គ្រោង​បញ្ចាំង​រូបភាព​មី​ស៊ី​ល​ជា​ប្រភព​នៃ​ការ​លុប​ចោលការ​ប្រគំ​តន្ត្រី​របស់​ក្រុម​កូរ៉េ​ខាងជើង

កាសែត​កូរ៉េ​ខាងត្បូង CHOSAN ILBO អះអាង​កាលពី​ថ្ងៃ​ទី​១៨ ធ្នូ ថា ទំនាស់​លើ​ការ​ចេញផ្សាយ​បណ្តា​រូបភាព​មី​ស៊ី​ល​កូរ៉េ​ខាងជើង​គឺជា​ប្រភព​នៃ​ការ​លុប​ចោលការ​ប្រគំ​តន្ត្រី​នៅ​ក្រុង​ប៉េ​កាំ​ង​របស់​ក្រុម​តន្ត្រី​ប៉ុប​មាន​ប្រជាប្រិយភាព​បំផុត​របស់​កូរ៉េ​ខាងជើង ។

ក្រុម​តន្ត្រី MORANBONG នោះ​មាន​សមាជិក​សុទ្ធតែ​ជា​ស្រី​ស្អាត​ៗ​ទាំងអស់ ហើយ​បង្កើត​ឡើង​តាម​ការ​ផ្តួចផ្តើម​គំនិត​របស់​មេដឹកនាំ​លោក​គី​ម ជុង​អ៊ុ​ន គ្រោង​មក​សម្តែង​ក្នុង​សាល​មហោស្រព​ដ៏​ស្អាត​បំផុត​មួយ​ស្ថិត​នៅ​កណ្តាល​ក្រុង​ប៉េ​កាំ​ង​នា​ថ្ងៃ​ទី​១២ រហូត​ដល់​ថ្ងៃ​ទី​១៤ ធ្នូ ក៏​ប៉ុន្តែ​ត្រូវ​លុប​ចោល​វិញ​ដោយពេល​លុប​ចោល​នោះ​ពុំ​មានការ​ពន្យល់​ឡើយ ។

កាសែត CHOSUN ILBO ដោយ​ដកស្រង់​សម្តី​អ្នក​ទទួលខុសត្រូវ​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​មួយ​រូប​រាយការណ៍​ថា ក្រុម​នេះ​សម្រេច​វិល​ត្រឡប់​មក​កាន់​កូរ៉េ​ខាងជើង​វិញ​ជា​ជាង​ធ្វើ​តាម​ការ​គាបសង្កត់​របស់​អាជ្ញាធរ​ចិន​ចំពោះ​ការ​រៀបចំ​ឆាក​ទស្សនីយភាព ។ ពេល​រៀបចំ​ឆាក អាជ្ញាធរ​ចិន​រក​ឃើញ​ថា ក្រុម​តន្ត្រី​នេះ​គ្រោង​បញ្ចាំង​លើ​ឆាក​បណ្តា​រូបភាព​នៃ​ការ​បាញ់​មី​ស៊ី​ល​រយៈ​ឆ្ងាយ​របស់​កូរ៉េ​ខាងជើង ខណៈ​ដែល​ប្រធានាធិបតី​ចិន លោក​ស៊ី ជី​ន​ពីង ក៏​គ្រោង​មក​ទស្សនាការ​ប្រគំ​តន្ត្រី​នេះ​ដែរ​នោះ ។

ប្រទេស​ចិន​ពេល​នេះ​ប៉ុនប៉ង​ជំរុញ​ដំណើរការ​នៃ​ការ​ចរចា​៦​ភាគី​ស្តី​ពី​កម្មវិធី​នុយក្លេអ៊ែរ​យោធា​កូរ៉េ​ខាងជើង ។ ការ​ចរចា​នេះ​ត្រូវ​បរាជ័យ​ក្នុង​ឆ្នាំ​២០០៩ ដោយសារ​ការ​បាញ់​មី​ស៊ី​ល និង​ការ​សាកល្បង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង ។

ចិន​ជា​សម្ព័ន្ធមិត្ត​សំខាន់​របស់​កូរ៉េ​ខាងជើង ហើយ​ជា​ដៃគូ​ពាណិជ្ជកម្ម និង​មនុស្សធម៌​តែ​មួយ​គត់ ។ ក៏​ប៉ុន្តែ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២​មាន​ភាព​ល្អក់កករ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយសារ​ការ​បន្ត​កម្មវិធី​នុយក្លេអ៊ែរ​នោះ ។ ៣​ឆ្នាំ​ហើយ​ក្រោយ​ឡើង​កាន់​អំណាច​បន្ត​ពី​ឪពុក​លោក​គី​ម ជុង​អ៊ុ​ន ពុំដែល​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្រុង​ប៉េ​កាំ​ង​ឡើយ ៕