ម៉ូតូ​២គ្រឿង​​បុកគ្នានៅ​​មុខ​ផ្សារ​វាល​រេញ រងរបួស​ធ្ងន់​ទាំង​សង​ខាង​

​ខេត្ត​ព្រះសីហនុ ៖ ​មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​​រវាង​ម៉ូតូ​បុក​ជា​មួយ​ម៉ូតូ​បណ្តាល​ឱ្យ​​រង​របួស​ធ្ងន់​​​ទាំង​២នាក់​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​​ កាល​ពី​វេលា​ម៉ោង​៥និង​២៥នាទី​​ល្ងាច​​ថ្ងៃ​ទី​១៧ ធ្នូ ២០១៥ ​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤ មុខ​ទីប្រជុំ​ជន​​ផ្សារ​វាល​រេញ​ ​ស្ថិតនៅ​​ក្នុង​ភូមិ​​បឹង​វែង ឃុំ​វាល​រេញ ស្រុក​​ព្រៃនប់ ។​

ប្រភព​ព័ត៌​មាន​​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ គេ​ឃើញ​ម៉ូតូ​​​ម៉ាក​​វ៉េវ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​ ​មួយ​គ្រឿង ​បើក​បរ​ដោយ​ឈ្មោះ ម៉ៅ សុខុម ​ភេទ​ប្រុស ​អាយុ​៤៧​ឆ្នាំ ​មាន​ទីលំនៅ​​ភូមិ​បឹង​វែង ឃុំ​វាលរេញ ​​ធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បួង លុះ​មក​ដល់​ចំណុច​កើតហេតុ​បាន​បត់​ឆ្វេង​ដៃ ​ក៏​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​​ហុង​ដា​ ​ធុន​សេ​១២៥ ស៊េរីឆ្នាំ​២០១៤ ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ1C-6759 ​បើក​បរ​ដោយ​ឈ្មោះ ថា ​ភេទប្រុស ​​រស់នៅ​ភូមិ​តានៃ ឃុំ​ជើង​គោ ស្រុក​ព្រៃនប់ ​​ធ្វើ​ដំណើរ​​​ស្រប​​ទិស​គ្នា​ បុក​ពេញ​ទំហឹង​បណ្តាល​ឱ្យ​​​រង​របួសធ្ងន់​​ទាំង​​សង​ខាង​​តែ​ម្តង ។​

ក្រោយ​កើត​ហេតុ ជន​រង​គ្រោះ​ទាំង​២នាក់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯក​ជន ចំណែក​​ម៉ូតូ​ទាំង​២គ្រឿង​ត្រូវ​បានសមត្ថកិច្ច​​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិ​ការ​ដ្ឋាន​នគរ​បាលស្រុក​ ​រង់​ចាំ​ដោះ​ស្រាយ​គ្នា​​នៅ​ពេល​ក្រោយ ៕