នាយក​រដ្ឋមន្រ្តីខ្មែរ-ថៃ ​ធ្វើជាអធិបតីក្នុងពិធី​ចុះហត្ថលេខា​លើឯកសារចំនួន៥

ក្រុងបាងកក ៖ ​នៅលើបណ្តាញទំនាក់ទំនងសង្គម​ (Facebook) Page​ ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ​បានសរសេរបង្ហោះ​នៅប៉ុន្មាននាទីមុននេះ មានខ្លឹមសារ ទំាងស្រុងថា ​"បន្ទាប់ពីបានដឹកនាំប្រតិភូដល់ទី​ក្រុងបាងកកប្រទេសថៃ ​សម្តេចតេជោ ហ៊ុន សែន ​និងប្រតិភូអមដំណើរត្រូវ​បានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់​ក្ដៅ​ពីសំណាក់​រាជរដ្ឋាភិបាលថៃ។

សម្តេច​តេជោ ហ៊ុន សែន និង​លោក ប្រាយុទ្ធ ច័ន្ទអូចា ​បានធ្វើជាសហអធិបតីក្នុងពិធី​ចុះហត្ថលេខាលើឯកសារមួយចំនួនរួមមាន៖
១. សេចក្តីថ្លែងការណ៍រួម ​នៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តី​ចម្រុះកម្ពុជា-ថៃ​ លើកទី២
២. អនុស្សារណៈ ​នៃការយោគយល់ ​ស្តីពីការអភិវឌ្ឍច្រកទ្វារអន្តរជាតិស្ទឹងបត់-​ណងអៀន
៣. អនុស្សារណៈ​ នៃការយោគយល់ ​ស្តីពីកិច្ចសហប្រតិបត្តិការ​វិស័យការងារ
៤. កិច្ចព្រមព្រៀង​ ស្តីពីការប្រើប្រាស់​កម្លាំងពលករ
៥. កិច្ចព្រមព្រៀង​ ស្តីពីកិច្ចសហប្រតិបត្តិការ​រវាងក្រុមប្រឹក្សាធុរៈកិច្ចកម្ពុជា-ថៃ​ និងក្រុមប្រឹក្សាធុរៈកិច្ចថៃ-កម្ពុជា​។ ក្នុងដំណើរទស្សនកិច្ចនេះ ​សម្តេចតេជោ ហ៊ុន សែន ក៏នឹងជួបជា​មួយសហគមន៍​ធុរៈកិច្ចថៃផងដែរ៕