ព្រះរាជអាជ្ញា​ទូទាំងប្រទេស នឹង​បើ​កិច្ចប្រជុំ​បន្ទាន់​នៅ​ចុង​សប្តាហ៍​នេះ ទាក់ទង​សំណុំរឿង​ប្លន់​កំពុង​កក្រើក​ខ្លាំង​

ភ្នំពេញ: រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ឯកឧត្តម អង្គ វង្ស​វ​ឌ្ឈ​នា បាន​កោះអញ្ជើញ​ព្រះរាជអាជ្ញា នៃសាលាដំបូង​រាជធានី​-​ខេត្ត​ទាំងអស់ ប្រជុំ​បន្ទាន់ ដោយ​ស្នើ​ឲ្យ មានការ​ប្រមូលទិន្នន័យ​អំពី​សំណុំរឿង ពាក់ព័ន្ធ​នឹង​ការ​លួច ឆក់​និង​ប្លន់ ព្រមទាំង​ទណ្ឌិត​ដែលត្រូវបាន​ដោះលែង​ចេញ ពី​ពន្ធនាគារ​។​

​យោងតាម​លិខិត​ចុះ ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៥ ចុះហត្ថលេខា​ដោយ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម អង្គ វង្ស​វ​ឌ្ឈ​នា បាន​បញ្ជាក់ថា យោងតាម សំណូមពរចាំបាច់​ចំពោះមុខ ក្រសួង​សូម​អញ្ជើញលោក លោកស្រី ជា​ព្រះរាជអាជ្ញា នៃសាលាដំបូង​រាជធានី​-​ខេត្ត​ទាំងអស់ ចូលរួម​កិច្ចប្រជុំ​បន្ទាន់ មួយ នៅ​ទីស្តីការក្រសួងយុត្តិធម៌ នា​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង​៨​និង​៣០​នាទី ដើម្បីពិនិត្យ និង​ពិភាក្សា​ការងារ របស់​ស្ថាប័ន​អយ្យការ ជា ពិសេស​លើ​គោលការណ៍ក្នុងការ​ដឹកនាំ និង សម្របសម្រួល​នយោបាយ​ព្រហ្មទណ្ឌ ។​

​ក្នុង​លិខិត​ដដែល បន្តថា ក្នុង​គោលបំណង​ឲ្យ កិច្ចដំណើរការ​នៃ​កិច្ចប្រជុំ​នេះ​ទៅបានដោយ​រលូន និង​ប្រកបដោយ​លទ្ធផល​ផ្លែផ្កា​ល្អប្រសើរ ក្រសួង សូម​លោកលោកស្រី ជា​ព្រះរាជអាជ្ញា នៃ​សាលាដំបូង​រាជធានី​-​ខេត្ត​ទាំងអស់ ប្រមូល​នូវទិន្នន័យ និង​រាយការណ៍​ជូន​អង្គប្រជុំ អំពី​ចំនួន​សំណុំរឿង ពាក់ព័ន្ធ​នឹង​ការ​លួច ឆក់និង​ប្លន់ ដែល​កំពុងស្ថិត នៅក្នុង​ចំណាត់ការ​អយ្យការ និង តុលាការ ដែល​បានចាត់ការ​រួច និង​ដែល​ទណ្ឌិត​ត្រូវបាន ដោះ  លែង​ចេញពី​ពន្ធនាគារ ។​

​ការកោះប្រជុំ​បន្ទាន់ របស់​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ នាពេលនេះ គឺធ្វើឡើង​បន្ទាប់ពីសម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា កាលពី ថ្ងៃ​ច័ន្ទ ទី​១៤ ខែធ្នូ ឆ្នាំ​២០១៥ បាន​បញ្ជា​ឲ្យក្រសួងយុត្តិធម៌ ពិនិត្យឡើងវិញ​នូវ​ការស្នើ ឈ្មោះ​ទណ្ឌិត​មួយចំនួន​សម្រាប់ការលើកលែងទោស ដោយ​សម្តេច​ថា ករណី​ពាក់ព័ន្ធ​នឹង​ការ​ប្លន់​ថ្មីៗ​នេះ គឺជាមុខសញ្ញា​នៃ​ទណ្ឌិត​ដែល​ទើប​ចេញពី​ពន្ធនាគារ​។​

​សម្តេច​តេ​ជោ មានប្រសាសន៍ថា អំពើ​ប្លន់​ប្រដាប់អាវុធ បាន​កក្រើក​ឡើង​នៅ​រយៈពេលប៉ុន្មាន សប្តាហ៍​ចុងក្រោយ​នេះ ដោយ​សម្តេច​បាន​បញ្ជា​ឲ្យ អាជ្ញាធរកងកម្លាំងប្រដាប់អាវុធ​ទូទាំងប្រទេស បង្កើន​ការប្រុងប្រយ័ត្ន និង​វាយ​កម្ចាត់ក្រុម​ប្លន់​ប្រដាប់អាវុធ និង​ក្រុម​ជួញដូរ​គ្រឿងញៀន ។ សម្តេច​តេ​ជោ បន្តថា តាមរបាយការណ៍​ខ្លះ បាន​ឲ្យ​ដឹងថា​មុខសញ្ញា នៃ​ការ​ប្លន់​ជា​មនុស្ស​ដដែលៗ ដែល​ទើបចេញពី​ពន្ធនាគារ ។​

​សម្តេច​តេ​ជោ បានស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ សហការ​ជាមួយ​ក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋាន​ពន្ធនាគា​រ ពិនិត្យមើល​ករណី​លើកលែងទោស​នេះ មុននឹងដាក់ឈ្មោះ​ឲ្យ​សម្តេច​ចុះហត្ថលេខា ស្នើ​ទៅ​ព្រះមហាក្សត្រ​សម្រាប់ការលើកលែងទោស ៕R​

ព្រះរាជអាជ្ញា​ទូទាំងប្រទេស នឹង​បើ​កិច្ចប្រជុំ​បន្ទាន់​នៅ​ចុង​សប្តាហ៍​នេះ ទាក់ទង​សំណុំរឿង​ប្លន់​កំពុង​កក្រើក​ខ្លាំង​