ប៉ូ​លិស និង​ប៉េ​អឹ​ម​ស្រុក​ត្រពាំង​ប្រាសាទ​ផ្ទុះអាវុធ​១២​គ្រាប់ផ្អើលប្រជាពលរដ្ឋ​​ស្មាន​ថា​ចោរ​ប្លន់

ខេត្ត​ឧត្តរមានជ័យ​ ៖ ស្នូរ​ផ្ទុះអាវុធ​១២​គ្រាប់​ទាំង​អ​ធ្រា​ត្រ​នៅ​ក្នុង​ទីប្រជុំជន​ស្រុក​ត្រពាំង​ប្រាសាទ​២​ករណី​ដាច់​ដោយឡែក​ពី​គ្នា​ធ្វើ​​ឲ្យ​ប្រជាពលរដ្ឋ​ភ័យ​ខ្លាច​នឹក​ស្មានថា​ ជា​ក្រុម​ចោ​ចូល​ប្លន់​ទ្រព្យសម្បត្តិ ​។

ជន​ដែល​បាញ់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នោះ​ គឺលោក​ផ​ន ជាង​ នាយ​ផ្នែក​ចរាចរណ៍​ប៉ូ​លិ​ស​ស្រុក​ត្រពាំង​ប្រាសាទ​ចេញពី​ផឹក​ស៊ីក្នុង​ខារ៉ាអូខេ​យីហោ​សូ​យា​ពេជ្រ​ បាញ់​ដី​៣​គ្រាប់​ កាលពី​វេលា​ម៉ោង​១០ និង៣០​នាទី​យប់​ ថ្ងៃ​ទី​១៧​  ​២០១៥​។

​មួយ​ករណី​ផ្សេង​ទៀត​លោក​ឆៃ​ ប៉េ​អ៉ឹ​ម​ស្រុក​ត្រពាំង​ប្រាសាទ​មានចិត្ត​មួម៉ៅ​ក្នុង​ចិត្ត​បាញ់​នៅ​មុខ​ផ្ទះ​ពលរដ្ឋ​៩​គ្រាប់​កាលពី​វេលា​ម៉ោង​១ និង១០​នាទី​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ​ធ្នូ​ ២០១៥ ​​​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ផង​ដែរ។

ពលរដ្ឋ​ម្នាក់​ឈ្មោះ ​រ៉ែ​ម​ សា​រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​-ឃុំ​កើតហេតុ​ខាងលើ​បាន​រៀបរាប់​ថា មុន​ពេល​កើត​មាន​ប៉ូ​លិ​ស​ស្រុក​ត្រពាំង​ប្រាសាទ​៣​ទៅ​៤​នាក់​ចូល​ផឹក​ស៊ី​ច្រៀង​រាំ​លេង​កម្សាន្ត​នៅ​ក្នុង​ខារ៉ាអូខេ​ដែល​មាន​យីហោ​សូ​យា​ពេជ្រ​ជា​ច្រើន​ម៉ោង​ ហើយ​នៅ​ពេល​ចេញ​ទៅ​វិញ​ស្រាប់តែ​ឈ្មោះ​ផ​ន ជាង​ បេះ​សោ​A.K​បាញ់​ដី​នៅ​មុខ​ហាង​ខារ៉ាអូខេ​ចំនួន​៣​គ្រាប់ ចំណែក​នាង​ៗ​ស្រី​ខារ៉ាអូខេ​ភ័យ​ខ្លាច​នាំ​គ្នា​រត់​ចែក​ជើង​គ្នា ​ព្រោះថា​ឈ្មោះ​នេះ​កន្លង​មក​តែងតែ​ចូល​មក​អុកឡុក​វាយ​ស្រី​ជា​ច្រើន​លើក​មក​ហើយ​។

មួយ​ករណី​ផ្សេង​ទៀត​បុរស​វ​យ័​ចំណាស់​ម្នាក់​ឈ្មោះ​ស៉ឹ​ម អេ​ម​ ភេទ​ប្រុស​ អាយុ​៦២​ឆ្នាំ ​រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​បាន​រៀបរាប់​ថា មុន​ពេល​កើតហេតុ​ជន​ដែល​បាញ់បោះ​នេះ​បាន​ចូល​ផ្ទះ​គាត់ ​ហើយ​សួ​ររក​ទិញ​ស្រា​ផឹក ហើយ​រូប​គាត់​បាន​ឆ្លើយ​តប​ថា ​ផ្ទះ​ខ្ញុំ​មិន​ដែល​លក់​ស្រា​ទេ ​គឺ​ប្រពន្ធ​ខ្ញុំ​ធ្លាប់​លក់​តែ​បបរ​ បន្ទាប់​មក​ជន​នេះ​បាន​ដក​កាំភ្លើងខ្លី​ម៉ា​កឡុក​ភ្ជង់គេឯង ​រួច​បាញ់​មេឃ​ចំនួន​៩​គ្រាប់​ ហើយ​ស្រែ​កថា​អញ​ឈ្មោះ​ឆៃ​ ប៉េ​អ៉ឹ​ម​ស្រុក និង​ជា​តៃកុង​បើករថយន្ត​ឲ្យ​លោក​ចៅហ្វាយស្រុក​ត្រពាំង​ប្រាសាទ​ផង​ដែរ​។

ក្រោយ​ពី​បាញ់​រួច​ក៏ឡើ​ង​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​ ហើយ​ពលរដ្ឋ​ក្នុងស្រុក​ភ័យ​ខ្លាច​ស្មានថា ​ជា​ក្រុម​ចោ​ចូល​ប្លន់​ទ្រព្យសម្បត្តិ​។

ទាក់ទិន​ហេតុការណ៍​នេះ​កោះសន្តិភាព​បាន​ធ្វើ​បទ​សម្ភាសន៍ ​លោក​អនុសេនីយ៍ទោ​សោម ​សុផល​ ជំនួ​យ​ការ​ព្រហ្ម​ទណ្ឌ​ប៉េ​អឹម​ស្រុក​ត្រពាំង​ប្រាសាទ​ លោក​បាន​បំភ្លឺ​យ៉ាង​ខ្លី​ថា ​ឈ្មោះ​ឆៃ​នេះ​មិន​មែន​ប៉េ​អ៉ឹ​ម​ទេ ហើយ​ប៉េ​អឹម​បាន​ឃាត់ខ្លួន​ហើយ ​តែ​ទោះជា​បែប​ណា​លោក​មិន​ហ៊ាន​ឆ្លើយ​បំភ្លឺ​លើស​ពី​នេះ​ដែរ​។

លោក​នៅ​សំ ដា​រ៉ា​រិ​ទ្ធ​ អភិបាលស្រុក​ត្រពាំង​ប្រាសាទ​បាន​ឲ្យ​ដឹង​ថា ឈ្មោះ​ឆៃ​នេះ​កន្លង​មក​ជា​តៃកុង​បើករថយន្ត​ឲ្យ​លោក ក្រោយមក​លោក​បា​នប​ញ្ឃ​ប់​ហើយ វា​ជា​អ​តី​តប៉ុណ្ណោះ​៕