ប្រទេស​ចំនួន​17​ជួប​ប្រជុំ​គ្នា​នៅ​ញូ​វ​យ៉​ក​ស្តី​ពី​ផែនការ​សន្តិភាព​មួយ​សម្រាប់​ស៊ី​រី

បណ្តា​ប្រទេស​មហាអំណាច​ត្រូវ​ជួប​ប្រជុំ​គ្នា​នា​ថ្ងៃ​ទី​១៨ ធ្នូ នៅ​ក្រុង​ញូ​វ​យ៉​ក និង​នៅ អ​.​ស​.​ប ស្តី​ពី​សង្គ្រាមស៊ីវិល​ស៊ី​រី ហើយ​ពិនិត្យ​គម្រោង​ដំណោះស្រាយ​មួយ​របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ទាក់ទិន​នឹង​ផែនការ​មួយ​របស់​អា​មេ​រិ​ក និង​រុ​ស្ស៊ី ដើម្បី​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា និង​ឱ្យ​មាន​ដំណោះស្រាយ​នយោបាយ​មួយ​នៅ​ស៊ី​រី ។

ប្រទេស​១៧ ក្នុង​នោះ​រួម​មាន​សហរដ្ឋ​អា​មេ​រិ​ក រុ​ស្ស៊ី អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត និង​អីុរ៉​ង់​ផង​ដែរ ព្រមទាំង​អង្គការ​ពហុភាគី​៣ គឺ អ​.​ស​.​ប សហភាព​អឺរ៉ុប និង​សម្ព័ន្ធ​អា​រ៉ាប់​ត្រូវ​ជួប​ប្រជុំ​គ្នា​ជា​លើក​ទី​៣ ចាប់តាំងពី​ដំណាច់​ខែតុលា​មក ក្នុង​ផ្ទៃ​ក្រុម​អន្តរជាតិ ជួយ​ទ្រទ្រង់​ដល់​ស៊ី​រី​ក្នុង​ក្រប​ខណ្ឌ​នៃ​ដំណើរការ​ការទូត​មួយ​ហៅ​ក្រុង​វី​យែ​ន ដែល​បង្កើត​កាលពី​ថ្ងៃ​ទី​១៤ វិច្ឆិកា នូវ​ផែនទី​បង្ហាញផ្លូវ​មួយ​សម្រាប់​ស៊ី​រី ។

ដំណើរការ​ការទូត​ក្រុង​វី​យែ​ន​នេះ​គ្រោង​ឱ្យ​មានការ​ជួប​ចរចា​គ្នា​ចាប់ពី​ថ្ងៃ​ទី​១ មក​រា ទៅ រវាង​តំណាង​របស់​ពួក​ប្រឆាំង​ស៊ី​រី និង​តំណាង​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស់​ពី​ការ​បង្កើត​រដ្ឋាភិបាល បណ្តោះអាសន្ន​មួយ​ក្នុង​រយៈពេល​៦​ខែ​ហើយ​រៀបចំ​ការ​បោះ​ឆ្នោត​ក្នុង​រយៈពេល​១៨​ខែ ព្រមទាំង​គម្រោង​បទ​ឈប់​បាញ់​គ្នា​មួយ​ក្រោយ​រយៈពេល​៤​ឆ្នាំ​កន្លះ​នៃ​ជម្លោះ​ដ៏​សែន​ទារុណ​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជាង​២៥០.០០០​នាក់ ហើយ​ឱ្យ​មាន​ជនភៀសខ្លួន​ជា​ច្រើន​លាន​នាក់​ក្នុង​បណ្តា​ប្រទេស​ជិតខាង និង​អឺរ៉ុប ។

ទោះបី​យ៉ាងណា រឿង​របស់​ប្រធានាធិបតី ស៊ី​រី​លោក​បា​ចា អាល់​អាសា​ដ នៅ​តែ​ជា​ឧបសគ្គ​សំខាន់​សម្រាប់​ការ​ចាក​ចេញពី​វិបត្តិ ។

រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក​ច​ន ឃ័​រ​រី បាន​មក​កាន់​ក្រុង​មូ​ស្គូ កាលពី​ថ្ងៃ​ទី​១៥ ធ្នូ ដើម្បី​អះអាង​ប្រាប់​ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ជា​សម្ព័ន្ធមិត្ត​របស់​លោក​អាសា​ដ ថា ក្រុង​វ៉ា​ស៊ី​ន​តោន មិន​ស្វែងរក​ផ្លាស់​ប្តូរ​របប​ក្រុង​ដា​ម៉ាស់​ឡើយ ។

ខណៈ​លោក​ច​ន ឃ័​រ​រី រង​ការ​រិះគន់​ថា យក​ទឹក​ចាក់​ចូល​ស្រា ដោយ​ពុំ​ទាមទារ​ឱ្យ​លោក​អាសា​ដ ចាក​ចេញពី​អំណាច​ភ្លាម​ៗ អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក JOHN KIRBY អះអាង​ជា​ថ្មី​នា​យប់​ថ្ងៃ​ទី​១៧ ធ្នូ ថា លោក​អាសា​ដ ត្រូវ​តែ​ចាកចេញ ។ ទោះបី​យ៉ាងណា លោក​មិន​និយាយ​ថា ត្រូវ​ចាកចេញ​នៅ​ពេល​ណា ហើយ​ទទួលស្គាល់​ថា វាសនា​របស់​លោក​អាសា​ដ ពុំ​មាន​ចែង​ក្នុង​សេចក្តី​ប្រកាស​ចុង​ក្រោយ​ក្រុង​ញូ​វ​យ៉​ក​នា​យប់​ថ្ងៃ​ទី​១៨ ធ្នូ ឡើយ ។

ពេល​ត្រឡប់​មក​ដល់​ក្រុង​ញូ​វ​យ៉​ក​នា​យប់​ថ្ងៃ​ទី​១៧ ធ្នូ លោក​ច​ន ឃ័​រ​រី បាន​ជួប​ជាមួយ​សម​ភាគី​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត លោក ADEL AL JUBEIR ដែល​ប្រទេស​លោក​ជាស​ត្រូវ​ប្តូរផ្តាច់​របស់​លោក​អាសា​ដ ។ រួម​ប្រជុំ​នៅ​ក្រុង​រី​យ៉ា​ដ​កាលពី​ស​ប្តា​ហ៍​មុន​ពួក​ប្រឆាំង​ស៊ី​រី​១០០​ក្រុម បាន​យល់ព្រម​ចរចា​ជាមួយ​របប​ក្រុង​ដា​ម៉ាស់ តែ​ទាមទារ​ឱ្យ​លោក​អាសា​ដ ចាកចេញ​តាំងពី​ពេល​ចាប់ផ្តើម​ដំណាក់កាល​ឆ្លងកាត់​ជាយថាហេតុ ។

ចំណែក​អគ្គលេខាធិការ អ​.​ស​.​ប លោក​បាន គី​មូ​ន អះអាង​កាលពី​ថ្ងៃ​ទី​១៦ ធ្នូ ថា ជា​រឿង​មិន​អាច​ទទួលយក​បាន​ដែល​វាសនា​របស់​មនុស្ស​តែ​ម្នាក់​គត់​អាច​លើកយក​មក​រាំង​ខ្ទប់​ដំណោះស្រាយ​នយោបាយ​ចំពោះ​វិបត្តិ ។

ក្រុម​អន្តរជាតិ​ជួយ​ទ្រទ្រង់​ស៊ី​រី​ប៉ុនប៉ង​ពេល​ជួប​គ្នា​ក្នុង​សណ្ឋាគារ​ធំ​មួយ​នៃ​ក្រុង​ញូ​វ​យ៉​ក ធ្វើ​ឱ្យ​មានការ​ខិតចូល​ជិត​គ្នា​នៃ​ជំហរ​វាង​សម្ព័ន្ធមិត្ត​ក្រុង​ដា​ម៉ាស់ គឺ​ក្រុង​មូ​ស្គូ និង​ក្រុង​តេ​ហេ​រ៉​ង់ ព្រមទាំង​ពួក​មហាអំណាច​លោក​ខាងលិច និង​អា​រ៉ាប់ ដែល​គាំទ្រ​បណ្តា​ក្រុមប្រឆាំង​ស៊ី​រី ៕