លោក អូស្មាន ហាស្សាន់ ប្រគល់អំណោយអន្តេវាសិកដ្ឋាន ព្រមទាំង សៀវភៅសិក្សា តម្លៃសរុប ៦០៨.៨០០ ដុល្លា

ភ្នំពេញ៖ ស្ថាប័នកិច្ចការឥស្លាមរដ្ឋសហព័ន្ឋម៉ាឡេស៊ី ដឹកនាំដោយ លោក Dato' Muhammad Bin S. Ahmad បានធ្វើពិធីប្រគល់សៀសភៅសិក្សាកម្រិតមត្តេយ្យសាសនា ស្តង់ដារម៉ាឡេស៊ី គិតជាថវិកាចំនួន ១.៤០០.០០០ រិហ្គិតម៉ាឡេស៊ី ស្មើនឹង ៣៥០.០០០ ដុល្លា ដើម្បីផ្គត់ផ្គង់ទៅតាមសាលារៀនទូទាំងប្រទេស និង ឧបត្ថម្ភសំលៀកបំពាក់ថ្វាយបង្គំបុរស ស្រ្តីឥស្លាម គិតជាថវិកាចំនួន ៣៦៨,០០០ រិហ្គិត ស្មើនឹង ៩២.០០០ ដុល្លា ដល់គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ដើម្បីធ្វើការចែកចាយជូនសិស្សានុសិស្ស។

ពិធីប្រគល់នេះ ត្រូវបានធ្វើឡើង នៅទីស្នាក់ការកណ្តាលគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែធ្នូ២០១៥។

ក្នុងពេលនេះដែរ គណៈប្រតិភូក៏បានប្រគល់អំណោយ១៦៦.៨០០ដុល្លាអាមេរិក សម្រាប់សាងសង់អន្តរវាសិកដ្ឋានសិស្សនារីនៅភូមិពោធិឥន្ទ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សរុបថវិការទាំងអស់ដែល MAIWP ប្រគល់ជូនថ្ងៃនេះ ៦០៨.៨០០ដុល្លាអាមេរិក។

ក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងគណៈប្រតិភូក៏បាន អញ្ជើញពិនិត្យការដ្ឋានសាងសង់អគារសិក្សាមធ្យមសិក្សាសាសនាឥស្លាម ដែលមានតម្លៃ៤០០.៧០០ ( សែសិបម៉ឺន ប្រាំពិររយដុល្លា) ជាអំណោយរបស់ស្ថាប័នឥស្លាមរដ្ឋសហព័ន្ឋម៉ាឡេស៊ី( MAIWP) និងពិនិត្យដីដែលស្ថាប័ននេះទើបផ្តល់ជូនសម្រាប់ពង្រីកអាគារសិក្សា មានតម្លៃ៣២០.០០០ ដុល្លា។

តាមការបញ្ជាក់របស់លោក អូស្មាន ហាស្សាន់ បានអោយដឹងថា តាមការគ្រោងអាគារសិក្សាមួយនេះ អាចនឹងបង្ហើយការសាងសង់ ក្នុងខែមីនា ឆ្នាំ២០១៦នេះ។ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបានម៉ាឡេស៊ី និងស្ថាប័នពាក់ព័ន្ឋដែលកន្លងមក រហូតដល់ពេលបច្ចុប្បន្ន បានចូលរួមឧបត្ថម្ភ លើកស្ទួយរាល់សកម្មភាពមនុស្សធម៍នានា លើគ្រប់វិស័យ ជាពិសេសវិស័យអប់រំ ជាវិស័យដែលរាជរដ្ឋាភិបាល កំពុងតែយកចិត្តទុកដាក់ និង អោយតម្លៃដោយចាត់ទុកជាវិស័យអទ្ឋិភាព ក្នុងវិស័យនានា៕