កម្ពុជា​គ្មាន​ជម្រើស​ផ្សេង ក្រៅពី​ពង្រឹង​ទំនាក់ទំនង​ជាមួយ​រប​ប​សឹក​ថៃ​

​នាយករដ្ឋមន្ត្រី​កម្ពុជា​សម្តេច ហ៊ុន សែន អញ្ជើញ​ទៅដល់​រាជាណាចក្រ​ថៃ​ហើយ​នៅ​ព្រឹក​ថ្ងៃទី​១៨​ធ្នូ​នេះ ដើម្បី​ចូលរួម​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ចម្រុះ​កម្ពុជា​-​ថៃ​លើក​ទី​២​។ បញ្ហា​ព្រំដែន​អាច​នឹង​ក្លាយជា​ប្រធានបទ​សំខាន់​ក្នុង​កិច្ចប្រជុំ​លើក​នេះ ក្រោយពី​មាន​ហេតុការណ៍​កាត់​សោរ​ទ្វាររបង​ព្រំ​ដៃ​ន​ប្រាសាទព្រះវិហារ ពី​សំណាក់​ទាហាន​ថៃ​។

​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្តេច ហ៊ុន សែន បានចាប់ផ្តើម​ទស្សនកិច្ច​ផ្លូវការ​លើកដំបូង​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ​នៅក្នុង​ប្រទេស​ថៃ ដែល​បាន​ផ្លាស់ប្តូរ​នាយករដ្ឋមន្ត្រី​យ៉ាងច្រើន​ដែរ​ក្នុង​រយៈពេល​ដូចគ្នានេះ ក្រោយ​ការដួលរលំ​នៃ​ការ​កាន់អំណាច​របស់លោក ថាក់ស៊ីន ស៊ីណា​វា​ត្រា​។ ទស្សនកិច្ច​របស់​មេដឹកនាំ​កំពូល​របស់​កម្ពុជា​នៅលើ​ទឹកដី​ថៃ បានចាប់ផ្តើម​មួយថ្ងៃ បន្ទាប់ពី​ក្រុម​យោធា​ថៃ ចូលមក​កាត់​សោរ​ទ្វាររបង​ព្រំដែន​ប្រាសាទព្រះវិហារ ដែល​តែងតែ​ជា​រងើកភ្លើង​នៃ​ជម្លោះព្រំដែន​រវាង​ប្រទេសជិតខាង​ទាំងពីរ​។​

​តាមពិត ដំណើរ​ទស្សនកិច្ច​រប​ស់ស​ម្តេច ហ៊ុន សែន ពេលនេះ គឺ​ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​គណរដ្ឋមន្ត្រី​ចម្រុះ​កម្ពុជា​-​ថៃ​លើក​ទី​២​។ ជំនួប​នៃ​រដ្ឋាភិបាល​ទាំងពីរ ក៏​កំពុង​ត្រូវធ្វើឡើង​ក្នុង​ក្រ​ខណ្ឌ​នៃ​ខួប​៦៥​ឆ្នាំ​នៃ​ការបង្កើត​ចំណង​ការទូត​រវាង​ប្រទេសជិតខាង​ទាំងពីរ​ដែរ​។

​គេ​រំពឹងថា បញ្ហា​ព្រំដែន​អាច​ក្លាយជា​ប្រធានបទ​សំខាន់​ជាងគេ​ក្នុង​កិច្ចពិភាក្សា​រវាង​នាយករដ្ឋមន្ត្រី​កម្ពុជា ជាមួយ​សម​ភាគី​ថៃ​។ ក្រៅពីនេះ​វិស័យ​កសិកម្ម ពាណិជ្ជកម្ម វិនិយោគ និង​ការផ្សាភ្ជាប់​ក្នុង​តំបន់​ក៏​នឹង​ក្លាយជា​ប្រធានបទ​ក្នុង​បញ្ជី​នៃ​របៀបវារៈ​នៃ​កិច្ចប្រជុំ​ដែរ​។ បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា ចុងបញ្ចប់​នៃ​កិច្ចប្រជុំ មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​ក៏​នឹង​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់​ចំនួន​៥ ផងដែរ​។

​គួរ​រម្លឹក​ផងដែរ​ថា ភាពចម្រូងចម្រាស និង​ភាព​តានតឹង​នៅតាម​បន្ទាត់​ព្រំដែន​រវាង​កម្ពុជា​-​ថៃ មិនមែនជា​បញ្ហា​ថ្មី​ឡើយ​។ ការ​ប្រទូស្ត​សា​រ៉ា​យ​គ្នា​រវាង​កងទ័ព​ប្រទេស​ទាំងពីរ​តាម​បន្ទាត់​ព្រំដែន​ជាពិសេស​នៅ​តំបន់​ប្រាសាទព្រះវិហារ បានកើត​ឡើងជា​ញឹកញាប់ ចាប់ពី​ពេល​ប្រាសាទព្រះវិហារ​កម្ពុជា​ក្លាយជា​សម្បត្តិ​បេ​តិ​ភណ្ឌ​ពិភពលោក​។ ក្នុង​ឆ្នាំ ២០០៨ , ២០០៩ និង ២០១១ ជា​ពេលដែល​យោធា​នៃ​ប្រទេសជិតខាង​ទាំងពីរ​ផ្ទុះអាវុធ​ដាក់គ្នា រហូតដល់​ពេលខ្លះ មានការ​ប្រើប្រាស់ អាវុធ​ធុន​ធ្ងន់​បាញ់​ផ្លោង​ដាក់គ្នា​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​មនុស្ស​ទាំងសងខាង ទាំង​ជន​ស៊ីវិល និង​ទាហាន​ថែម​ទៀតផង​។​

​សាវតា​ទំនាក់ទំនង​ការទូត​កម្ពុជា​ថៃ​ចុងក្រោយ​
​ក្រោយ​ប្អូនស្រី​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក ថាក់ស៊ីន លោកស្រី យី​ង​ឡាក់ ឡើងកាន់តំណែង​បញ្ហា​ព្រំដែន​ចាប់ផ្តើម​ស្ងប់ស្ងាត់ ហើយ​ទំនាក់ទំនង​រវាង​ប្រជាជាតិ​ទាំងពីរ​ចាប់ផ្តើម​ល្អប្រសើរ​ឡើងវិញ​លើ​គ្រប់​វិស័យ​។ ប៉ុន្តែ ក្រោយ​ក្រុម​យោធា​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ច័ន្ទ​អូ​ចា ដណ្តើម​អំណាច​កាលពី​ខែឧសភា​ឆ្នាំមុន ទំនាក់ទំនង​កម្ពុជា​ថៃ ត្រលប់​មករក​ភាពល្អក់​កករ​វិញ ដោយ​គេ​ឃើញ​ក្រុម​យោធា​ចាប់ផ្តើម​រឹតបន្តឹង​ការផ្តល់​សិទ្ធិ​ដល់​ជនអន្តោប្រវេសន៍​មក​ប្រកប​របរ​រកស៊ី​នៅ​ប្រទេស​ថៃ​។ គេ​ឃើញ យោធា​ថៃ​ចាប់បញ្ជូន​ពលករ​កម្ពុ​ជា​ខុសច្បាប់​រាប់សែន​នាក់មក​កម្ពុជា​វិញ ដែល​សកម្មភាព​នេះ​បាន​បង្ក​ឲ្យ​មានការ​ភាន់ច្រឡំ​រហូត​នាំ​ឲ្យ​មានការ​តានតឹង​តាម​ព្រំដែន​ថែម​ទៀតផង​។   

​ប៉ុន្មាន​ខែ ក្រោយ​ឡើងកាន់​អំណាច ប្រមុខ​របប​សឹក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ច័ន្ទ​អូ​ចា ស្រាប់តែ​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា  ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ឡើងវិញ​ដែរ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ ភាគី​កម្ពុជា​និង​ថៃ​បានសម្រេច​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា​ជាច្រើន​ផងដែរ​ដើម្បី​រឹតបន្តឹង​ចំណងមិត្តភាព​ទ្វេភាគី​។ ចំណែក​ភាគី​កម្ពុជា ក៏​បង្ហាញ​ការយោគយល់​ចំពោះ​ការចាប់​បញ្ជូន​ពលករ​កម្ពុជា​ត្រលប់​មកវិញ​ដែរ​។​

​កម្ពុជា​អាច​សំឡឹង​ឃើញថា ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ នឹង​អាច​បន្តកាន់កាប់​ប្រទេស​ថៃ​ក្នុង​រយៈពេល​យូរអង្វែង​ទៅមុខ​។ ដូច្នេះ វា​ជា​រឿង​ចាំបាច់​បំផុត សម្រាប់​កម្ពុជា​ដែល​ត្រូវ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​រប​ប​សឹក​នេះ​។​

​របប​យោធា​ថៃ​ដូចជា​កំពុង​ព្យាយាម​រៀបចំ​ផែនការ​យូរអង្វែង​មួយ សម្រាប់​ការក្តោបក្តាប់​អំណាច​ទៅ​ថ្ងៃមុខ​ទៀត នេះ​បើ​គេ​មើលឃើញ​ការដាក់ចេញ​គោលនយោបាយ​ការបរទេស​ថ្មី​ដោយ​ងាក​ពី​អាមេរិក ទៅ​ស្និទ្ធ​នឹង​មហា​យក្ស​ចិន និង​ការព្យាយាម​ប្រមូលផ្តុំ​អំណាច​ក្នុង​ដៃ​ក្នុងនាម​ជា​អ្នកការពារ​រាជ្យ​ប​ល្ល័​ង្គ​ជាដើម​នោះ​។ ដូច​ឃើញស្រាប់​ហើយ មកទល់​ឥឡូវ គេ​មិនទាន់​មើលឃើញ​កាលបរិច្ឆេទ​ច្បាស់លាស់​នៃ​ការបោះឆ្នោត (​អាច​ចុងឆ្នាំ​២០១៦ ឬ​ដើមឆ្នាំ​២០១៧) ដើម្បី​ផ្ទេរអំណាច​ទៅ​ឲ្យ​របប​ស៊ីវិល និង​ស្តារឡើងវិញ​នូវ​លទ្ធិប្រជាធិបតេយ្យ​នោះទេ​។ នេះ​ក៏​ដោយសារតែ គោលនយោបាយ កំណែទម្រង់​ស៊ីជម្រៅ និង​ផ្សះផ្សា​នយោបាយ​ថៃ​ដែល​ដាក់ចេញ​ដោយ​របប​យោធា​ថៃ នៅ​មិនទាន់មាន​ផ្លែផ្កា​នៅឡើយ​៕