កម្ពុជា ជា​ប្រទេស​ទី​3​បាន​បំពេញបែបបទ និង​ត្រៀមខ្លួន​ចូលរួម​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន

រា​ជ​ធានី​ភ្នំពេញ ៖ ដើម្បី​ចូលរួម​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​បាន​ដោយ​ជោគជ័យ កាលពី​ខែមិថុនា ឆ្នាំ​២០១៥​កន្លង​មកនេះ កម្ពុជា​បាន​បំពេញបែបបទ និង​ត្រៀមខ្លួន​បាន​ជាង​៩៣%​ហើយ បន្ទាប់​ពី​ប្រទេស​សិង្ហ​បុរី និង​ម៉ា​ឡេ​ស៊ី ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង​១០ ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ។

ថ្លែង​ក្នុង​សិក្ខាសាលា​ស្តី​ពី​ឱកាស​សម្រាប់​សហគ្រិន​កម្ពុជា និង​ទីផ្សារ​អាស៊ាន នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​កូរ៉េ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ធ្នូ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល បាន​មាន​ប្រសាសន៍​ថា ៖ « អាស៊ាន​ជោគជ័យ​ទៅ​បាន ទាល់តែ​ប្រទេស​ទាំងអស់ ដក​របាំង​មិនមែន​ពន្ធដា​ចេញ​ឲ្យ​បាន​ច្រើន ។ ដោយឡែក រឿង​ថ្លៃ​ភ្លើង និង​រឿង​ដឹក​ជញ្ជូន វា​ជា​រឿង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥ និង​ឆ្នាំ​២០២៥ ដើម្បី​ទាក់ទាញ​វិនិយោគិន​ឲ្យ​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​យើង » ។

លោក​បន្ត​ថា ៖ « តើ​ការ​ចូលរួម​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នៅ​ថ្ងៃ​ទី​៣១ ធ្នូ ខាង​មុខ​នេះ វា​មាន​អ្វី​ប្លែក​ទេ ? ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន គឺ​នៅ​ដដែល គ្មាន​អ្វី​ប្លែក​ទាំងអស់ ប៉ុន្តែ​យើង​បាន​ចូល​នៅ​ក្នុង​សហគមន៍​នេះ​ហើយ ។ នៅ​ពេល​កន្លង​មក របាំង​នៃ​ការ​ដឹក​ជញ្ជូន​ផលិតផល​ដំឡូង​មី និង​ម្សៅ​មី​ខ្មែរ​ដែល​ដឹក​ឆ្លងកាត់​ប្រទេស​ថៃ ថៃ​មិន​ឲ្យ​ឆ្លងកាត់​ទេ ហើយ​នេះ​ជា​បញ្ហា​។ នៅ​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ខ្ញុំ​បាន​ទៅ​ចរចា​ជាមួយ​រដ្ឋមន្ត្រី​ថៃ ហើយ​រដ្ឋមន្ត្រី​ថៃ​បាន​ឯកភាព​ឲ្យ​កម្ពុជា ក្នុង​ការ​ដឹក​ទំនិញ​ឆ្លងកាត់ » ។

ថ្លែង​ក្នុង​ឱកាស​នោះ​ដែរ លោក​ឧបនាយករដ្ឋមន្ត្រី គាត ឈ​ន់ រដ្ឋមន្ត្រី​ប្រចាំការ បាន​មាន​ប្រសាសន៍​ថា ៖ « នៅ​ចុងឆ្នាំ​២០១៥​នេះ កម្ពុជា និង​ប្រទេស​សមាជិក​អាស៊ាន​ចំនួន​៩​ទៀត នឹង​ឈាន​ចូល​ទៅ​ក្នុង​សករាជ​មួយ​ថ្មី គឺ​សករាជ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ដែល​មាន​ទីផ្សារ​មួយ​មាន​ប្រជាជន​រហូត​ដល់​ទៅ​៦៣០​លាន​នាក់ ។ ពិត​ណាស់ នៅ​ក្នុង​ដំណើរការ​សមាហរណកម្ម​នេះ កម្ពុជា​នឹង​ទទួល​បាន​នូវ​ផលប្រយោជន៍​ច្រើន​ពី​ការ​ហូរ​កាន់តែ​សេរី​នូវ​ទំនិញ មូលធន និង​ពលករ ជំនាញ ដែល​ជា​ឱកាស​ឲ្យ​កម្ពុជា​ប្រើប្រាស់​បាន​កាន់តែ​ច្រើន​នូវ​សក្តានុពល​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម ដែល​ផ្សារ​ភ្ជាប់​ទៅ​នឹង​អ្វី​ដែល​គេ​ហៅ​ថា « រោងចក្រ​ពិភពលោក » នៅ​តំបន់​អាស៊ី » ។

នៅ​ពេល​កម្ពុជា​ចូល​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន លោក​ឧបនាយករដ្ឋមន្ត្រី គាត ឈ​ន់ រដ្ឋមន្ត្រី​ប្រចាំការ មាន​ប្រសាសន៍​ថា ៖ « កម្ពុជា​អាច​នឹង​ទទួល​រង​ផល​ប៉ះពាល់​អវិជ្ជមាន និង​បញ្ហា​ប្រឈម​មួយ​ចំនួន​ផង​ដែរ ក្នុង​ន័យ​នេះ កម្ពុជា​ចាំបាច់​ត្រូវ​បន្ត​រៀបចំ​ខ្លួន​ឲ្យ​បាន​ល្អ ជា​ពិសេស ការ​បន្ត​នូវ​ការ​កែទម្រង់​សំខាន់​ៗ​ស្រប​តាម​ការ​តម្រូវ​ដើម្បី​ទាញ​យក​អត្ថប្រយោជន៍ជា​អតិបរមា​ពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នៅ​ចុងឆ្នាំ​២០១៥​នេះ និង​តទៅ​អនាគត ត្រូវ​បន្ត​ធ្វើការ​កែទម្រង់​លើ​គ្រប់​វិស័យ​ឲ្យ​បាន​ខ្លាំងក្លា និង​ស៊ីជម្រៅ​បន្ថែម​ទៀត សំដៅ​ពង្រឹង​ភាព​ប្រកួតប្រជែង​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ និង​បង្កើន​តម្លៃបន្ថែម​ឲ្យ​បាន​ខ្ពស់ គឺ​ក្នុង​ប្រយោជន៍​ទ្រទ្រង់​ចីរភាព​នៃ​កំណើនសេដ្ឋកិច្ច​ខ្ពស់ ។ ជាមួយ​គ្នា​នេះ​ដែរ សហគ្រិន​របស់​កម្ពុជា​ទាំងអស់ ក៏​ត្រូវ​ចូលរួម​ក្នុង​ការ​ប្រកួតប្រជែង​នេះ​ផង​ដែរ » ។

នៅ​ក្នុង​បរិការណ៍​នេះ​ទាមទារ​ឲ្យ​សហគ្រិន​កម្ពុជា​ត្រូវ ៖
១-​បន្ត​ខិតខំ​លើកកម្ពស់​សហគ្រិនភាព​តាម​រយៈ​ការ​បង្កើន និង​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​កាន់តែ​ខ្លាំងក្លា ដើម្បី​ពង្រីក​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម និង​ពាណិជ្ជកម្ម​របស់​ខ្លួន ។
២-​ត្រូវ​ចេះ​ចែករំលែក​នូវ​ព័ត៌មាន ចំណេះដឹង និង​បទ​ពិសោធន៍ ជា​ពិសេស ព័ត៌មាន​ដែល​ពាក់ព័ន្ធ​នឹង​ទីផ្សារ និង​ផលិតផល ។
៣-​ត្រូវ​រួបរួម​សហការ​គ្នា និង​ចេះ​បំពេញ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​ផ្សារ​ភ្ជាប់​ផលិតផល និង​សេវាកម្ម​របស់​ខ្លួន​ជាមួយនឹង​ខ្សែ​សង្វា​ក់​ផលិតកម្ម​ក្នុង​តំបន់ ។
៤-​ត្រូវ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​សហគ្រិន​របស់​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់ ។
៥-​ត្រូវ​រៀបចំ​គំនិត​ផ្តួចផ្តើម​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នានា ៕