ចោរ​ចូល​​វាយ​កម្ទេច​សោ​ ​និង​​កញ្ចក់​ទូ​លួច​យក​ហិប​លុយ​សន្សំ​របស់​សិស្ស​បឋម​សិក្សាស្រុក​ព្រែក​ប្រសព្វ​

ខេត្តក្រចេះ​ ៖ នគរបាល​ស្រុក​ព្រែក​ប្រសព្វ​បាន​បញ្ជាក់​ថា នគរបាល​កំពុង​តែ​ស្រាវជ្រាវស្វែ​ងរក​ជន​ដៃដល់ដែល​បាន​ធ្វើ​សកម្មភាព​វាយ​កម្ទេច​សោបន្ទប់​ចូល​លួច​យក​ហិប​លុយ​សន្សំ​របស់សិស្សក្នុង​សាលារៀន​មួយ​ក្នុងស្រុក​ព្រែក​ប្រសព្វ​។

លោក​ចាន់ សុ​ផល្លា អធិការ​នគរបាល​ស្រុក​ព្រែក​ប្រសព្វ បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី១៨ ​ធ្នូ នេះ​ថា នៅ​​​កន្លែង​កើតហេតុ​ក្នុង​បន្ទប់​ទីចាត់ការ​របស់​សាលា​បឋម​សិក្សា​រការធំក្នុង​ឃុំ​ជ្រោយ​បន្ទាយ ក្រៅពី​បាន​ធ្វើ​សកម្មភាព​វាយ​កម្ទេច​សោ ​និង​កញ្ចក់​ទូ​ដាក់​ឯកសារ លួច​យក​ហិប​លុយ ជន​ដៃដល់​មិន​បាន​បន្សល់​ទុក​វត្ថុ​តាង​អ្វី​​នៅ​​កន្លែង​កើតហេតុនោះ​ទេ​។ 

តែ​យ៉ាងណា​ក៏​ដោយ​ នគរបាល​ក៏​បាន​ស្រាវជ្រាវ និង​កំណត់​​​មុខសញ្ញា​ខ្លះហើយ​ដែរ​។

លោក​វរសេនីយ៍ត្រី ចាន់ សុ​ផល្លា បាន​ឲ្យ​ដឹង​ថា គេ​មិន​បានដឹង​ថា លុយ​ក្នុង​ហិបដែល​ចោ​រលួច​យក​ទៅ​នោះ​មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ​ ដោយ​គ្រាន់តែ​ហិប​នេះ​ជា​ហិបសម្រាប់​ដាក់​លុយ​សន្សំ​របស់​សិស្ស​ក្នុង​សាលា​បឋម​សិក្សា និង​ត្រូវ​បាន​យក​ទៅ​រក្សា​ទុកយ៉ាង​ត្រឹមត្រូវ ដោយ​មាន​ចាក់សោទុក​ក្នុង​ទូ​ដាក់​ឯកសារ​។

បើ​តាម​ការ​សន្និដ្ឋាន​របស់​នគរបាល ជន​ដៃដល់​អាច​លួច​ចូល​មក​ធ្វើ​សកម្មភាព​វាយកម្ទេច​សោ និង​កញ្ចក់​ទូ​ឯកសារ​លួច​យក​ហិប​លុយ​នៅ​ពេល​យប់ ហើយ​ព្រឹក​ថ្ងៃ​ទី​១៨ ​ធ្នូ ទើប​មានការ​ផ្ញា​ក់​ផ្អើល ក្រោយ​ពី​មានការ​ប្រទះ​ឃើញ​​​កញ្ចក់​ទូត្រូវ​វាយ​បំបែក ចំណែកឯ​សោ​ទូ​ក៏​ត្រូវ​បាន​វាយ​កម្ទេច​ដែរ​នោះ​៕