សមត្ថ​កិច្ច​ចម្រុះ​ខណ្ឌ​ប្ញស្សី​កែវ​ស្រាវ​ជ្រាវ​បង្ក្រាប​ក្រុម​ចោរ​លួច និង​ជួញ​ដូរ​គ្រឿង​ញៀន​បាន​១២​នាក់​

រាជ​ធានី​ភ្នំពេញ​​ ៖ ជន​សង្ស័យ​លួច និង​ជួញ​ដូរ ប្រើ​ប្រាស់​គ្រឿង​ញៀន​ចំនួន​១២​នាក់​ត្រូវ​បាន​នគរ​បាល​ខណ្ឌ​ប្ញស្សី​​កែវ​សហការ​ជាមួយ​នគរ​បាល​ប៉ុស្តិ៍​ប្ញស្សី​កែវ​ និង​ទួល​សង្កែ​ឃាត់​ខ្លួន​ជា​បន្ត​បន្ទាប់​ និង​ឈាន​ទៅ​ឆែក​ឆេរ​លំនៅ​ឋាន​ កាល​ពី​វេលា​ម៉ោង​១០​ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១៨ ធ្នូ នេះ នៅ​ចំណុច​ក្រោយ​ប៉ុស្តិ៍​ទួល​សង្កែ ដោយ​ដក​ហូត​បាន​ថ្នាំ​ញៀន​ចំនួន​១២​កញ្ចប់ ដាវ​២ កាំ​បិត​ផ្គាក់​ កាំបិត​ចំពុះ​ទង់​៣ ព្រម​ទាំង​ដក​ហូត​ម៉ូតូ​ជា​របស់​ជន​រង​គ្រោះ​ត្រឡប់​មក​វិញ​។

តាម​នគរ​បាល​បាន​ឱ្យ​ដឹង​ថា កាល​ពី​វេលា​ម៉ោង​១១ និង​៤០​នាទី​ថ្ងៃ​ទី​១៧ ជន​សង្ស័យ​ម្នាក់ឈ្មោះ​ឯម អូន​តូច អាយុ​១៩​ឆ្នាំ​ ​ត្រូវ​នគរ​បាល​ប៉ុស្តិ៍​ឃាត់​ខ្លួន​នៅ​ចំណុច​ផ្លូ​វ​រថ​ភ្លើង​ក្នុង​ភូមិ​បឹង​សាឡាង សង្កាត់​ប្ញស្សី​កែវ បន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​លួច​ម៉ូតូ​ធុន​C100កូរ៉េ​មួយ​គ្រឿង​កាល​ពី​ថ្ងស​ទី​១៥ ធ្នូ ។

ជន​សង្ស័យ​ឈ្មោះ​ឯម អូន​តូច​ នេះ​បាន​សារភាពថា ខ្លួន​បាន​យក​ម៉ូតូដែល​លួច​បាន​ទៅ​លក់​ឱ្យ​គេ​នៅ​ក្រោយ​ប៉ុស្តិ៍​ទួល​សង្កែ​ លុះ​នៅ​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​មិញនេះ សមត្ថ​កិច្ចចម្រុះ​បាន​ចុះ​ស្រាវ​​ជ្រាវ​ឆែក​ឆេរ​លំនៅ​ឋាន​នៅ​ភូមិ​ផ្សារ​តូច​ឈាន​ទៅ​ឃាត់ខ្លួន​ជន​សង្ស័យ​បាន​ចំនួន​១១​នាក់​ថែម​ទៀត​ ក្នុង​នោះ​មាន​ស្រី​ម្នាក់​ ពេល​កំពុងប្រមូល​ផ្តុំ​គ្នា​ប្រើ​ប្រាស់​គ្រឿង​ញៀន​។

ពេល​ឃាត់​ខ្លួន​នោះ​សមត្ថ​កិច្ច​បានដក​ហូត​​ម៉ូតូ​ដែល​ជន​សង្ស័យ​លួច​យក​ទៅ​លក់​មក​វិញ​ផង​ដែរ​ ៕