ក្រុមហ៊ុន អាយ​អិន​ជី ហូល​ឌី​ង យក​កម្លាំង​ប៉ូលិស​និង​សន្តិសុខ​ទៅ​កាង​ឡាន​ដឹក​ដី ចាក់​រំលោភ​លើដី ពលរដ្ឋ​

ភ្នំពេញ: ក្រុមហ៊ុន អាយ​អិន​ជី ហូល​ឌី​ង បាន​យក​កម្លាំង​ប៉ូលិស និង​សន្តិសុខ​ជាច្រើន ទៅ​កាង​ការពារ​គ្រឿងចក្រ និង​ឡាន​ដឹក​ដី ដើម្បី​ចាក់ដី​រំលោភបំពាន​លើដី​ប្រជាពលរដ្ឋ នៅ​ភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ ដោយ​មិនមាន​អាជ្ញាធរ​ខណ្ឌ​និង​សាលា​រាជធានី​ភ្នំពេញ ចុះទៅ​ជួយ​ធ្វើ​អន្តរាគមន៍ និង​ដោះស្រាយ​នោះទេ ដោយ​បណ្តែតបណ្តោយ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​សកម្មភាព​តាមចិត្ត​។
​    ​
​ក្រុមហ៊ុន អាយ​អិន​ជី ហូល​ឌី​ង បាន​កំពុងតែ​ធ្វើ​សកម្មភាព​យក​ឡាន​ដឹក​ដី​ចាក់​រំលោភបំពាន​លើដី​របស់​ប្រជាពលរដ្ឋ​ដែល​មិនទាន់​ដោះស្រាយ​សំណង​ដល់​ប្រជាពលរដ្ឋ បានកើត​ឡើង​នៅ​រសៀល​ថ្ងៃទី​១៨ ខែធ្នូ នេះ ។​
​    ​
​ក្រុមហ៊ុន អាយ​អិន​ជី ហូល​ឌី​ង ទទួលបាន​សិទ្ធិ​ក្នុង​ការធ្វើ​ផ្លូវ​សម្តេច​តេ​ជោ ដែលមាន​ទទឹង ៦០​ម៉ែត្រ និង​បណ្តោយ​ជាង​៩​គីឡូម៉ែត្រ ដោយ​ត​ភ្ជាប់​ពី​ផ្លូវ​២៧១ ទៅ​ផ្លូវជាតិ​លេខ​២​។ ក៏ប៉ុន្តែ​ក្រុមហ៊ុន​មិនបាន​ដោះស្រាយ​ផ្តល់​សំណង​ដល់​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​នោះទេ​។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ទាក់ទង​ករណីនេះ គឺមាន​ការពាក់ព័ន្ធ​ជាមួយ​អាជ្ញាធរ​ខណ្ឌដង្កោ និង​សាលា​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន អាយ​អិន​ជី ហូល​ឌី​ង បិតបាំង​ព័​ត៍​មានមក​ឲ្យ​ដឹង​ដល់​ថ្នាក់លើ រហូត​ឈានដល់​ការរំលោភបំពាន​លើដី​ប្រជាពលរដ្ឋ​ដែល​មិនទាន់​ដោះស្រាយ​។​
​    ​
​ប្រភព​ដដែល​បាន​បន្តថា បន្ទាប់ពី​មាន​បញ្ហា​សាលាខណ្ឌ​ដង្កោ​បាន​ហៅ​ម្ខា​ស់ដី និង​តំណាង​ក្រុមហ៊ុន ចូលទៅ​ដោះស្រាយ កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៥ ក៏ប៉ុន្តែ​មិនទាន់បាន​ដំណោះស្រាយ​អ្វី​ទេ​។ ដោយ​នៅក្នុង​កិច្ចប្រជុំ​នោះ តំណាង​ក្រុមហ៊ុន​បាន​លើកឡើងថា ក្រុមហ៊ុន​មិន​សង​សំណង​ដល់​ប្រជាពលរដ្ឋ​នោះទេ​។ ហើយ ខណៈ ពេល ​ប្រជាពលរដ្ឋ​ម្ចាស់​ដី និង​តំណាង​ក្រុមហ៊ុន ជួបចរចា​គ្នា​នៅ​សាលាខណ្ឌ ក៏​ស្រាប់តែ​ក្រុមហ៊ុន​បាន​យក​កំលាំង​ប៉ូលិស និង​សន្តិសុខ​ជាច្រើន​នាក់​ទៅ​ដាក់​ការពារ​ឡាន​ដឹក​ដី ដើម្បី​រំលោភ​លើដី​ប្រជាពលរដ្ឋ​។ ហើយ​ក្រុមហ៊ុន​បាន​យក​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល មក​គាបសង្កត់​លើ​ប្រជាពលរដ្ឋ​ម្ចាស់​ដី​ក្នុង​ការធ្វើ​ផ្លូវ​សម្តេច ហ៊ុន សែន ដែលមាន​ទទឹង ៦០​ម៉ែត្រ និង​បណ្តោយ​ជាង​៩​គីឡូម៉ែត្រ ដោយ​ត​ភ្ជាប់​ពី​ផ្លូវ​២៧១ ទៅ​ផ្លូវជាតិ​លេខ​២​។

​ប្រជាពលរដ្ឋ​ម្ចាស់​ដី​បាន​ឲ្យ​ដឹងថា ដោយសារតែ​អាង​អំណាច​មន្ត្រីប៉ូលិស​ពាក់​ផ្កាយ​ម្នា​ក់នៅ​ក្រសួងមហាផ្ទៃ និង​ឧកញ៉ា​ម្នាក់ ទើបបានជា​ក្រុមហ៊ុន អាយ​អិន​ជី ហូ​ឌី​ង មិន​ខ្លាចញញើត​នឹង​ច្បាប់ យក​គ្រឿងចក្រ​ទៅ​ដាល់​លើដី​ប្រជាពលរដ្ឋ​ទាំង​បំពាន និង​មិន​ព្រម​ដោះស្រាយ​សំណង​សមរម្យ​ដល់​ប្រជាពលរដ្ឋ​។​

​ប្រជាពលរដ្ឋ​បានធ្វើការ​អំពាវនាវ​ឲ្យ​លោកប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ រួមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជួយ​ធ្វើ​អន្តរាគមន៍​ដល់​ពួកគាត់​ផង​។​ ​យោងតាម​ប្លង់​បង្ហាញ​ទីតាំង​ធ្វើ​ផ្លូវ ក៏បាន​បង្ហាញថា ការធ្វើ​ផ្លូវ​នេះ ពិតជា​ប៉ះពាល់​ដល់​ដី​ប្រជាពលរដ្ឋ​។​

​សូមជម្រាបថា ករណីនេះ​បានកើត​ឡើង​តាំងពី​ថ្ងៃទី​ថ្ងៃទី​១៧ ខែធ្នូ ដោយ​ក្រុមហ៊ុន អាយ​អិន​ជី ហូ​ឌី​ង បាន​យក​គ្រឿងចក្រ​ទៅ​ដាក់​លើដី​របស់​ប្រជាពលរដ្ឋ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ម្ចាស់​ដី​ផ្ទុះ​ការតវ៉ា​ដោយ​ដុត​កងឡាន​ប្រឆាំង​ជាមួយ​ក្រុមហ៊ុន  និង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ដក​គ្រឿងចក្រ​ចេញពី​លើដី​របស់​ពួកគាត់​។
​ទាក់ទង​ករណី​ខាងលើនេះ នៅ​មិនទាន់​សុំ​ការបំភ្លឺ​ពី​ភាគី​ខាង​ក្រុមហ៊ុន អាយ​អិន​ជី ហូល​ឌី​ង បាន​នៅឡើយ​ទេ​៕​