សម្តេច​ហ៊ុនសែន​៖ ទស្សនកិច្ច​នៅ​ថៃ ដើម្បី​ពង្រឹង​ចំណងទាក់ទង​រវាង​ប្រទេស​ទាំងពីរ​លើ​គ្រប់​វិស័យ​

ភ្នំពេញ: នៅពេល​អញ្ជើញ​ដល់ទី​ក្រុង​បាងកក ប្រទេស​ថៃ នា​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៥ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុនសែន បានប្រកាសថា ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ទៅកាន់​ប្រទេស​ថៃ​រយៈពេល​ពីរ​ថ្ងៃនេះ ដើម្បី​ពង្រឹង​ចំណងទាក់ទង​រវាង​ប្រទេស​ទាំងពីរ​លើ​គ្រប់​វិស័យ​។​

​សម្តេច​តេ​ជោ ហ៊ុនសែន បាន​លើកឡើងថា "​ទស្សនកិច្ច​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ពង្រឹង​ចំណងទាក់ទង​រវាង​ប្រទេស​ទាំងពីរ​លើ​គ្រប់​វិស័យ ដែល​នឹង​ផ្តល់ឱយ​ប្រជាជន​ទាំងសងខាង​ទទួលបាន​ផលប្រយោជន៍​ពី​ទំនាក់ទំនង​ដ៏​ល្អ​នេះ​"​។​

​សូម​រម្លឹកថា នៅ​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ​នេះ នាយករដ្ឋមន្ត្រី​ថៃ លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា បានរៀបចំ​កម្រាលព្រំ​ក្រហមឆ្អៅ ទទួល​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុនសែន នៅ​វិមាន​រាជរដ្ឋាភិបាល​ថៃ​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់ស​ម្តេច​ហ៊ុនសែន នៅ​ប្រទេស​ថៃ ពីរ​ថ្ងៃនេះ បានធ្វើ​ឡើង ដើម្បី​អបអរសាទរ​ខួប ៦៥​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​កម្ពុជា និង​ថៃ​។

​ក្រៅពីនោះ ប្រមុខ​រាជរដ្ឋាភិបាល​ទាំងពីរ ក៏​នឹង​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ចម្រុះ កម្ពុជា​-​ថៃ លើក​ទី​២ ដើម្បី​ពិនិត្យ​បញ្ហានយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គម វប្បធម៌ និង​អប់រំ​។​

​កិច្ចព្រមព្រៀង និង​ឯកសារ​មួយចំនួន ក៏​នឹងត្រូវ​ចុះហត្ថលេខា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល នៅ​ទីក្រុង​បាងកក ផងដែរ រួមមាន​៖ សេចក្តីថ្លែងការណ៍​រួម នៃ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ចម្រុះ​កម្ពុជា​-​ថៃ លើក​ទី​២​។ អនុស្សារណៈ នៃ​ការយោគយល់ ស្តីពី​ការអភិវឌ្ឍន៍​ច្រកទ្វារ​អន្តរជាតិ​ស្ទឹង​បត់​-​ណង​អៀន​។ អនុស្សារណៈ នៃ​ការយោគយល់ ស្តីពី​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​ការងារ​។ កិច្ចព្រមព្រៀង ស្តីពី​ការប្រើប្រាស់​កម្លាំង​ពលករ​។ និង​កិច្ចព្រមព្រៀង ស្តីពី​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រុមប្រឹក្សា​ធុរៈកិច្ច​កម្ពុជា​-​ថៃ និង​ក្រុមប្រឹក្សា​ធុរៈកិច្ច​ថៃ​-​កម្ពុជា​។​

​បន្ថែម​ពីនេះ  កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​វិនិយោគ​ជាច្រើន​ផ្សេងទៀត ក៏​នឹងត្រូវ​ចុះហត្ថលេខា​រវាង​រាជរដ្ឋាភិបាល​ប្រទេស​ជាប់​ព្រំដែន​ទាំងពីរ​ផងដែរ​៕​

ទិដ្ឋភាពនៃការចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញរបស់ សម្ដេច តេជោ និងប្រតិភូអមដំណើរ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមប្រជុំគណះរដ្ឋមន្ត្រី នៃប្រទេសទាំងពីរ នៅទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃ

Posted by Samdech Hun Sen, Cambodian Prime Minister on Thursday, December 17, 2015