អត្រា មរណភាពមាតា នៅកម្ពុជា ធ្លាក់ចុះ ក្នុងឆ្នាំ២០១៥

ភ្នំពេញ ៖ យោងតាមរបាយការណ៍ របស់គណៈកម្មការស្រាវជ្រាវ មរណៈមាតាថ្នាក់ជាតិ នៃក្រសួង សុខាភិបាលបានឲ្យដឹងថា ក្នុងឆ្នាំ២០១៥នេះ អត្រាមរណមាតា ក្នុងឆ្នាំ២០១៥ធ្លាក់ ចុះបើប្រៀបធៀប នឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៤ ក្នុងក៏បានបង្ហាញថា មានស្រ្តីខ្មែរភាគច្រើន នាពេលបច្ចុប្បន្ន ជ្រើសរើសឆ្មបជំនាញដើម្បីជួយសំរាលនៅតាមមន្ទីរពេទ្យ។

កាលពីថ្ងៃទី១៧ខែធ្នូ គណៈកម្មការស្រាវជ្រាវ មរណៈមាតាថ្នាក់ជាតិ ដែលបង្កើតឡើងដោយក្រសួង សុខាភិបាលបានជួបប្រជុំគ្នាប្រចាំឆ្នាំ ដើម្បីបង្ហាញពីការស្រាវជ្រាវថ្នាក់ជាតិមួយ ដើម្បីបង្ហាញពីតួរលេខ ចំនួនមាតាស្លាប់ក្នុងអំឡុងពេលពរពោះ និងសម្រាលកូន ក៏ដូចជាមូលហេតុចំបងៗ ដែលបណ្តាលឲ្យ ស្រ្តីស្លាប់ ក្នុងពេលសម្រាលកូន ដែលគិតថាមានឧសគ្គធំដូចឆ្លងទន្លេពិតអាចស្លាប់ឬរស់។

ក្នុងរបាយការណ៍នោះបានបង្ហាញថា មានស្រ្តីចំនួន១០០នាក់បានស្លាប់ ក្នុងឆ្នាំ២០១៥ ដែលត្រូវបាន រាយការណ៍ពីគ្រប់ខេត្ត ក្នុងនោះមាន៩០ករណីត្រូវបានគណៈកម្មការចុះអង្កេត។ ចំនួននេះមានការថយ ចុះបើប្រៀបធៀបនឹងរយៈដូចគ្នាកាលពីឆ្នាំ២០១៤មានស្រី្តចំនួន១១៣នាក់បានស្លាប់។

យោងតាមរបាយការណ៍បានបង្ហាញទៀតថា ស្រ្តី ៧៣,៣៣ % ជ្រើសរើសឆ្មបជំនាញក្នុងឆ្នាំ ២០១៥ កើនឡើង បើប្រៀបធៀបនឹងឆ្នាំ ២០១៤ មាន ៦៥,៤៥ % និងស្រ្តី ៧,៧៨ % ជ្រើសរើសឆ្មបបុរាណ ក្នុងឆ្នាំ២០១៥ និង ១០,៩១% ក្នុងឆ្នាំ ២០១៤។

ជាមួយគ្នានេះមានស្រ្តីចំនួន ៦១,១១% ក្នុងឆ្នាំ ២០១៥ សម្រាលនៅមន្ទីរពេទ្យ និង ២០% សម្រេចចិត្ត សម្រាលនៅផ្ទះ។ ជាមួយគ្នានេះ មានស្រ្តី ៥៩% ក្នុងឆ្នាំ ២០១៥ បានស្លាប់នៅមន្ទីរពេទ្យបង្អែកនៅឆ្នាំ ២០១៥ និងស្រ្តី ១១% ស្លាប់នៅ ផ្ទះ។

អត្រា មរណភាពមាតា នៅកម្ពុជា ធ្លាក់ចុះ ក្នុងឆ្នាំ២០១៥