ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ២៥

ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ២៥

​ឥឡូវនេះ ចាប់ពី​ក្បាល​ដល់​កែងជើង កូន​មាន​ប្រវែង​ប្រហែល ៣៥ សង់ទីម៉ែត្រ​ហើយ​។ ចំពោះ​ទម្ងន់​វិញ  ០,៦៨ គីឡូក្រាម​។ គេ​កំពុងតែ​ចាប់ផ្តើម​ផ្លាស់ប្តូរ​ប្រវែង​ខ្លួន ហើយ​រាងកាយ​មើលទៅ ដូចជា​ញាត់​ខ្លាញ់​មួយចំនួន​ហើយ​។ ជាមួយគ្នានេះដែរ ស្បែក​ដ៏​ជ្រីវជ្រួញ​របស់គេ នឹង​ចាប់ផ្តើម​រលោង​ទៅៗ និង​មើលទៅ​ដូចជា ទារក​ទើបនឹង​កើត​អញ្ជឹង​។ សក់ ក៏​កំពុងតែ​ដុះ​ដែរ ហើយ​ឥឡូវនេះ បើសិនជា​អាច​មើលឃើញ អ្នកនឹង​ឃើញ​សភាព​ស្រពិចស្រពិល​ទៅលើ​ពណ៌ និង​រូបរាង​របស់​សក់​នោះ​។

​កូន​របស់​អ្នក មិន​ត្រឹមតែ​មាន​សក់​ច្រើន​ប៉ុណ្ណោះ​ទេ តែ​សក់​របស់​អ្នក ក៏​ប្រហែលជា​មើល​ទៅ​ពេញ​ល្អ និង​រលោង​ជាង​មុន​ដែរ​។ រឿង​នេះ​មិនមែន​មានន័យថា អ្នក​កំពុងតែ​ដុះ​សក់​កាន់តែ​ច្រើន​ទេ ប៉ុន្តែ វា​គឺជា​ការប្រែប្រួល​អ័រម៉ូន​ទៅវិញ​ទេ ដែល​ធ្វើឲ្យ​សក់​អ្នក លូតលាស់​វែង​ជាង​ធម្មតា​។ ចូរ​រីករាយ​នូវ​ភាព​ល្អ​ពេញលេញ ជាមួយនឹង​ការ​ដុះ​សក់​ថ្មី​កាន់តែ​ច្រើន ក្រោយ​ពី​សម្រាលកូន​រួច​ទៅ​។

​អ្នក​ក៏​ប្រហែល​ជា​សម្គាល់​ឃើញថា អ្នក​មិន​អាច​ធ្វើ​ចលនា បាន​ល្អ​ដូច​ពី​មុន​ទេ​។ បើសិន​ជា​គ្រូពេទ្យ​មិន​ណែនាំ​ឲ្យធ្វើ​អ្វី​ទេ យក​ល្អ គួរតែ​បន្ត​ហាត់ប្រាណ​ទៀត ប៉ុន្តែ ត្រូវធ្វើ​ទៅតាម​សភាព ដែល​មាន​សុវត្ថិភាព ដូចជា មិន​ត្រូវ​ហាត់ប្រាណ នៅ​ពេល​អ្នក​មាន​អារម្មណ៍​អស់កម្លាំង​ខ្លាំង និង​ឈប់ ភ្លាម​បើសិនជា​មាន​អារម្មណ៍​ឈឺចាប់ វិលមុខ ឬ​ពិបាក​ដកដង្ហើម​។ មិន​ត្រូវ​គេង​ផ្ងារ និង​ចៀ​វាង​ការប៉ះពាល់ រាល់​កីឡា​ណា​ទាំងអស់ ព្រម​ទាំង​ការ​ហាត់ប្រាណ​ណាមួយ ដែល​ធ្វើឲ្យ​អ្នក មិន​អាច​រក្សា​តុល្យភាព​រាងកាយ​បាន​។ ចូរ​ប្រាកដថា អ្នក​ញ៉ាំ​ទឹក​បាន​ច្រើន និង​មាន​ពេល​កម្តៅ​សាច់ដុំ និង​បន្ធូរ​ភាព​តានតឹង​។

​នៅ​ពេល​អ្នក​ធ្វើ​តេស្ត តាមដាន​ជាតិ​គ្លុយកូស នៅ​សប្តាហ៍​ទី ២៤ ដល់ ២៨ ការ​ធ្វើតេស្ត​ឈាម​ប្រហែលជា​ត្រូវ​ធ្វើ នៅពេល​ជាមួយគ្នា​ដែរ ដើម្បី​ពិនិត្យ​រក​អាការៈ​ស្លេកស្លាំង​។ បើសិនជា​តេស្ត​ឈាម បង្ហាញ​ឃើញថា អ្នក​មាន​អាការៈ​ស្លេកស្លាំង ដោយសារ​កង្វះ​ជាតិ​ដែក (​ជំងឺ​ស្លេកស្លាំង កើត​មាន​ញឹកញាប់​បំផុត​) គ្រូពេទ្យ​ប្រហែលជា​ណែនាំ ឲ្យ​អ្នកប្រើ​ថ្នាំ​បំប៉នជាតិ​ដែក​ហើយ​។

​តើ​អ្នក​មាន​គិត​អំពី ឈ្មោះ​កូន​ហើយ​ឬ​នៅ​? ការជ្រើសរើស​ឈ្មោះ​មួយ គឺជា​ការ​សម្រេចចិត្ត​យ៉ាង​សំខាន់ ប៉ុន្តែ វា​គួរតែ​ជា​រឿង​មួយ គួរឲ្យ​អស់សំណើច​ផង​ដែ​រ​។ អ្នក​ប្រហែលជា​ចង់​ពិចារណា ចំពោះ​ប្រវត្តិ​គ្រួសារ (​ឈ្មោះ​ជីតា​) កន្លែង​ដែល​ចូលចិត្ត (​អាច​ជា​កន្លែង​ក្រេប​ច័ន្ទ​ទឹកឃ្មុំ​) ឈ្មោះ​តួកុន​ជាដើម​។ ចូរ​រក​ជំនួយ​ពី​សៀវភៅ​ឈ្មោះ​ទារក​ខ្លះ​ទៅ​។

​ការងារ​ដែល​ត្រូវ​ធ្វើ​នៅ​សប្តាហ៍​នេះ​
​ចូរ​ចំណាយ​ពេលវេលា ជាមួយ​ប្តី​នៅ​សប្តាហ៍​នេះ ៖
​ចូរ​ព្យាយាម​យកចិត្ត​ប្តី ដើម្បី​ឲ្យមាន​ការភ្ញាក់ផ្អើ​ល ដ៏​រ៉ូ​ម៉ែន​ទិច​មួយ​ទៅ​។ ចូរ​សរសេរ​នូវ​រឿងរ៉ាវ​ទាំងឡាយ ដែល​ធ្វើឲ្យ​អ្នក​ស្រឡាញ់​គាត់ ប្រាប់​គាត់​ពី​មូលហេតុ ដែល​ធ្វើឲ្យ​អ្នក​គិតថា គាត់​នឹង​ក្លាយទៅជា​ឪពុក​ដ៏​ល្អ​ម្នាក់ ឬ​ដើរ​កាន់​ដៃ​គ្នា​លំហែកាយ​ជាដើម​។ ចូរ​ចំណាយ​ពេលវេលា ភ្ជាប់​ទំនាក់ទំនង​ខាង​ផ្លូវកាយ និង​ផ្លូវចិត្ត និង​ប្រារព្ធ​នូវ​អ្វី ដែល​ធ្វើឲ្យ​អ្នក​មាន​ទំនាក់ទំនង​គ្នា និង​អ្វី​ដែល​បង្កើត​ស្នេហា​អ្នក​ទាំង​ពីរ​។ ដា​យអេន សា​នហ្វត (Diane Sanford) អ្នកឯកទេស​ខាង​រោគសញ្ញា​ជំងឺ​ចិត្តសាស្ត្រ និយាយថា យ៉ាងហោចណាស់ ក៏​ព្យាយាម​ធ្វើ​រឿង​មួយ​ដែរ​ក្នុង​មួយ​សប្តាហ៍ ដើម្បី​ផ្តល់​នូវ​ទំនាក់ទំនង​ដ៏​សំខាន់ ដល់​ប្តី​របស់​អ្នក​ក្នុង​ជីវិត​នេះ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។