រើន​ជាង​៤០% តម្លៃ​សាំង​របស់​កូរ៉េ​បាន​ធ្លាក់​ចុះ​ក្នុង​កម្រិត​យឺត​ជាង​មុន ឬ​ស្មើនឹង​១៥,៧% ប៉ុណ្ណោះ ។

ខណៈ​មានការ​ទទួលស្គាល់​ថា តម្លៃ​សាំង​ក្នុងស្រុក​មាន​អត្រា​ខ្ពស់​ជាង​ការ​រំពឹង​ទុក​នោះ បណ្តា​ក្រុមហ៊ុន​រុករក​របស់​កូរ៉េ​បាន​លើក​ឡើង​ពី​បញ្ហា​មួយ​ចំនួន​ដូច​ជា ៖ ផ្នែក​រចនាសម្ព័ន្ធ ពេលវេលា និង​ការ​កែ​ច្នៃ​ក្នុង​ផ្នែក​ផលិតកម្ម ព្រមទាំង​ការ​យកពន្ធ​ប្រេង​ខ្ពស់​ផង​នោះ គឺ​មិន​អនុញ្ញាត​ឲ្យ​តម្លៃ​ប្រេង​នៅ​កូរ៉េ​ខាងត្បូង​ធ្លាក់​ថ្លៃ​ដូចនឹង​តម្លៃ​ប្រេង​នៅ​លើ​ពិភពលោក​បាន​ឡើយ ។

ចំណែក​មន្ត្រី​ឧស្សាហកម្ម​ពន្យល់​ថា ៖ « គេ​ត្រូវ​ចំណាយពេល​២​ខែ​ក្នុង​ការ​នាំ​ចូល​ប្រេង​ឆៅ និង​កែ​ច្នៃ​វា​បញ្ចូល​ទៅ​ក្នុង​ទំនិញ ដែល​អាច​មាន​ទីផ្សារ​ដូច​ជា​សាំង ជាដើម ។ រីឯ​កត្តា​ធំ​ជាង​នេះ​ទៀត គឺ​ការ​ដកហូត​ពន្ធ​ខ្ពស់​ពី​ផលិតផល​ប្រេង ដែល​ស្ថិត​ក្នុង​រង្វង់​៦០,៣% នៃ​តម្លៃ​ទីផ្សារ​សាំង​ក្នុងស្រុក ។ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​បរិមាណ​ថេរ​នៃ​ពន្ធ​ថាមពល​និង​បរិស្ថាន ពន្ធ​អប់រំ ពន្ធ​បើកបរ និង​ពន្ធ​បន្ថែម​លើ​មុខទំនិញ ដែល​នៅ​តែ​មិន​ជះ​ឥទ្ធិពល​ដល់​ការ​ធ្លាក់​ថ្លៃ​នៃ​តម្លៃ​ប្រេង​ពិភពលោក​ដដែល » ។

មន្ត្រី​រូប​នោះ​បញ្ជាក់​ថា ៖ « ការ​ហូត​យកពន្ធ​កម្រិត​ថេរ​ចន្លោះ​ពី​៨០០​វ៉ុ​ន ទៅ​៩០០​វ៉ុ​ន អាច​ឱ្យ​អតិថិជន​ទូទៅ​ទទួល​បាន​ប្រយោជន៍​ក្នុង​ការ​ធ្លាក់​ថ្លៃ​នៃ​តម្លៃ​ប្រេង​ឆៅ និង​ការ​កើនឡើង​យ៉ាង​គំហុក​នៃ​តម្លៃ​ហាងឆេង​ខ្ពស់​នៅ​ពេល​តម្លៃ​ប្រេង​ឆៅ​ឡើង​ភ្លាម​ៗ » ។

បច្ចុប្បន្ន​នេះ តម្លៃ​ប្រេង​ឆៅ​ដែល​បាន​នាំ​ចូល​មុន​ការ​បង់ពន្ធ​ស្ថិត​ក្នុង​រង្វង់​៣០% នៃ​តម្លៃ​សាំង​ធម្មតា ក្នុង​នោះ​បណ្តា​ក្រុមហ៊ុន​ដែល​ចម្រាញ់​ប្រេង​អាច​ដក​យក​៩% ពី​ភាគ​ចំណេញ មាន​ន័យ​ថា បើទុកជា​តម្លៃ​ប្រេង​សកលលោក​ធ្លាក់​ចុះ​មក​នៅ​ក្រោម​២០​ដុល្លារ​ក្តី ក៏​តម្លៃ​រុករក​សម្រាប់​បណ្តា​ក្រុមហ៊ុន​ចម្រាញ់​ប្រេង​នឹង​នៅ​តែ​អាច​ចំណេញ​ដដែល គឺ​ប្រមាណ​ជា​១.១០០​វ៉ុ​ន​ឯណោះ ដែល​ផ្តល់​នូវ​ការ​បង់ពន្ធ​ជិត​៩០០​វ៉ុ​ន ។

ទោះជា​យ៉ាងណា អ្នក​ឃ្លាំមើល​ឧស្សាហកម្ម​លើក​ឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល​នៅ​តែ​មានះ​ប្រកាន់​យក​ការ​ហូតពន្ធ​ប្រេង​ដូច​កម្រិត​បច្ចុប្បន្ន​នេះ អតិថិជន​ទំនងជា​មាន​ភាព​តានតឹង​ដោយសារ​តម្លៃ​សាំង​ខ្ពស់​បែប​នេះ ៕