ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី កំពុង​រលាយ​ដោយសារ​ស្នាដៃ​ឧកញ៉ា ថៃ

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក ក៏ដូចជា​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ឧកញ៉ា ថៃ កំពុងតែ​បំផ្លាញ​ព្រៃឈើ​នៅក្នុង​ស្រុក​កោះ​ញែក យ៉ាង​មហន្តរាយ​តាមរយៈ​យីហោ​ក្រុមហ៊ុន​ប៉ាស៊ីហ្វិក​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា កម្លាំង​កម្មករ​ជាច្រើន​នាក់​កំពុង​កាប់រំលំ​និង​អារច្រៀក​ឈើ​នៅក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​ប៉ាស៊ីហ្វិក និង​ក្រៅ​បរិវេណ​ដី​សម្បទាន​ក្រុមហ៊ុន ដឹកជញ្ជូន​តាម​រថយន្ត​យី​ឌុប​យ៉ាង​គគ្រឹកគគ្រេង​ចេញពី​ស្រុក​កោះ​ញែក​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ទៀត សុទ្ធតែ​ទទួលបាន​ផលប្រយោជន៍​ពី​ឧកញ៉ា ថៃ ទើប​បណ្ដោយ​ឲ្យ​បទល្មើស​កើតឡើង​កាន់តែខ្លាំង​។

មន្ត្រី​អាជ្ញាធរ​ក្នុងស្រុក​កោះ​ញែក បាន​ឲ្យ​ដឹងថា ឧកញ៉ា ថៃ គឺជា​ឈ្មួញ​រកស៊ី​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​ស្រុក​កោះ​ញែក និង​ស្រុក​ផ្សេងៗ​ទៀត​ក្នុង​ខេត្តមណ្ឌលគិរី យកទៅលក់​នៅ​ស្រុក​យួន​ដោយ​គ្មាន​សមត្ថកិច្ច​ណា​រំខាន​ឡើយ​។ ឈ្មួញ​រកស៊ី​ឈើ​មួយចំនួន​បាន​ឲ្យ​ដឹងថា ការដែល​ឧកញ៉ា ថៃ ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​និង​មានការ​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​។ ក្នុងនោះ​លោក ឈួន សេរី​វឌ្ឍន៍ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កោះ​ញែក និង​លោក ឡុង ប៊ុន អធិការ​រដ្ឋបាល​ព្រៃឈើ​ខាងកើត​ទន្លេមេគង្គ ត្រូវបាន​គេ​ដឹងថា​ជា​អ្នក​ឃុបឃិត​បើកផ្លូវ​ឲ្យ​ឧកញ៉ា ថៃ កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​ជាច្រើន​ឆ្នាំ​មកហើយ​។

ប្រភពពី​ឈ្មួញ​ឈើ​តូចតាច​មួយចំនួន​បាន​ឲ្យ​ដឹងថា ឧកញ៉ា ថៃ បាន​ប្រើ​មនុស្ស​ជំនិត​ម្នាក់​ជា​មេការ​របស់ខ្លួន​ឈ្មោះ ធី ឲ្យ​រត់ការ​ជាមួយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​តាម​ដងផ្លូវ ដើម្បី​កុំ​ឲ្យ​រំខាន​សកម្មភាព​ដឹកឈើ​ខុសច្បាប់​របស់ខ្លួន​។ ដោយសារតែ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​បែបនេះហើយ ទើប​ឧកញ៉ា ថៃ បន្ត​កាប់​ឈើ​នៅក្នុង​ស្រុក​កោះ​ញែក ក្រោមលេស​ដី​សម្បទាន​សេដ្ឋកិច្ច ហើយ​ដឹកជញ្ជូន​តាម​រថយន្ត​យី​ឌុប​ធំៗ​រាប់រយ​គ្រឿង​ទៅ​លក់​នៅ​ស្រុក​យួន​ទាំងយប់​ទាំង​ថ្ងៃ​។ បទល្មើស​ព្រៃឈើ​ដែល​ឧកញ៉ា ថៃ កំពុង​ប្រព្រឹត្ត​សព្វថ្ងៃនេះ មិនគួរ​លោក ឆេង គឹម​សុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ និង​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម មើលរំលង​នោះទេ ព្រោះ​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ ហើយ​អាច​រលាយ​សាបសូន្យ​ដោយសារ​ស្នាដៃ​ឧកញ៉ា ថៃ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​ចៀស​មិន​ផុត​ឡើយ​៕

gvfcdd1 kjnh