ប្រធាន​សហព័ន្ធ​កីឡា​ប៉េតង់​អាស៊ី​ចាត់​ទុក​កម្ពុជា ជា​ជើង​ខ្លាំង​មួយ​លើ​ឆាក​អន្តរជាតិ

ប្រធាន​សហព័ន្ធ​កីឡា​ប៉េតង់​អាស៊ី​ចាត់​ទុក​កម្ពុជា ជា​ជើង​ខ្លាំង​មួយ​លើ​ឆាក​អន្តរជាតិ

ការ​ដណ្ដើម​បាន​មេដាយ​គ្រប់​ព្រឹត្តិការណ៍​កីឡា​ប៉េតង់​របស់​កីឡាករ-កីឡា​ការិនី​កម្ពុជាទាំង​ថ្នាក់​តំបន់​ ទ្វីប និង​ទាំង​មេដាយ​មាស​ពិភពលោក២​សម័យ​របស់​អ្នក​ស្រី កែ ឡេង បាន​ធ្វើ​ឲ្យ​កម្ពុជា​រីក​មុខ​មាត់​លើ​ឆាក​អន្តរជាតិ។ ជាមួយ​គ្នា​នេះ​ដែរ លោក Eddie LIM ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​អាស៊ី ក៏​ចាត់​ទុក​កម្ពុជា ជា​ប្រទេស​ជើង​ខ្លាំង​មួយ​លើ​ឆាក​អន្តរជាតិ​ក្នុង​ប្រភេទ​កីឡា​ប៉េតង់។

 

ប្រធាន​សហព័ន្ធ​កីឡា​ប៉េតង់​អាស៊ី​ចាត់​ទុក​កម្ពុជា ជា​ជើង​ខ្លាំង​មួយ​លើ​ឆាក​អន្តរជាតិ
លោក Eddie LIM កំពុង​បោះ​ប៊ូល​ជា​និមិត្ត​រូប​បើក​ការ​ប្រកួត

 

លោក Eddie LIM បាន​និយាយ​នៅ​ក្នុង​ពិធី​បើក​ការ​ប្រកួត​កីឡា​ប៉េតង់​ជើង​ឯក​អាស៊ី​​កាល​ពី​​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា៖ «ស្តង់ដារ​ប៉េតង់​នៅ​អាស៊ី​ចាប់​ផ្ដើម​រីក​ចម្រើន​កាន់​តែ​ខ្លាំង​ហើយ ដូច​នៅ​តាម​បណ្ដា​ប្រទេស​អឺរ៉ុប​ដែរ… ប្រទេស​ពីរ ដួច​ជា​កម្ពុជា ​និង​ថៃ​មាន​សមត្ថភាព​ប្រកួត​ប្រជែង​លំដាប់​ថ្នាក់​ពិភពលោក។ កម្ពុជា​ជា​ប្រទេស​ជើង​ខ្លាំង​មួយ​ខាង​ប៉េតង់ ជា​ពិសេស​នោះ​គឺ​អបអរ​សាទរ​ដល់​អ្នក​ស្រី កែ ឡេង ដែល​នាំ​កិត្តិយស​ជូន​កម្ពុជា»។

 

លោក Eddie បាន​ជួប​ក្រុម​កីឡាករ-កីឡា​ការិនី​ប៉េតង់​កម្ពុជា​ច្រើន​ដង​រួច​មក​ហើយ បន្ទាប់​ពី​ត្រូវ​បោះ​ឆ្នោត​ជ្រើស​រើស​ឲ្យ​កាន់​តំណែង​កាល​ពី​ឆ្នាំ​២០១៣។ ដោយសារ​បែប​នេះ ទើប​លោក​ហ៊ាន​អះ​អាង​ថា​ កម្ពុជា​មាន​សមត្ថភាព​​ខ្លាំង​លើ​ផ្នែក​កីឡា​ប៉េតង់។ កាល​ពី​ដើម​ខែ​មេសា​ឆ្នាំ ២០១៥​នេះ លោក​បាន​ធ្វើ​ដំណើរ​មក​កម្ពុជា ក្នុង​ពិធី​បើក​ការ​ប្រកួត​កីឡា​ប៉េតង់​ជើង​ឯក​អាស៊ាន និង​ជួប​ក្រុម​កម្ពុជា​ម្ដង​ទៀត ក្នុង​ព្រឹត្តិការណ៍​កីឡា​ប៉េតង់​ជើង​ឯក​ពិភពលោក​ផ្នែក​នារី និង​យុវជន​នៅ​ប្រទេស​ថៃ​កាល​ពី​ខែ​វិច្ឆិកា។

 

កម្ពុជា​បាន​ដណ្ដើម​យក​មេដាយ​មាស៤​គ្រឿង និង​មេដាយ​ប្រាក់​មួយ​គ្រឿង ពី​ព្រឹត្តិការណ៍​ប៉េតង់​ជើង​ឯក​អាស៊ី​លើក​ទី១៨ នៅ​ប្រទេស​ឡាវ។ ចំណែក​ព្រឹត្តិការណ៍​ព្រឹត្តិការណ៍​ប៉េតង់​ជើង​ឯក​អាស៊ាន​លើក​ទី២ នៅ​កម្ពុជា​កាល​ពី​ខែ​មេសា កម្ពុជា​បាន​ប្រមូល​មេដាយ​មាស៣ ប្រាក់​៣ និង​សំរឹទ្ធ​៥។ រឹត​តែ​ពិសេស គឺ​អ្នក​ស្រី កែ ឡេង បាន​ឈ្នះ​មេដាយ​មាស ក្នុង​ព្រឹត្តិការណ៍​កីឡា​ប៉េតង់​ជើង​ឯក​ពិភពលោក​នៅ​ប្រទេស​ថៃ កាល​ពី​ខែ​មុន​នេះ៕

 

ប្រធាន​សហព័ន្ធ​កីឡា​ប៉េតង់​អាស៊ី​ចាត់​ទុក​កម្ពុជា ជា​ជើង​ខ្លាំង​មួយ​លើ​ឆាក​អន្តរជាតិ
ម្ចាស់​មេដាយ​ម៉ាស​ប៉េតង់ពិភពលោក ២​សម័យ កែ ឡេង
 

អត្ថបទ៖ គង់ វិសាល ​​