សភាពការណ៍​ព្រំដែន​ប្រាសាទព្រះវិហារ​បន្ត​ស្ងប់ស្ងាត់ ខណៈ​ភាគី​ថៃ​សុំ​ទោស និង​យក​សោ​មក​ចាក់​ទ្វារ​​មុខ​ប្រាសាទព្រះវិហារ​​វិញ

ខេត្តព្រះវិហារ ៖ ច្រក​ទ្វារ​ចេញ​-​ចូល​ប្រាសាទព្រះវិហារ ដែល​ភាគី​កងទ័ព​ថៃ​បាន​កាត់​សោ​កាលពី​ម្សិលមិញ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​កងទ័ព​កម្ពុជា ពេល​នេះ​បាន​ស្ងប់ស្ងាត់​គិត​ត្រឹម​ម៉ោង​១ និង​៣០​នាទី​រសៀល​ថ្ងៃ​សុក្រ​នេះ បន្ទាប់​ពី​ភាគី​ថៃ​បាន​យល់​ព្រមយក​សោ ដែល​កាត់​នោះ​មក​ចាក់​ឡើង​វិញ និង​ធ្វើការ​សុំ​ទោស​ដល់​ភាគី​កងទ័ព​កម្ពុជា ។

លោក​ឧត្តមសេនីយ៍ទោ ថុ​ល សុវណ្ណ មេបញ្ជាការ​រង​កងពលធំ​អន្តរាគមន៍​លេខ​៣ ប្រចាំការ​ទិស​ប្រាសាទព្រះវិហារ តំណាង​ប្រធាន​គណៈ​បញ្ជាការ​សមរភូមិ​ជួរ​មុខ ទិស​ទី​១​ប្រាសាទព្រះវិហារ បាន​ប្រាប់​អ្នក​សារព័ត៌​មាននៅ​លើ​ប្រាសាទព្រះវិហារ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ធ្នូ ២០១៥ នេះ​ថា ក្រោយ​ពី​មាន​បញ្ហា​ដែល​បង្ក​ឡើង​ដោយ​ភាគី​ថៃ បាន​ដឹកនាំ​កងទ័ព​ថៃ​ឈុត​ខ្មៅ ឈុត​ប៉ា​រ៉ា និង​ស៊ី​វិល ប្រមាណ​១៩​នាក់ ចូល​មក​កាត់​សោ​ទ្វារ​ច្រកចេញ​-​ចូល​ប្រាសាទព្រះវិហារ ដោយ​ឯកតោភាគី កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៧ ធ្នូ ២០១៥ នេះ ដែល​បាន​ធ្វើ​ឱ្យ​កងទ័ព​កម្ពុជា​ភ្ញាក់ផ្អើល និង​មាន​ប្រតិកម្ម​ភ្លាម​ៗ​ទៅ​នឹង​ទ​ង្វើ​របស់​ភាគី​ថៃ ។

លោក​បន្ត​ថា ក្រោយ​ពី​មានការ​ទំនាក់ទំនង​រវាង​កម្លាំង​ទាំង​២​ភាគី​រួច​មក ភាគី​ថៃ​ក៏​បាន​យល់​ព្រមយក​សោ ដែល​ពួក​គេ​កាត់​ដោយ​ឯកតោភាគី​កាលពី​ម្សិលមិញ មក​ចាក់​ជា​ថ្មី​ឡើង​វិញ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ធ្នូ នេះ និង​បាន​ធ្វើការ​សុំ​ទោស​ដល់​កម្លាំង​កម្ពុជា​អំពី​ការ​កាត់​សោ​ទ្វារ​ដោយ​ឯកតោភាគី​នេះ ។ លោក​ឧត្តមសេនីយ៍ទោ ថុ​ល សុវណ្ណ ក៏​បាន​បញ្ជាក់​ថា ប្រសិនបើ​ភាគី​ថៃ​មាន​សកម្មភាព ឬ​ធ្វើ​ទ​ង្វើ​ណា​មិន​ប្រក្រតី​មក​លើ​អធិបតេយ្យ​កម្ពុជា​ទៀត កងកម្លាំង កម្ពុជា និង​ប្រើប្រាស់​សិទ្ធិ​ការពារ​បូរណភាព​ទឹកដី​ឱ្យ​បាន​រឹង​មាំ មិន​ឱ្យ​សត្រូវ​ឈ្លានពាន​បាន​ឡើយ ។

សូម​បញ្ជាក់​ថា មក​ទល់​នឹង​ម៉ោង​១ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៨ ធ្នូ នេះ​ដែរ សភាព​ការ​ព្រំដែន​តំបន់​ប្រាសាទព្រះវិហារ មាន​ភាព​ស្ងប់ស្ងាត់​ជា​ធម្មតា មិន​មាន​អ្វី​ប្លែក​ឡើយ ដោយ​កម្លាំង​ទាំង​ពីរ​ភាគី មានការ​ទំនាក់ទំនង​គ្នា​ល្អជា​ធម្មតា រីឯ​អាកាសធាតុ​នៅ​លើ​ប្រាសាទព្រះវិហារ​មាន​ភាព​ត្រជាក់​ខ្លាំង​រហូត​ដល់​១១​អង្សា​សេ ចំណែកឯ​កងកម្លាំង​កម្ពុជា ទាំងអស់​មិន​មាន​អ្វី​គួរ​ឲ្យ​ព្រួយបារម្ភ​នោះ​ទេ ចំពោះ​បញ្ហា​សុខភាព ។