ជប៉ុន ផ្តល់​ជំនួយឥតសំណង​ជាង ២ សែន​ដុល្លារ សម្រាប់​សង​សង់​អគារសិក្សា​បួន​ខ្នង នៅ​កម្ពុជា​

ភ្នំពេញ: ​ក្រោម​ជំនួយ​ឧបត្ថម្ភ​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ រដ្ឋាភិបាល​ជប៉ុន បានផ្តល់​ថវិកា​ជំនួយឥតសំណង​ចំនួន ២០៩.១៣៥ ដុល្លារ​ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​អនុវត្ត​លើ​គម្រោង​ចំនួន​បី ក្នុងនោះ គម្រោង​សាងសង់​អគារសិក្សា​១​ខ្នង​នៅ​អនុវិទ្យាល័យ​កែវ​ពណ៌ គម្រោង​សាងសង់​អគារសិក្សា​១​ខ្នង​នៅ​អនុវិទ្យាល័យ​ឃី​ឡិ​ក និង​គម្រោង​សាងសង់​អគារសិក្សា​ពីរ​ខ្នង​នៅ​សាលាបឋមសិក្សា​ខ្លែង​ពណ៌​។​

​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់ជំនួយ​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​១៨​ខែធ្នូ​ឆ្នាំ​២០១៥​នៅ​ស្ថានទូត​ជប៉ុន រវាង​លោក​គូ​ម៉ា​ម៉ា​រ៉ូ យូ​ជិ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ជាមួយនឹង​ស្ថាប័ន​ម្ចាស់​ហត្ថលេខី​នីមួយៗ​។​

​លោក​គូ​ម៉ា​ម៉ា​រ៉ូ យូ​ជិ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា គម្រោង​ដែល​បាន​ចុះហត្ថលេខា​នៅថ្ងៃនេះ មាន​គោលបំណង​ដើម្បី​កែលម្អ​បរិស្ថាន​អប់រំ​សម្រាប់​សិស្សានុសិស្ស​និង​គ្រូបង្រៀន​នៅតាម​តំបន់​ទីតាំង​គម្រោង​នីមួយៗ​។ លោក​ទូត បាន​បន្តថា​"​ខ្ញុំ​ជឿជាក់ថា ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​វិស័យ​អប់រំ គឺជា​គន្លឹះ​មួយ​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​នាពេល​អនាគត​"​។​

​លោក​បាន​បន្តទៀតថា វិស័យ​អប់រំ​គឺជា​វិស័យ​អាទិភាព​មួយ​នៃ​បណ្តា​វិស័យ​អាទិភាព​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ជាក់ស្តែង ជប៉ុន​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​វិស័យ​អប់រំ​នៅ​កម្ពុ​ជាជាង​ពីរ​ទសវត្សរ៍​កន្លងមក​ហើយ តាមរយៈ​ការសាងសង់​អគារសិក្សា និង​ការផ្តល់​ការបណ្តុះបណ្តាល​ដល់​គ្រូបង្រៀន​ជាច្រើន​។​

​សូមបញ្ជាក់ថា គម្រោង​ជំនួយ​ទីមួយ ដែលមាន​ទឹក​ថវិកា​ចំនួន​៥២.៤០០​ដុល្លារ​ត្រូវបាន​ផ្តល់ជូន​ដល់​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តសៀមរាប សម្រាប់​សាងសង់​អគារសិក្សា​១​ខ្នង រួមជាមួយ​នឹង​ការបំពាក់​សម្ភារៈ​សិក្សា​ដែល​ចាំបាច់ ព្រមទាំង​បង្គន់​អនាម័យ នៅ​អនុវិទ្យាល័យ​កែវ​ពណ៌​។ គម្រោង​នេះ គឺជា​គម្រោង​ទី​៣ នៃ​គម្រោង​គូ​សាណូ​ណិ​ផ្នែក​អប់រំ​ដែល​បានផ្តល់​ជូន​ដល់​ខេត្តសៀមរាប​។ ជាមួយនឹង​គម្រោង​នេះ សិស្សានុសិស្ស​នៃ​អនុវិទ្យាល័យ​កែវ​ពណ៌​ប្រមាណ​២៣០​នាក់ នឹង​អាច​សិក្សា​នៅក្នុង​ថ្នាក់រៀន​នេះ ដោយមាន​ចំនួន​សិស្ស​សមស្រប​តាម​និយាម​គរុកោសល្យ​ក្នុង​មួយ​ថ្នាក់ៗ ជាមួយនឹង​បរិស្ថាន​អប់រំ​ប្រកបដោយ​ផាសុកភាព​។​

​គម្រោង​ជំនួយ​ទី​ពីរ ដែលមាន​ថវិកា​ចំនួន​៦៧.៦៣១​ដុល្លារ ត្រូវបាន​ផ្តល់ជូន​ដល់​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តបន្ទាយមានជ័យ សម្រាប់​សាងសង់​អគារសិក្សា​១​ខ្នង និង​បង្គន់​អនាម័យ នៅ​អនុវិទ្យាល័យ​ឃី​ឡិ​ក ក្នុង​ខេត្តបន្ទាយមានជ័យ​។ គម្រោង​នេះ គឺ​ដើម្បី​ផ្តល់​អត្ថប្រយោជន៍​ជូន​ដល់​សិស្សានុសិស្ស​ប្រមាណ​ជា ២៨០​នាក់ ដែល​សិស្សានុសិស្ស​ទាំងនោះ នឹងមាន​ថ្នាក់រៀន​នៅក្នុង​បរិវេណ​សាលារៀន​របស់​ពួកគេ​។​

​គម្រោង​ទី​បី ដែលមាន​ថវិកា​ចំនួន ៨៩.១០៤​ដុល្លារ ត្រូវបាន​ផ្តល់ជូន​ដល់​អង្គការ​Samaritan's Purse International Relief សម្រាប់​សាងសង់​អគារសិក្សា​ពីរ​ខ្នង នៅ​សាលាបឋមសិក្សា​ខ្លែង​ពណ៌ និង​សាលាបឋមសិក្សា​តា​ដុល ខេត្តបន្ទាយមានជ័យ​។ អគារ​ទាំងពីរ​ខ្នង​នេះ គឺ​ស្ថិតនៅ​តំបន់​ដាច់ស្រយាល ហើយ​សិស្សានុសិស្ស​ទាំងអស់​ត្រូវ​បង្ខំចិត្ត​រៀន​នៅក្នុង​អគារសិក្សា​ធ្វើ​ពី​ឈើ​ដែលមាន​សភាព​ចាស់​ទ្រុឌទ្រោម​។ បន្ទាប់ពី​គម្រោង​នេះ​ត្រូវ​បានបញ្ចប់ សិស្សានុសិស្ស​ប្រមាណ​២៨០​នាក់​នឹង​អាច​សិក្សា​ក្នុង​ថ្នាក់រៀន​ថ្មី​ប្រកបដោយ​សុវត្ថិភាព និង​ផាសុកភាព​ជាង​មុន​មិន​ខាន​។​

​លោក​គូ​ម៉ា​ម៉ា​រ៉ូ យូ​ជិ បាន​មានប្រសាសន៍​បញ្ជាក់ថា "​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា អគារសិក្សា​ទាំង​បួន​ខ្នង ដែល​ត្រូវបាន​សាងសង់​ដោយ​គម្រោង​ទាំងនេះ នឹងត្រូវ​បាន​ថែទាំ​យ៉ាង​ត្រឹមត្រូវ​ឲ្យ​បានយូរ​អង្វែង ដើម្បី​ឲ្យ​សិស្សានុសិស្ស និង​លោកគ្រូ​អ្នកគ្រូ​កាន់តែច្រើន អាច​ប្រើប្រាស់ និង​ទទួលបាន​អត្ថប្រយោជន៍​ពី​គម្រោង​ទាំងនេះ តាម​ដែល​អាច​ទៅបាន​។ ខ្ញុំ​សង្ឃឹមថា​គម្រោង​ទាំងនេះ នឹង​ជួយ​ពង្រឹង​ជា​បន្តទៅទៀត​នូវ​ទំនាក់ទំនង​មិត្តភាព ដែលមាន​រួចមកហើយ​រវាង​ប្រជាជន​ជប៉ុន និង​ប្រជាជន​កម្ពុជា​"​។​

​ស្ថិត​ក្នុងឱកាស​នោះដែរ លោក​ឈើ​យ ចាន់ណា ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តបន្ទាយមានជ័យ បាន​ថ្លែងថា ខ្ញុំ​សង្ឃឹមថា នៅពេល​ទទួលបាន​អគារសិក្សា​ថ្មី យ៉ាង​សមរម្យ​សម្រាប់​ការសិក្សា​ប្រកបដោយ​ផាសុកភាព លោកនាយក នឹង​បន្ត​ប្រពៃណី​ចែករំលែក​ជួយ​អភិវឌ្ឍ​សាលារៀន ឲ្យ​មាន​បរិស្ថាន​ល្អ ថែមទៀត គ្រប់​អ្នកពាក់ព័ន្ធ​ចូលរួម​ថែរក្សា​អគារ និង​ប្រើប្រាស់​បាន​យូវ​អង្វែង សិស្សានុសិស្ស​នឹង​មក​សាលារៀន​គ្រប់​ម៉ោង​សិក្សា ដើម្បី​ព្យាយាម​រៀនសូត្រ​ក្រេប​យកចំណេះ​ដឹង​។ ពីព្រោះថា​ចំណេះវិជ្ជា​គឺជា​ទ្រព្យ​ជាប់​នឹង​ខ្លួន ធ្វើ​ឲ្យ​មាន​សីលធម៌ ចរិយា​ធម៌ និង​គុណធម៌ គឺជា​គុណ​តម្លៃ​របស់​មនុស្ស​ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ស្របតាម​ពាក្យស្លោក (​ទំពាំង​ល្អ ស្នង​ឫស្សី​ល្អ​)៕