មន្ត្រី​​ជំនាញ​ចុះ​ត្រួតពិនិត្យ​ទីផ្សារ និង​ផ្សព្វផ្សាយ​សុវត្ថិភាព​ម្ហូបអាហារ​នៅ​ខណ្ឌដង្កោ

រាជធានី​ភ្នំពេញ​ ៖​ មន្ត្រី​​ជំនាញ​កាំកុង​ត្រូល ក្រោម​ការ​ចាត់តាំង​​របស់​លោក​ពេញ ធារ​ម្យ ប្រធាន​សាខា​ផែ​ស្ងួត​ចុង​ទី​​ភ្នំពេញ បាន​ធ្វើការ​ត្រួតពិនិត្យ​សុវត្ថិភាព​ម្ហូបអាហារ នៅ​ក្នុង​ផ្សារ​ទួល​សំបូរ​ ស្ថិត​ក្នុង​សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

លោក ពេញ ធារ​ម្យ​ បាន​មាន​ប្រសា​ស​ន៍​​ថា ​ការ​ចុះ​ត្រួតពិនិត្យ​នេះ ធ្វើ​ឡើង​ក្នុង​គោលដៅ​ស្វែងរក​អាហារ​ពុំ​មាន​សុវត្ថិភាព​ដែល​អាច​នឹង​ត្រូវ​បាន​​ដាក់​លក់​លើ​ទី​ផ្សារ ដូច​ជាអាហារ​ហួស​កាលបរិច្ឆេទ អាហារ​ពុល​ខូច​ដោយ​ការ​គ្រប់គ្រង​មិន​បាន​ត្រឹមត្រូវ អាហារ​ដាក់​សារ​ធាតុ​គីមី​បន្ថែម​ដោយ​ពុំ​មាន​កម្រិត​ស្តង់ដារ​ និង​គ្មាន​ការ​អនុញ្ញាត អាហារ​ដែល​រក​ឃើញ​មេរោគ​ ឬ​បាក់តេ​រី​​ចម្លង​ដោយ​ប្រការ​ណា​មួយ​ ។

ក្រៅ​ពី​ការ​ត្រួតពិនិត្យ ក្រុម​ជំនាញ​ក៏​បាន​ធ្វើការ​អប់រំ ណែនាំ​អាជីវករឱ្យ​យល់​ដឹង​អំពី​ការ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ លើ​ការ​ចែកចាយ​អាហារ​ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នក​ប្រើប្រាស់ និង​របៀប​រៀបចំ​ទុកដាក់​ថែរក្សារ​ម្ហូបអាហារ​អោយ​មាន​លក្ខណៈ​សម​ស្រប​តាម​បច្ចេកទេស ដូច​ជាការ​ដាក់​ឱ្យ​ខ្ពស់​ផុត​ពី​ដីឃ្លាត​ពី​កន្លែង​ក្រ​​ខ្វក់ ក្លា​ស្សេចំពោះ​អាហារ​ដែល​ត្រូវ​ក្លា​ស្សេ មិន​ឱ្យ​ត្រូវ​កំ​ដៅ​ថ្ងៃ​ចំពោះ​អាហារ ​ដែល​ត្រូវ​ថែរក្សា​ក្នុង​ម្លប់ មិន​ដាក់​លក់​លាយឡំ​គ្នា​រវាង​អាហារ​ និង​សម្ភារ​ប្រើប្រាស់ និង​ភាព​ងាយ​គ្រោះ​ថ្នាក់​ដោយ​ការ​បង្ក​រការ​ចម្លង​មេរោគ​នានា ឬ​ដោយ​កង្វះ​អនាម័យ​មនុស្ស​ និង​សម្ភារ​ប្រើប្រាស់​ជាដើម​។

នា​ឱកាស​នោះ​ដែរ ​ក្រុម​ជំនាញ​ក៏​បាន​ចុះ​ទៅ​អប់រំ​ណែនាំ​សិស្សានុសិស្ស​នៅ​សាលា​អនុ​វិទ្យាល័យ សម្តេច ហ៊ុន សែន ព្រៃវែង ដែល​ស្ថិត​ក្នុង​មូលដ្ឋាន​ដដែល ដើម្បី​ផ្តល់​ចំណេះដឹង​ដល់​ប្អូន​ៗ ឱ្យ​ប្អូន​ៗ​នូវ​ចំណេះដឹង​បឋម​ក្នុង​ការ​ពិចារណា​មុន​និងសម្រេច​ចិត្ត​ទិញ​ចំណី​អាហារ​ណា​យ​កមក​បរិភោគ ដោយ​ផ្តោត​ជា​ពិសេស​​ទៅ​លើ​អនាម័យ​​អ្នកលក់​​និង​ទីកន្លែង​លក់ បរិស្ថាន​នៅ​ក្នុង​ និង​ជុំវិញ​កន្លែង​​លក់ ភាព​សម​ស្រប​ក្នុង​ការ​ដាក់​តាំង​លក់ ក៏​ដូច​ជា​ការ​រក្សា​ទុក ​និង​ការ​ចំអិន​ចំណីអាហារ​ផង​ដែរ ​។ សារសំខាន់​នៃ​សារធាតុ​អ៊ីយ៉ូត ដែល​ត្រូវ​រកបាន​ដោយ​ងាយ​ក្នុង​អំបិលអ៊ីយ៉ូត ក៏​ត្រូវ​បាន​លើកយក​មក​ផ្សព្វផ្សាយ​ក្នុង​ពេល​នេះ​ដែរ​។