ក្រុមហ៊ុន គង់នួន គ្រុប ប្រកាសលក់ ចែកចាយ ម៉ាស៊ីនច្រូតស្រូវ ស្វ័យប្រវត្តិ ម៉ាកយ៉ាន់ម៉ា នៅទីផ្សារកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនគង់នួនគ្រុប ខូ អិល ធីឌី បានប្រកាសជាផ្លូវការ នូវការលក់ចែកចាយ ម៉ាស៊ីនច្រូតស្រូវ ស្វ័យប្រវត្តិម៉ាកយ៉ានម៉ា ( YANMAR ) ដែលជាផលិតផលរបស់ប្រទេសជប៉ុន នៅក្នុងទីផ្សារប្រទេសកម្ពុជា ចាប់ពីថ្ងៃជូនដំណឹង។

នេះបើតាមការប្រកាសឲ្យដឹង របស់លោកឧកញ៉ា គង់ នួន អគ្គនាយកក្រុមហ៊ុន គង់នួនគ្រុបខូអិលធីឌី ក្នុងសន្និសីទសារព័ត៌មាន ដែលបានធ្វើឡើង កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ នៅកោះពេជ្រ ក្នុងរាជធានីភ្នំពេញ។

បើតាមលោក ឧកញ៉ា គង់នួន ដើម្បីឆ្លើយតបទៅ និងកំណើននៃការគាំទ្រ និងតម្រូវការពីអតិថិជន ក្នុងវិស័យគ្រឿងចក្រ ផ្នែកកសិកម្ម ក្រុមហ៊ុនបាននាំចូលនូវផលិតផល ម៉ាស៊ីនច្រូតស្រូវស្វ័យប្រវត្តិ ម៉ាក យ៉ានម៉ានេះឡើង ដែលជាផលិតផលរបស់ប្រទេសជប៉ុន ដែលមានភាពងាយស្រួលក្នុងការច្រូតស្រូវ ដើម្បីបង្កើនសង្វាក់ផលិតកម្ម និងទិន្នផលស្រូវរបស់ប្រជាកសិករ។

លោកឧកញ៉ា គង់នួន រោងចក្រយ៉ានម៉ា ត្រូវបានបង្កើតឡើង ជាង១០០ឆ្នាំមកហើយ នៅប្រទេសជប៉ុន នឹងត្រូវបានចែកចាយ លក់នៅលើទីផ្សារពិភពលោក ជាផលិតផលដែលមានឈ្មោះល្បីនិងឈានមុខគេ នៅលើពិភពលោក។

 លោកឧកញ៉ា សង្ឃឹមថា អតិថិជនទាំងអស់ និងបន្តគាំទ្រផលិតផលនេះ និងអរគុណ ក្រុមហ៊ុនយ៉ានម៉ា ដែលបានសម្រេចចិត្តជ្រើសរើស ក្រុមហ៊ុនគង់នួនគ្រុប ធ្វើជាដៃគូក្នុងការនាំចូល ចែកចាយផ្តាច់មុខជាផ្លូវ ការផលិតផល យ៉ានម៉ា ដែលមានប្រភេទ ម៉ាស៊ីនឌីយ៉ែសែល ត្រាក់ទ័រ គោយន្ត និងម៉ាស៊ីន ច្រូតស្រូវ ស្វ័យប្រវត្តិ។

លោក សាតូស៊ី នីស៊ីអូកា តំណាងក្រុមហ៊ុន យ៉ានម៉ា ជប៉ុន បានថ្លែងដែរថា ដោយមើលឃើញប្រទេសកម្ពុជា ជាប្រទេសកសិកម្ម ពិសេសដំណាំស្រូវ ទើបក្រុមហ៊ុនយ៉ានម៉ា ដែលបានសម្រេចចិត្តជ្រើសរើស ក្រុមហ៊ុនគង់នួនគ្រុប ធ្វើជាដៃគូក្នុងការនាំចូល ចែកចាយផ្តាច់មុខជាផ្លូវការផលិតផលយ៉ានម៉ានេះនៅកម្ពុជា។

លោក ពេជ្រ វណ្ណូ អគ្គនាយករង នាយកដ្ឋានគ្រឿងយន្តកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានចាត់ទុកវត្តមាន នៃម៉ាស៊ីនច្រូតស្រូវស្វ័យប្រវត្តិម៉ាកយ៉ានម៉ា នៅក្នុងទីផ្សារគ្រឿងយន្តកសិកម្មកម្ពុជា តាមរយៈការនាំចូល លក់ និងចែកចាយផ្តាច់មុខ ដោយក្រុមហ៊ុន គង់នួនគ្រុប នាពេលនេះ គឺជាការរួមចំណែក ដល់ការលើកស្ទួយវិស័យកសិកម្ម ពិសេសការច្រូតកាត់ប្រមូលផលស្រូវ របស់ប្រជាកសិករ កាន់តែប្រសើរនិងងាយស្រួលជាងមុន និងបានគ្រប់ស្ថានភាពស្រែទៀតផង៕

ក្រុមហ៊ុន គង់នួន គ្រុប ប្រកាសលក់ ចែកចាយ ម៉ាស៊ីនច្រូតស្រូវ ស្វ័យប្រវត្តិ ម៉ាកយ៉ាន់ម៉ា នៅទីផ្សារកម្ពុជា

ក្រុមហ៊ុន គង់នួន គ្រុប ប្រកាសលក់ ចែកចាយ ម៉ាស៊ីនច្រូតស្រូវ ស្វ័យប្រវត្តិ ម៉ាកយ៉ាន់ម៉ា នៅទីផ្សារកម្ពុជា