ប្រើ​ល្បិច​ធ្វើ​ជា​ទិញ​ទូរស័ព្ទ បន្លំ​ប្តូ​រអា​ខូច​យក​អា​ថ្មី ត្រូវ​ជាប់​ខ្នោះ

ខេត្តកណ្តាល ៖ ជនសង្ស័យ​២​នាក់​ត្រូវ​សមត្ថកិច្ច​ស្រុក​ខ្សាច់កណ្តាល​ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​បន្លំ​ធ្វើ​ជា​ទិញ​ទូ​ស័ព្ទ​ដៃ​ដោយ​យក​ទូរស័ព្ទ​ខូច​ប្តូរ​យក​ទូរស័ព្ទ​ល្អ តែ​ត្រូវ​ម្ចាស់​ដឹងខ្លួន​ទាន់ ដែល​ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​០១ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៧ ធ្នូ ស្ថិត​នៅ​ចំណុច​ផ្សារ​ព្រែក​លួង ភូមិ​តា​ទេព ឃុំ​ព្រែក​លួង ស្រុក​ខ្សាច់កណ្ដាល ។

ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ​ខន សុ​ខេ​ង អាយុ​២០​ឆ្នាំ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ប៉ប្រក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​ម្នាក់​ទៀត​ឈ្មោះ​ជា ក​ក្ត​ដា អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ជន​រង​គ្រោះ​ឈ្មោះ​ញ៉ឹម លឹ​ម​ហូរ អាយុ​៣២​ឆ្នាំ ជា​លក់​ទូរស័ព្ទ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ  (​បាត់​ទូរ​សព្ទ័​ម៉ាក​Iphone5​មួយ​គ្រឿង​) ។

វត្ថុ​តាង​ដែល​ត្រូវ​ដកហូត​បាន​រួម​មាន​ទូរស័ព្ទ​ជន​រង​គ្រោះ​១​គ្រឿង ទូរស័ព្ទ​របស់​ជនសង្ស័យ​២​គ្រឿង​ម៉ាក​អាយ​ហ្វូ​ន​៥​មួយ​គ្រឿង និង​ម៉ា​កវី​វ៉ូ​១​គ្រឿង ម៉ូតូ​១​គ្រឿង​ម៉ាក​គុប​ជ្រុង​C50 ជា​មធ្យោបាយ​ជនល្មើស ។

ប្រភព​បន្ត​ថា កាលពី​ថ្ងៃ​ទី​១៧ ធ្នូ ឈ្មោះ​ញ៉ឹ​ម លឹ​ម​ហួរ អង្គុយ​លក់​ទូរ​សព្ទ័​នៅ​កន្លែង​របស់​ខ្លួន ស្រាប់តែ​ឈ្មោះ​ខន សុ​ខេ​ង និង​ឈ្មោះ​ជា កក្កដា ជិះ​ម៉ូតូ​ម៉ាក​សេ​50​គុប​ជ្រុង ពណ៌​ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AF-0027 ចូល​មក​សួ​រក​ទិញ​ទូរ​សព្ទ័​ដៃ​ម៉ាក​អាយ
ហ្វូ​ន​ហ្វា​យ​១​គ្រឿង ។ ពេល​នោះ​ឈ្មោះ​ញ៉ឹម លឹ​ម​ហូរ ក៏​យក​ទូរ​សព្ទ័​១​គ្រឿង​ឱ្យទៅ​ឈ្មោះ​ខន សុ​ខេ​ង មើល ហើយ​ក៏​សួរ​តម្លៃ​ប៉ុន្មាន? ឈ្មោះ​ញ៉ឹម លឹ​ម​ហួរ ប្រាប់​ថា តម្លៃ​២៧០​ដុល្លារ ។ បន្ទាប់​មក​ឈ្មោះ​ខន សុ​ខេ​ង ក៏​និយាយ​ថា មាន​តម្លៃ​១៧០​ដុល្លារ​ទេ ឈ្មោះ​លឹ​ម​ហូរ ក៏​យក​ទូរស័ព្ទ​របស់​ខ្លួន​ម៉ាក​អាយ​ហ្វូ​ន​ហ្វា​យ​ឱ្យទៅ​ឈ្មោះ​ខន សុ​ខេ​ង មើល ពេល​នោះ​ឈ្មោះ​ខន សុខ​ខេន បាន​បន្លំ​លួច​យក​ទូរ​សព្ទ័​នោះ​ច្រក​ក្នុង​ហោប៉ៅ​ខោ ហើយ​យក​ទូរស័ព្ទ​ខ្លួន​ដែល​ខូច​ដាក់​លើ​ទូ​ជន​រង​គ្រោះ​វិញ​ប្រាប់​ថា លុយ​មិន​គ្រប់​ទេ ចាំ​ល្ងាច ។

ភ្លាម​នោះ ជនសង្ស័យ​ទាំង​២​នាក់​ជិះ​ម៉ូតូ​គេចខ្លួន​ចេញ ហើយ​ជន​រង​គ្រោះ​ពិនិត្យ​ទូរស័ព្ទ​ទើប​ដឹង​ថា មិនមែន​ទូរស័ព្ទ​ខ្លួន ក៏​ទៅ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍​ស្ទាក់​ចាប់​ជនសង្ស័យ​ទាំង​២​នាក់​បាន​នៅ​ចំណុច​កំពង់ដ​ស្វាយ​ជ្រំ ហើយ​បញ្ជូន​មក​អធិការ ដើម្បី​អនុវត្ត តាម​នីតិវិធី ។