​លោក ម៉ី អាន ស្នងការរង​ទទួល​ផែន​សេដ្ឋកិច្ច ខេត្តមណ្ឌលគិរី ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​

សកម្មជន​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី​បាន​រាយការណ៍​មក​ថា​ឈ្មួញ​ឈើ​នៅ​ខេត្តមណ្ឌលគិរី មិន​ខ្លាចញញើត​នឹង​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​នោះទេ ព្រោះ​តែមាន​ស្នងការរង​ទទួលបន្ទុក​ផែន​សេដ្ឋកិច្ច ម្នាក់​ដែល​គេ​ស្គាល់​ថា ឈ្មោះ ម៉ី អាន បាន​ឲ្យ​បក្ខពួក​របស់ខ្លួន​ដើរ​ប្រមូល​លុយ​ពី​ពួក​ឈ្មួញ​ទាំងនោះ ព្រមទាំង​អន្តរាគមន៍​ឲ្យ​រថយន្ត ធំ តូច ដឹកជញ្ជូន​ឈើ​ចេញពី តំបន់ភ្នំ​ព្រេច​បានរ​យ៉ាង​រលូន​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ឈ្មួញ​ឈើ​មិន​ញញើត​ច្បាប់​នោះទេ ព្រោះ​មន្ត្រី​អនុវត្តន៍​ច្បាប់​គឺជា​ដៃគូ​ជំនួញ​ឈើ​ខុសច្បាប់​របស់​ពួកគេ​ដែលមាន​ផលប្រយោជន៍​រួមគ្នា​ដូច្នេះ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ត្រូវបាន​ការពារ​ដោយ​មន្ត្រី​មានអំណាច​។​

លោក ម៉ី អាន ស្នងការរង​នគរបាល​ខេត្តមណ្ឌលគិរី​ទទួលបន្ទុក​ផែន​សេដ្ឋកិច្ច ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា ជា​អ្នក​ដែល​បញ្ជា​ឲ្យ​បក្ខពួក​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ប្រណីត​តាម​រថយន្ត និង​គោយន្ត​នៅក្នុង​ខេត្តមណ្ឌលគិរី​ជា​ថ្នូរ​នឹង​ការមិន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា លោក ម៉ី អាន ស្នងការរង​នគរបាល​ខេត្តមណ្ឌលគិរី​ទទួលបន្ទុក​ផែន​សេដ្ឋកិច្ច ក៏បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការបញ្ជា​ឲ្យ​បក្ខពួក​របស់ខ្លួន​ប្រមូល​ទិញ​ឈើ​ពី​ក្រុម​ឈ្មួញ​ក្នុង​តម្លៃថោកៗ​ដើម្បី​យក​ឈើ​ទាំងនោះ​ទៅ​លក់​ឲ្យ​ឈ្មួញ​ផ្សេង ឬ​រោង​សិប្បកម្ម​ក្នុងតម្លៃ​ថ្លៃ​។​

​សកម្មជន​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី​បាន​លើកឡើងថា ការដឹកជញ្ជូន​ឈើ​ប្រណីត​នៅ​ខេត្តមណ្ឌលគិរី ចាប់ផ្តើម​កក្រើក​ឡើងវិញ​ហើយ ព្រោះ​ឈ្មួញ​ឈើ​ឈ្មោះ ថយ ឈ្មោះ ពក និង​ឈ្មោះ ឃី ផេង បាន​បង្កើន​សកម្មភាព​ទ្វេ​ដងដោយ​ដឹកជញ្ជូន​ឈើ​ប្រណីត​តាម​គោយន្ត និង​រថយន្ត​ប៉ា​កុង រាប់សិប​គ្រឿង ចេញពី​ចំណុច ភ្នំ​ង៉​ត ក្បាល​អូរ​ម៉ែ​ធុ ក្រង់​គុយ ក្រង់​ត្រាច ពាម​ក្រាយ​ពាម​អូរ​តូ ក្បាល​អូរ​ខ្ញែ​ង និង​តាម​អូរ​កន្លះ ។ ប្រភព​ដែល​បាន​បញ្ជាក់ថា​បទល្មើស​ដឹក​ជញ្ជូន​ឈើ​ខាងលើ​ត្រូវគេ​សង្ស័យថា​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក ម៉ី អាន មិន​ខាន​ព្រោះ​លោក​មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​នោះទេ បើទោះជា​មាន​ប្រជាពលរដ្ឋ​រាយការណ៍​ឲ្យ​ដឹង​ក៏ដោយ​។​

ចំពោះមុខ​បញ្ហា​នេះ លោក ម៉ី អាន ស្នងការរង​ខេត្តមណ្ឌលគិរី​ទទួល​ផែន​សេដ្ឋកិច្ច បាន បដិសេធ​ប្រាប់​អ្នកសារព័ត៌មាន​ថា​បទល្មើស​ខាងលើ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​រូបលោក​នោះទេ ហើយ​ថា​ករណីនេះ​ប្រហែលជា​ការយល់ច្រឡំ​។ តែ​ពលរដ្ឋ​បាន​រិះគន់​ថាបើ​បទល្មើស​ព្រៃឈើ​មិនជា​ប់​ពាក់ព័ន្ធ​ជាមួយ​លោក ដូច្នេះ​លោក​ត្រូវតែ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​មកពី​អង្គភាព​ផ្សេងទៀត ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ដោយ​មិនត្រូវ​បណ្តែតបណ្តោយ​ដូច​សព្វថ្ងៃ​នោះទេ​៕

IMG-20151205-WA0001-1024x576 Screenshot_2015-08-04-16-32-38-1 Screenshot_2015-09-12-16-33-17-1-1