ប៉ូលិស​ចាប់​ជនសង្ស័យ ២​នាក់ ពាក់ព័ន្ធ​ការ​ឆក់​ទូរស័ព្ទ បែរជា​ប្រទះ​ថ្នាំញៀន

បន្ទាយមានជ័យ: ជនសង្ស័យ ២​នាក់ ពាក់ព័ន្ធ​ការ​ឆក់​ទូរស័ព្ទ និង​កាន់កាប់​ចែកចាយ​គ្រឿងញៀន ត្រូវបាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​ប៉ោយប៉ែត ចាប់​ឃាត់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិត​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​ជនសង្ស័យ​ទី​១​ឈ្មោះ សេង ស្រស់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ស្នាក់នៅ​មិន​ពិតប្រាកដ ត្រូវ​សមត្ថកិច្ច​ឆែកឆេរ​ចែកចាយ​ថ្នាំញៀន នៅ​ភូមិ​ចំណុច​ភូមិ​អូរជ្រៅ សង្កាត់​ប៉ោយប៉ែត ដោយ​ដកហូត​បាន ថ្នាំញៀន​ម្សៅ​ក្រាម​ស​ថ្លា (​ខេ​ទឹកកក​) ០១​កូន​ថង់​តូច ។​

​ជនសង្ស័យ​ទី​២​ឈ្មោះ ជា ដា ហៅ​សំណាង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់នៅ​ភូមិ​ភូមិ​ក្បាលស្ពាន​០១ សង្កាត់​ប៉ោយប៉ែត ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​ឆក់​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃទី​១៨.១២.២០១៥​នេះ នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​០១ ខណៈ​ជនសង្ស័យ​នោះ បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ ចំនួន ២​គ្រឿង ពី​ជនរងគ្រោះ​ម្នាក់ ដែល​កំពុងធ្វើដំណើរ​។​
            
​ជនសង្ស័យ​ទាំង ២​នាក់ ត្រូវបាន​សមត្ថកិច្ច​ជំនាញ កសាង​សំណុំរឿង បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី​ច្បាប់​៕​

ប៉ូលិស​ចាប់​ជនសង្ស័យ ២​នាក់ ពាក់ព័ន្ធ​ការ​ឆក់​ទូរស័ព្ទ បែរជា​ប្រទះ​ថ្នាំញៀន