ជនជាតិ​យួន​ចូលមក​បំផ្លាញ​រ៉ែ​មាស​នៅក្នុង​ស្រុក​សៀម​ប៉ាង តាម​អំពើ​ចិត្ត​

ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​សន្តិភាព ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា នៅក្នុង​តំបន់​អូរ​កា​ពី​ន នៅ​ឃុំ​សន្តិភាព ស្រុក​សៀម​ប៉ាង ជាប់​ព្រំប្រទល់​ស្រុក​វ៉ើ​ន​សៃ ខេត្តរតនគិរី កំពុង​ត្រូវ​ជនជាតិ​យួន​ចូលមក​ជីក​រ៉ែ​មាស​ខុសច្បាប់​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ បញ្ហា​នេះ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល គួរពិនិត្យមើល​ជាបន្ទាន់ ព្រោះ​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តស្ទឹងត្រែង ទំនង​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ផលប្រយោជន៍ ទើប​មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​រ៉ែ​មាស​ក្នុងស្រុក​សៀម​ប៉ាង​។ ចំណែក​លោក កុល សំអុល អភិបាលខេត្ត​ស្ទឹងត្រែង ក៏​ធ្វើ​មិនដឹងមិនឮ​ចំពោះ​បទល្មើស​បំផ្លាញ​រ៉ែ​មាស​ក្នុង​ឃុំ​សន្តិភាព​នោះដែរ​។

ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា ក្រុម​ជនជាតិ​យួន​បាន​ចូលមក​ជីក​កកាយ​រ៉ែ​មាស​នៅ​ចំណុច​អូរ​កា​ពី​ន ឃុំ​សន្តិភាព រយៈពេល​ច្រើន​ខែ​មកហើយ​មិនទាន់​ឃើញ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា មាន​កម្លាំង​សមត្ថកិច្ច​ក្នុង​ខេត្តស្ទឹងត្រែង គឺជា​អ្នកកាង​ជនជាតិ​យួន​ជីក​កកាយ​រ៉ែ​មាស​នៅ​ចំណុច​អូរ​ពី​ន​នោះ ទើប​គ្មាន​សមត្ថកិច្ច​ជំនាញ​ណា​ហ៊ាន​ចាត់វិធានការ​បង្ក្រាប​។ ដោយសារតែ​សកម្មភាព​របស់​ជនជាតិ​យួន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​នៅ​ចំណុច​អូរ​កា​ពី​ន​នោះ​ហើយ គឺជា​មូលហេតុ​ធ្វើ​ឲ្យ​ទឹកអូរ​ប្រែជា​ល្អក់​ពោរពេញ​ទៅដោយ​សារធាតុ​គីមី​ប្រើ​លែងកើត​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បានដឹង​យ៉ាងច្បាស់​ជុំវិញ​បញ្ហា​នេះ ប៉ុន្តែ​មិន​ហ៊ាន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ បើទោះបី​ប្រជាពលរដ្ឋ​រាយការណ៍​ឲ្យ​ជួយ​ដោះស្រាយ​យ៉ាងណាក៏ដោយ​។

សកម្មភាព​របស់​ជន​ជាតិ​យួន​ក្នុង​ការធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​នៅ​ចំណុច​អូរ​កា​ពី​ន ឃុំ​សន្តិភាព ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ជាប់​ព្រំប្រទល់​ស្រុក​វ៉ើ​ន​សៃ ខេត្តរតនគិរី គឺជា​ការបំផ្លាញ​ធនធានធម្មជាតិ​ដ៏​មានតម្លៃ​របស់​ខ្មែរ​ឲ្យ​វិនាស​អន្តរាយ​។ ជាពិសេស​ការបំផ្លាញ​ទឹកអូរ​កា​ពី​ន បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ប្រមាណ​៥០​ទៅ​៦០​គ្រួសារ ដែល​បញ្ហា​នេះ​មន្ត្រី​មន្ទីរជំនាញ​និង​អាជ្ញាធរ​ខេត្តស្ទឹងត្រែង គួរ​ចាត់វិធានការ​បង្ក្រាប​ជាបន្ទាន់​កុំ​ឲ្យ​ជនជាតិ​យួន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត​។ លោក នូ សុវណ្ណ​តារា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តស្ទឹងត្រែង ត្រូវបាន​គេ​ដឹងថា​ជា​អ្នកទទួលផល​ប្រយោជន៍​យ៉ាងច្រើន ពី​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​នៅ​តំបន់​អូរ​កា​ពី​ន​ទើប​សម្ងំស្ងៀម​ដូច​សព្វថ្ងៃនេះ​៕

8285_6 8285_4 8285_7