ចិន និង​រុ​ស្ស៊ី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាង​30​នា​ឱកាស​ទស្សនកិច្ច​របស់​លោក​ម៉េ​ដ​វេ​ដេ​វ

យោង​តាម​ស៊ី​ន​ហួ​ថា ប្រទេស​ចិន និង​រុ​ស្ស៊ី​កាលពី​ថ្ងៃ​ទី​១៧ ធ្នូ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាង​៣០ ក្នុង​វិស័យ​ថាមពល វិនិយោគ ហិរញ្ញវត្ថុ បច្ចេកវិទ្យា​ជាន់ខ្ពស់ និង​ក្នុង​ផ្នែក​ឯទៀត​ៗ​ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​លើក​ទី​១០ របស់​នាយក​រដ្ឋមន្ត្រី​ចិន និង​រុ​ស្ស៊ី ។

ក្រុមហ៊ុន​ថាមពល​យក្ស CINOPEC និង ROSNEFT បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​មួយ​ស្តី​ពី​បណ្តា​គម្រោង​ប្រេងកាត និង​ឧស្ម័ន​នៅ​តំបន់​ស៊ី​បេ​រី ខណៈ​ក្រុមហ៊ុន​ឧស្ម័ន​យក្ស CNPC និង GAZPROM ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដែល​ផ្តោត​លើ​ការ​រៀបចំ និង​ការ​កសាង​បំពង់​បង្ហូរ​ឧស្ម័ន​ធម្មជាតិ​ឆ្លង​ជាតិចិន​-​រុ​ស្ស៊ី ។

ចំណែក​ធនាគារ​អភិវឌ្ឍន៍​ចិន និង​ក្រុមហ៊ុន​ជាតិ​រុ​ស្ស៊ី VNESHECONOMBANK (VEB) បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រាក់​កម្ចី​មួយ​មាន​ទឹកប្រាក់​១០​ពាន់​លាន​យន់ (1,56​ពាន់​លាន​ដុល្លារ​) ។

នាយក​រដ្ឋមន្ត្រី​ចិន​លោក LI KEQIANG ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ជាមួយ​សម​ភាគី​រុ​ស្ស៊ី លោក​ឌី​មី​ឌ្រី ម៉េ​ដ​វេ​ដេ​វ ថ្លែង​ថា កិច្ចព្រមព្រៀង​មួយ​ចំនួន​ដែល​ចុះហត្ថលេខា​រវាង​ចិន និង​រុ​ស្ស៊ី​ជា​សក្ខីភាព​មួយ​នៃ​ភាព​ជា​ដៃគូ​កម្រិត​ខ្ពស់ ។ យើង​បាន​សម្រេច​ធានា​អនុវត្ត​កិច្ចព្រមព្រៀង​ទាំងនោះ ។ លោក​បន្ត​ថា ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​យឺតយ៉ាវ​ខាង​កំណើនសេដ្ឋកិច្ច​ពិភពលោក ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​វត្ថុធាតុដើម ព្រមទាំង​ការ​គាបសង្កត់​នៃ​ការ​ចុះ​ថយ​នៃ​សេដ្ឋកិច្ច ចិន​និង​រុ​ស្ស៊ី ជួប​ការ​ប្រឈម​មុខ​ដូច​គ្នា សម្រាប់​កំណើនសេដ្ឋកិច្ច ។

ចិន​ស្នើ​ឱ្យ​មានការ​ខិតខំ​ប្រឹងប្រែង​រួម ដើម្បី​បង្កើត​សមត្ថភាព​ឧស្សាហកម្ម ហើយ​ផលិត​បណ្តា​ឧបករណ៍ ដើម្បី​ជំរុញ​សេដ្ឋកិច្ច ដោយ​ស្នើ​ឱ្យ​អនុវត្ត​បណ្តា​គម្រោង​កិច្ច​សហប្រតិបត្តិការ​ចម្បង​ៗ ហើយ​បង្កើន​ថែម​ទៀត​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ថាមពល ហិរញ្ញវត្ថុ អាកាសចរណ៍ កសិកម្ម និង​បច្ចេកវិទ្យា​យោធា ។

លោក LI ក៏​ស្នើ​ផង​ដែរ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ខាង​ការ​ស្រាវជ្រាវ ការ​អភិវឌ្ឍ​ខាង​ប្រេងកាត ព្រមទាំង​រោងចក្រ​ចម្រាញ់​ប្រេងកាត ហើយ​ចូលរួម​ក្នុង​យុទ្ធសាស្ត្រ​នៃ​ការ​ពង្រីក​ការ​កែប្រែ​ថ្មី ។

ចំណែក​លោក​ម៉េ​ដ វេ​ដេ​វ សង្ឃឹម​ធ្វើការ​រួម​គ្នា​ជាមួយ​ចិន ដើម្បី​តាក់តែង​គម្រោង​នានា​នៃ កិច្ច​សហប្រតិបត្តិការ​នា​ពេល​អនាគត ហើយ​ស្វែងរក​មធ្យោបាយ​ថ្មី​ៗ​ខាង​កិច្ច​សហប្រតិបត្តិការ ។ លោក​មាន​ប្រសាសន៍​ថា ភាគី​ទាំង​២​ត្រូវ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ ធនធាន​រ៉ែ ប្រេងកាត និង​ឧស្ម័ន នុយក្លេអ៊ែរ អវកាស កសិកម្ម ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា​យោធា ៕