លោក​អូ​បា​ម៉ា ថា​ពុំ​មានការ​គំរាមកំហែង​ភេរវកម្ម​គួរ​ឱ្យ​ជឿជាក់​ប្រឆាំង​អាមេ​រិ​ក​ឡើយ

ប្រធានាធិបតី​អា​​មេ​រិ​ក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា អះអាង​កាលពី​ថ្ងៃ​ទី​១៧ ធ្នូ ចំពោះ​ប្រជាជន​អា​មេ​រិ​ក ដោយ​លោក​មាន​ប្រសាសន៍​ថា ពុំ​មានការ​គំរាមកំហែង​ភេរវកម្ម​ពិសេស និង​គួរ​ឱ្យ​ជឿជាក់​ប្រឆាំង​សហរដ្ឋ​អា​មេ​រិ​ក​ឡើយ ក្នុង​រដូវ​កាល​វិស្សមកាល​ចុងឆ្នាំ​នេះ ។

ក្នុង​សង្កថា​មួយ​តាម​ទូរទស្សន៍​ឯ​មជ្ឈមណ្ឌល​ជាតិ​ប្រឆាំង​ភេរវកម្ម បន្ទាប់​ពី​ការ​ប្រជុំ​មួយ​ជាមួយ​ក្រុម​ទទួល​បន្ទុក​ខាង​សន្តិសុខ​ជាតិ លោក​អូ​បា​ម៉ា មាន​ប្រសាសន៍​ថា ខណៈ​ដែល​លោក​អ្នក​ប្រារព្ធ​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​សាកល មាន​បណ្តា​ជនរួមជាតិ​យើង​ដែល​លះបង់​ធ្វើ​ការងារ​២៤​ម៉ោង​លើ​២៤​ម៉ោង ដើម្បី​ការពារ​យើង​ទាំងអស់​គ្នា ។ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មនុស្ស​ទាំងនេះ បាន​កម្ទេច​ពួក​ភេរវ​ករ​យ៉ាងច្រើន​នៅ​ទីលានប្រយុទ្ធ រួច​ពួក​គេ​កម្ទេច​ការ​ប៉ុនប៉ង​នានា ហើយ​រារាំង​ការ​វាយប្រហារ​និង​ជួយ​សង្គ្រោះ​អាយុជីវិត​ពលរដ្ឋ​អា​មេ​រិ​ក ។

ការ​អះអាង​នេះ​របស់​លោក​អូ​បា​ម៉ា ធ្វើ​ឡើង​ខណៈ​ការ​ភ័យ​ខ្លាច​មានការ​កើនឡើង​ចំពោះ​ការ​គំរាមកំហែង​វាយប្រហារ​ភេរវកម្ម​នៅ​លើ​ទឹកដី​អា​េ​ម​រិ​ក បន្ទាប់​ពី​ការ​វាយប្រហារ​នៅ​ទីក្រុង SAN BERNARDINO រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា កាលពី​ដើមខែ​នេះ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១៤​នាក់ និង​របួស​២១​នាក់​មក ។

ប្រធានាធិបតី​អា​មេ​រិ​ក​ត្រូវ​ទៅ​ជួប​ជាមួយ​គ្រួសារ​ជន​រង​គ្រោះ​នៅ​កាលី​ហ្វ័​រ​នី​ញ៉ា នា​ថ្ងៃ​ទី​១៨ ធ្នូ មុន​ពេល​លោក​ទៅ​កាន់​កោះ​ហា​វ៉ៃ ដើម្បី​សម្រាក​វិស្សម​កាល។

ការ​ស្ទាបស្ទង់​មតិ​ថ្មី​មួយ​របស់ GULLUP បង្ហាញ​ថា ទំនុកចិត្ត​របស់​ពលរដ្ឋ​អា​មេ​រិ​កលើ​សមត្ថភាព​របស់​រដ្ឋាភិបាល​សហព័ន្ធ​ការពារ​ប្រជាជន​ប្រឆាំង​អំពើ​ភេរវកម្ម​មានការ​ធ្លាក់​ចុះ​យ៉ាង​ទាប​បំផុត​ជា​ប្រវត្តិសាស្ត្រ ៕