ប្រទេស​នី​ហ្សេ​កម្ទេច​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​មួយ

ប្រធានាធិបតី​នី​ហ្សេ លោក MAHAMADOU ISSOUFOU ក្នុង​សារ​មួយ​ទៅ​កាន់​ប្រជាជាតិ​តាម​ទូរទស្សន៍​កាលពី​យប់​ថ្ងៃ​ទី​១៧ ធ្នូ ថ្លែង​ថា រដ្ឋាភិបាល​របស់​លោក​បាន​កម្ទេច​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​មួយ ។

ក្នុង​សារ​មួយ​ទៅ​កាន់​ប្រជាជាតិ​មុន​ពេល​ប្រារព្ធ​បុណ្យខួប​ឯករាជ្យ​លើក​ទី​៥៧​របស់​នី​ហ្សេ លោក ISSOUFOU អះអាង​ថា ខណៈ​ដែល​បណ្តា​ស្ថាប័ន​កំពុង​រៀបចំ​ដោយ​សកម្ម​នូវ​ការ​បោះ​ឆ្នោត ដើម្បី​ឱ្យ​ប្រជា​ជននី​ហ្សេ​ធ្វើការ​ជ្រើសរើស​ដោយ​តម្លាភាព ពួក​ជន​មួយ​ក្តាប់​តូច​បំពាក់​គំនិត​កាលពី​ទស​វត្ស​ឆ្នាំ​៦០ បែរជា​សម្រេច​បំផ្លាញ​ការ​បោះ​ឆ្នោត​នេះ ។ លោក​បន្ត​ថា គោលដៅ​របស់​បុគ្គល​ទាំងនេះ​គឺ​ផ្តួលរំលំ​រដ្ឋអំណាច ដោយ​ប្រើប្រាស់​មធ្យោបាយ​នានា ដែល​ប្រជាជន​ផ្តល់​ឱ្យ​ដើម្បី​ធានា​សន្តិសុខ​របស់​ប្រទេស ។​តួអង្គ​សំខាន់​ៗ​នៃ​អំពើ​ឆ្កួត​លីលា​នេះ​ត្រូវ​បាន​វែកមុខ ហើយ​ចាប់ខ្លួន​លើកលែងតែ​មនុស្ស​ម្នាក់​បច្ចុប្បន្ន​កំពុង​គេចខ្លួន ។

ប្រភព​ជិតដិត​នឹង​សំណុំរឿង​នេះ​និយាយ​ថា នាយទាហានជាន់ខ្ពស់​យ៉ាងតិច​៤​នាក់​នៃ​កងទ័ព​នី​ហ្សេ​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៥ ធ្នូ ។ ក្នុង​ចំណោម​នាយទាហានជាន់ខ្ពស់​ត្រូវ​ចាប់ខ្លួន​ទាំងនេះ មាន​ឧត្តមសេនីយ៍ SALOU SOULEYMANE អគ្គ​អគារ​ធិ​ការ​កងទ័ព និង​តម្រួត អតីត​នាយសេនាធិការ​កងទ័ព​ឧត្តមសេនីយ៍ HAMBALLY កំពុង​គេចខ្លួន វរសេនីយ៍ឯក DAN HAOUA មេបញ្ជាការ​មូលដ្ឋាន​ទ័ពអាកាស និង​មេបញ្ជាការ NARE ប្រមុខ​កងវរសេនាតូច​កាំភ្លើង​ធំ​មួយ ។

ប្រមុខរដ្ឋ​នី​ហ្សេ​អះអាង​ថា សភាពការណ៍​ពេល​នេះ​ស្ងប់ស្ងាត់ និង​ស្ថិត​ក្រោម​ការ​ត្រួតត្រា ។ ការ​ស៊ើបអង្កេត​កំពុង​ធ្វើ​ដែល​អាច​ឈាន​ទៅ​កំណត់​អត្តសញ្ញាណ​អ្នក​រួមគំនិត​ឯទៀត​ៗ ៕