ទីបំផុតយូអិន សម្រេចយកបញ្ហា សិទ្ធិមនុស្ស កូរ៉េខាងជើង ទៅកាន់ ICC

យូអិន៖ មហាសន្និបាត របស់អង្គការ សហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ បានអនុម័ត ជាផ្លូវការ ស្របតាមមតិភាគច្រើន លើកំណត់ត្រាថ្កោលទោសបញ្ហា សិទ្ធិមនុស្ស កូរ៉េខាងជើង និងជំរុញ ឲ្យក្រុមប្រឹក្សាសន្តិសុខ ធ្វើការពិចារណាចំពោះបញ្ហានេះ និងឈានដល់ ការបញ្ជូន ទៅកាន់តុលាការ ឧក្រិដ្ឋកម្ម អន្តរជាតិ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ នេះបន្ដទៀតថា វាមានរយៈ ពេល ១១ឆ្នាំហើយ ដែលមហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តចេញ សេចក្តីសម្រេចមួយ ស្រដៀងគ្នាទៅនឹងបញ្ហាសិទ្ធិមនុស្សរបស់ក្រុងព្យុងយ៉ាង។

សេចក្តីព្រាងច្បាប់នៅក្នុងឆ្នាំ២០១៥នេះ ទទួលបានសំឡេងឆ្នោតគាំទ្រចំនួន ១១៩សំឡេង ខណៈ ដែលប្រទេសចំនួន ១៩ ក្នុងនោះរួមមានប្រទេសចិន រុស្ស៊ី និងប្រទេសអ៊ីរ៉ង់ បានបោះឆ្នោតមិនគាំទ្រ នឹងសេចក្ដីព្រាងច្បាប់នេះ និងប្រទេសចំនួន ៤៨ផ្សេងទៀត មិនបញ្ចេញមតិ។

ឯកសារ ក្រោមការសរសេរឡើងដោយប្រទេសជប៉ុន និងសហភាពអឺរ៉ុប ផ្អែកលើ បេសកកម្ម របស់ អង្គការសហប្រជាជាតិ ក្នុងការស៊ើបអង្កេត ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ បានរកឃើញថា “ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ត្រូវបានប្រព្រឹត្តឡើងនៅកូរ៉េខាងជើង”។

គួរបញ្ជាក់ថា កូរ៉េខាងជើង មានការអន់ចិត្តយ៉ាងខ្លាំងចំពោះបទចោទប្រកាន់នេះ នៅពេល ដែលខ្លួន ត្រូវបានដាក់បញ្ចូលទៅក្នុងសេចក្តីព្រាងកាលពីឆ្នាំមុន ជាមួយនឹងការព្រួយបារម្ភ ចំពោះមេដឹកនាំកំពូល របស់ប្រទេសនេះ គឺលោក គីម ជុងអ៊ុន អាចនឹងត្រូវទទួលខុសត្រូវ ចំពោះបញ្ហារំលោភបំពាន សិទ្ធិមនុស្សនេះ៕

ទីបំផុតយូអិន សម្រេចយកបញ្ហា សិទ្ធិមនុស្ស កូរ៉េខាងជើង ទៅកាន់ ICC