រថយន្ត​បែន​ដឹក​ថ្ម​​​បើក​បុក​រះ​អ្នក​ជិះ​កង់ ​​រ៉ឺ​ម៉កម៉ូតូ​ដឹក​ធ្យូង​ និង​រថយន្ត​កុងតឺន័រ​របួសធ្ងន់​៣​នាក់

រាជ​ធានីភ្នំពេញ​ ៖ រថយន្ត​នី​ស្សាន់​បែនដឹក​ថ្ម​១​គ្រឿង បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​កៀរ​ស្ត្រី​អ្នក​ជិះ​កង់ម្នាក់​បណ្ដាល​ឲ្យ​ដួល​​​របួស​ធ្ងន់ ​​ហើយរថយន្ត​នោះ​មិន​ព្រម​ឈប់​ស្ងៀម​ឡើយបាន​បើករត់គេច​ខ្លួន​​រេ​ចង្កូត​ជ្រុល​ទៅបុក​ពីក្រោយ​ម៉ូតូ​ណ្ដោ​ង​រ៉ឺ​ម៉ក​ដឹក​ធ្យូង១​គ្រឿង​ពេញទំហឹង​បណ្ដាល​ឲ្យ​អ្នក​បើក​រ៉ឺ​ម៉ក​ដឹក​ធ្យូង​ម្នាក់​រង​របួសធ្ងន់​។​

មិនតែប៉ុណ្ណោះ​កន្ទុយ​រ៉ឺ​ម៉ក​បាន​វ័ធ​ត្រូវ​ម៉ូតូ​១​គ្រឿងដែល​កំពុង​បើកបញ្ច្រាស​ទិស​ចរាចរ​បណ្ដាល​ឲ្យ​ដួល​រង​របួសធ្ងន់​ម្នាក់ រួច​រថយន្ត​នោះ​បាន​ជ្រុល​ទៅ​មុខបុក​ពីក្រោយ​រថយន្ត​ដឹក​កុងតឺន័រ​១​គ្រឿង​ទៀត ដែល​កំពុង​ឈប់​ចត​ស្ងៀម បណ្ដាល​ឲ្យ​ដាច់​កង់​មុខខ្លួនឯង​ទាំង​ពីរ​​ទើប​ទៅ​មុខ​លែង​រួច ហើយ​អ្នកបើកបរ​ត្រូវ​បាន​ប៉ូលិស​ឃាត់​​ខ្លួន​ភ្លាម​ៗ​ដែរ​។

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​ព្រឹក ​ថ្ងៃ​ទី​១៨ ​ធ្នូ ​​២០១៥ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤​ ត្រង់​ចំណុច​មុខ​ស្ថា​នី​យប្រេងឥន្ធនៈ​កាល់​តិច ស្ថិត​ក្នុងភូមិ​កន្ទោក​ខាងជើង ​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​៕

ព័ត៌​មាន​លម្អិត​​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព