សស​យក គ្រោង​យក​ការប្រណាំង​ស៊ីក្លូ​ចូលក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​២០១៦

​សៀមរាប​៖ មានកម្ម​វិធី​ជាច្រើន ដែល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​សស​យក​) កំពុង​ពិចារណា និង​ជ្រើសរើស​យកមក​រៀបចំ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៦ ។ ក្នុងចំណោម​កម្មវិធី​ទាំងនោះ ការប្រណាំង​ស៊ីក្លូ ក៏​គ្រោង​មាន​វត្តមាន​ក្នុង​អង្គរ​សង្ក្រាន្ត​ឆ្នាំ​នេះដែរ​។

​លោក សុខ សប្បាយ​ណា ប្រធាន​ផ្នែក​ប្រតិបត្តិ​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត បាន​ឲ្យ​ដឹងថា កម្មវិធី​អង្គរ​សង្ក្រាន្ត​មួយចំនួន អាច​នឹងមាន​ការកែប្រែ​ខ្លះៗ ។ លោក​ថា ថ្នាក់ដឹកនាំ សស​យក កំពុង​ពិចារណា ថា​តើ​កម្មវិធី​ណា​គួរ​ទុក និង​កម្មវិធី​ណាគួរ​លុបចោល​។ មូលហេតុ ត្រូវបាន​លោក សប្បាយ​ណា ពន្យល់ថា ដោយសារ​ចង់បាន​ភាព​ទាក់ទាញ់ និង​ជំរុញ​ឲ្យ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត រឹត​តែ​ពិសេស​ជា​ឆ្នាំមុនៗ ។​

​ការលើកឡើង​របស់លោក សប្បាយ​ណា ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១៨ ធ្នូ​នេះ ខណៈដែល​ក្រុមការងារ សស​យក បាន​ជួបប្រជុំ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ស្នើសុំ​កិច្ចសហការ​។ កិច្ចសហការ​រៀបចំ​ទីតាំង និង​ធនធាន សម្រាប់​រៀបចំ​កម្មវិធី​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​២០១៦​ខាងមុខនេះ​។

​ឆ្លើយតប​ទៅនឹង​ការស្នើសុំ​ទីតាំង​រៀបចំ​កម្មវិធី លោក សុខ សង្វារ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា អាជ្ញាធរ​ជាតិ​អប្សរា គាំទ្រ​ទាំង​ស្មារតី ក្រុមបច្ចេកទេស ធ្វើយ៉ាងណា​សម្របសម្រួល​ឲ្យ​កម្មវិធី​អង្គរ​សង្ក្រាន្ត ទទួលបាន​ជោគជ័យ​ដូច​ឆ្នាំមុនៗ។ លោក​បន្ថែមថា អាជ្ញាធរ​ជាតិ​អប្សរា បាន​បង្កើត​ក្រុមការងារ​ធំៗ​ចំនួន​២ ដែល​ក្នុងនោះ​មាន​ក្រុម ការងារ​បច្ចេកទេស និង​ក្រុមការងារ​និ​មិ​ត្ម​ភូមិ​។​

​កម្ម​វី​ធី​ថ្មីៗ ដែល​ខាង សស​យក បានបង្ហាញ​ទៅកាន់​អាជ្ញាធរ​ជាតិ​អប្សរា ក្នុងនោះ​រួមមាន ការប្រណាំង​ស៊ីក្លូ ដែល​ឆ្លុះបញ្ចាំង​ពី​ការអភិរក្ស​យានជំនិះ ដែលជា​អត្តសញ្ញាណ​នៃ​ការវិវត្ត​ជីវភាព​រស់នៅ​របស់​ប្រជាជន​ខ្មែរ កម្មវិធី​បង្អែម​នៃ​ក្តី​ស្រឡាញ់ និង​កម្មវិធី​វិចិត្រករ​ឯក​។​ល​។ យ៉ាងណាមិញ រាល់​កម្មវិធី​ទាំងអស់ មិនទាន់​សម្រេច​ជា​មតិរួម សម្រាប់​រៀបចំ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នោះទេ វា​គ្រាន់តែ​ជាការ​គ្រោងទុក​តែប៉ុណ្ណោះ​។​

​គួរ​បញ្ជាក់ថា រាប់ទាំង​ឆ្នាំ​២០១៦​នេះ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​បានរៀបចំ​ចំនួន៤​ដង​ហើយ​។ កាលពី​ឆ្នាំទៅ មានកម្ម​វិធី​ជាច្រើន​ដែល​បានរៀបចំ​ក្នុង​ព្រឹត្តិការណ៍​នេះ ក្នុងនោះ​មាន ការប្រណាំង​រទេះគោ គោយន្ត ល្បុក្កតោ ការ​រាំ​ចង្វាក់​ប្រពៃណី នំអន្សម​យក្ស និង​ការ​រាំ​ចង្វាក់​ម៉ា​ឌី​ហ្សុ​ន​ជាដើម​។ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដែល​តែង​ធ្វើ​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ បាន​ទាក់ទាញ​ភ្ញៀវទេសចរ​យ៉ាង​សន្ធឹក ឲ្យ​មក​កម្សាន្ត​ក្នុង​ខេត្តសៀមរាប​ផងដែរ​៕