រដ្ឋាភិបាលថ្មី របស់ភូមា នឹងកាត់បន្ថយ ចំនួនក្រសួង ឲ្យតិចជាងមុន

រ៉ង់ហ្គូន៖ រដ្ឋាភិបាលថ្មី របស់មីយ៉ាន់ម៉ា ដែលដឹកនាំដោយ គណបក្សរបស់ លោកស្រី អ៊ុងសាន ស៊ូជី នោះ នឹង ជ្រើសយក ក្រសួងមួយចំនួន ដាក់បញ្ចូលគ្នា ជាក្រសួងតែមួយ ដើម្បីជម្រុញឲ្យ ការងារក្នុងជួររដ្ឋាភិបាល កាន់តែ មានប្រសិទ្ធិភាព ជាងមុន ប៉ុន្តែ បុគ្គលិករដ្ឋនានា នឹងមិនមាន ការដកដាក់ ឬ ផ្លាស់ប្តូរនោះឡើយ។

នេះបើតាមស៊ិនហួ ដកស្រង់សម្តីរបស់លោកស្រី ស៊ូជី ថ្លែងចំពោះមុខកិច្ចប្រជុំសភា នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០១៥។

នៅក្នុងនោះដែរ ស្ត្រីដ៏មានប្រជាប្រិយភាពប្រចាំសហភាព មីយ៉ាន់ម៉ា ក៏បានលើកទឹកចិត្តឲ្យ បុគ្គលិករដ្ឋទាំងអស់ បង្កើនសមត្ថភាពបំពេញការងាររៀងៗខ្លួន ដោយធ្វើការហ្វឹកហ្វឺន ជំនាញ បន្ថែម ពីមន្ត្រីជំនាញ ដែលរដ្ឋតែងតាំង។

បច្ចុប្បន្ននេះ រដ្ឋាភិបាលភូមា មានចំនួន ៣៩ ក្រសួង និង រដ្ឋមន្ត្រីព្រមទាំងអនុរដ្ឋមន្ត្រីសរុបជាង ៩០រូប ដែលក្រសួង ខ្លះ អាចបញ្ចូលជាក្រសួង តែមួយបាន ដើម្បីប្រសិទ្ធភាពការងារ។

គួរបញ្ជាក់ថា លោកស្រី ស៊ូជី និង ប្រធានសភាបច្ចុប្បន្នលោក យូ ស្វេម៉ាន់ កាលពីថ្ងៃ ព្រហស្បតិ៍ បានសម្រេចធ្វើ ការងារ រួមគ្នា លើការរៀបចំទទួលសមាជិកសភាថ្មី សម្រាប់ អណត្តិក្រោយ ដែលគ្រោងនឹងធ្វើឡើង នៅខែកុម្ភៈ ឆ្នាំ ២០១៥ បន្ទាប់ពីសភានេះ ផុត អណត្តិ នៅថ្ងៃទី ៣០ ខែមករា នោះ។ ដោយឡែកការបង្កើតរដ្ឋាភិបាលថ្មី នឹងធ្វើ ឡើងនៅខែមីនា៕

រដ្ឋាភិបាលថ្មី របស់ភូមា នឹងកាត់បន្ថយ ចំនួនក្រសួង ឲ្យតិចជាងមុន