លោកកឹម សុខា ផ្តាំផ្ញើសមាជិក ឲ្យបន្តសកម្មភាព ទៅរកការបោះឆ្នោត ថ្នាក់ជាតិ ទោះស្ថានភាព នយោបាយមិនទាន់ ដោះស្រាយចប់

ភ្នំពេញ ៖ អនុប្រធាន គណបក្សសង្រ្គោះជាតិ (CNRP) លោក កឹម សុខា បានថ្លែងថា ទោះបីជាដំណោះ ស្រាយនយោបាយ មិនទាន់បានដោះស្រាយចប់ នៅឡើយ ក៏ប៉ុន្តែសមាជិក-សមាជិកាបក្សទាំងអស់ ត្រូវតែបន្តសកម្មភាពឲ្យរឹតតែខ្លាំងឡើង ដើម្បីឆ្ពោះទៅរកការបោះឆ្នោត ឆ្នាំ២០១៧ ឆ្នាំ២០១៨ខាងមុខ។

លោកបានថ្លែងបែបនេះ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០១៥ នៅពេលលោកបាន ដឹកនាំ អង្គប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍ នៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ។

បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកលោក កឹម សុខា បានឲ្យដឹងថា “ក្នុងអង្គប្រជុំនេះ ខ្ញុំបានជម្រាប ជូនដល់សមាជិក-សមាជិកា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិថា ទោះបីជាដំណោះស្រាយនយោបាយ ដែលយើងកំពុងចរចារនោះ មិនទាន់បានដោះស្រាយ នៅឡើយក៏ដោយ គណបក្សសង្គ្រោះជាតិ មិនត្រូវរង់ ចាំឡើយ យើងត្រូវធ្វើសកម្មភាព ប្រើប្រាស់យន្ដការរបស់យើងឲ្យរិតតែសកម្មឡើង ដើម្បីឆ្ពោះទៅរកការ បោះឆ្នោតឆ្នាំ២០១៧ ឆ្នាំ២០១៨ ។ ពេលវេលា មិនរង់ចាំយើងទេ”៕

លោកកឹម សុខា ផ្តាំផ្ញើសមាជិក ឲ្យបន្តសកម្មភាព ទៅរកការបោះឆ្នោត ថ្នាក់ជាតិ ទោះស្ថានភាព នយោបាយមិនទាន់ ដោះស្រាយចប់