អ្នក​នៅ​ក្រុង​សៀមរាប​ជាង​៣០០​គ្រួសារ​រអ៊ូរទាំ​រឿង​ដី​ហុយ​ប៉ះពាល់​ការ​រស់នៅ

ពេល​បច្ចុប្បន្ន ខេត្ត​សៀមរាប គឺ​ជា​តំបន់​ទេសចរណ៍​ដ៏​ល្បីល្បាញ​ជាង​គេ​បំផុត​ក្នុង​ចំណោម​ខេត្ត-​ក្រុង​ចំនួន ២៥​ផ្សេង​ទៀត​របស់​កម្ពុជា។ ខេត្ត​នេះ​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍​ឱ្យ​មក​ទស្សនា​ប្រាសាទ​បុរាណ និង​ទេសចរណ៍​ធម្មជាតិ​រាប់​លាន​នាក់​ក្នុង ១​ឆ្នាំៗ ក៏ប៉ុន្តែ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ទីក្រុង​សៀមរាប ជា​ច្រើន នៅ​មិន​ទាន់​ល្អ​ស្អាត​នៅ​ឡើយ​ទេ គឺ​នៅ​មាន​ដី​ហុយ​ជា​ច្រើន​កន្លែង។ បញ្ហា​ដី​ហុយ​នេះ​ដែរ កំពុង​កើត​មាន​ពេញ​បន្ទុក​នៅ​ភូមិ​បុស្សក្រឡាញ់ សង្កាត់​ជ្រាវ ដែល​ជា​តំបន់​ជាយ​ទីក្រុង​សៀមរាប។

ក្រុម​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅឋាន​អម​ដង​ផ្លូវ​ក្នុង​ភូមិ​បុស្សក្រឡាញ់ សង្កាត់​ជ្រាវ ជា​ច្រើន​គ្រួសារ កំពុង​រអ៊ូរទាំ​ចំពោះ​បញ្ហា​ដី​ហុយ​ខ្លាំង​ដែល​ធ្វើ​ឱ្យ​រំខាន​ដល់​ការ​រស់​នៅ ព្រមទាំង​ប៉ះពាល់​សុខភាព និង​សុវត្ថិភាព​នៅ​ពេល​ធ្វើ​ដំណើរ​ផង រយៈពេល​ជាង ១​ខែ​មក​ហើយ។

ការ​រអ៊ូរទាំ​នេះ​កើត​មាន​ឡើង​បន្ទាប់​ពី​ក្រុមហ៊ុន​ឯកជន​១ បាន​ចាប់​ផ្ដើម​ឈូស​ឆាយ​ផ្លូវ​លំ​ទី​នោះ ដើម្បី​ធ្វើ​ផ្លូវ​ដ៏​ធំ​មួយ ហើយ​មាន​ឡាន​ដឹក​ដី​ធំៗ​ជា​ច្រើន​គ្រឿង បាន​បើកបរ​ឆ្លង​កាត់​ក្នុង​ល្បឿន​លឿន បណ្ដាល​ឱ្យ​ដី​ហុយ​ខ្លាំង ចាប់​តាំង​ពី​ព្រឹក​ព្រលឹម​រហូត​ដល់​ល្ងាច។

ក្រុម​អ្នកភូមិ​ព្រមាន​ថា ប្រសិនបើ​ឡាន​ដឹក​ដី​ធំៗ នៅ​តែ​បើកបរ​បណ្ដាល​ឱ្យ​ដី​ហុយ​ខ្លាំង ដោយ​មិន​មាន​មធ្យោបាយ​ដោះស្រាយ​ទេ​នោះ ពួកគេ​មិន​អាច​អត់ទ្រាំ​បាន​យូរ​ទៅ​មុខ​ទៀត​ឡើយ គឺ​ប្រាកដ​ជា​នឹង​នាំ​គ្នា​តវ៉ា​បិទ​ផ្លូវ​នោះ​នៅ​ពេល​ណា​មួយ។

បុរស​អ្នកភូមិ​បុស្សក្រឡាញ់​ម្នាក់ ដែល​ឈរ​សម្លឹង​មើល​ឡាន​ដឹក​ដី​ធំៗ ហើយ​គាត់​ពាក់​ម៉ាស់​ការពារ​ជា​ស្រេច​នោះ គឺ​លោក សាន ស៊ីណែត។ លោក​មាន​ប្រសាសន៍​នៅ​ក្នុង​ពេល​ជជែក​ជាមួយ​អ្នក​ភូមិ​ដូចគ្នា​ថា រូប​លោក​ក៏​ដូចជា​អ្នក​ភូមិ​ជា​ច្រើន​ទៀត មាន​ការ​ព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​ពេល​ធ្វើ​ដំណើរ ព្រមទាំង​ព្រួយ​ទៅ​ដល់​សុខភាព​ដែល​ប៉ះពាល់​ពី​ការ​ហុយ​ដី​នេះ។

ដី​ហុយ សៀមរាប ៦២០
ក្រុម​ប្រជា​ការពារ​នៅ​ភូមិ​បុស្សក្រឡាញ់ នាំ​គ្នា​លើក​សសរ​ឈើ​មក​ដាក់​រាំង​កំណាត់​ផ្លូវ​មិន​ឱ្យ​រថយន្ត​ដឹក​ដី​បើក​ឆ្លង​កាត់​បាន ដោយសារ​រថយន្ត​ដឹក​ដី​ទាំង​នោះ​ធ្វើ​​ឱ្យ​ដី​ហុយ​ខ្លាំង។ រូបថត​ថ្ងៃ​ទី​១៦ ធ្នូ ឆ្នាំ​២០១៥។ RFA/Hang Savyouth

 

បុរស​ដដែល​បញ្ជាក់​ថា លោក​ដឹង​ថា ផ្លូវ​នេះ​កំពុង​ឈូស​ឆាយ​ធ្វើ​ថ្មី ហើយ​លោក​មិន​ជំទាស់​ទេ ក៏​ប៉ុន្តែ​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​គួរ​តែ​គិតគូរ​ទៅ​ដល់​សុខភាព​សាធារណៈ​ដែរ៖ «ពេល​ដែល​ហុយ​ខ្លាំង​ក្មេង​ដើរ​ទៅ​សាលា​ទៅ​អី​មើល​មិន​ឃើញ​ទេ វា​ពិបាក​ណាស់​អាវ​គ្នា​ស ទៅ​ជា​ពណ៌​ដី​ពណ៌​អី​ជាដើម»

អ្នក​ភូមិ​បុស្សក្រឡាញ់​ម្នាក់​ទៀត លោក សិទ្ធិ សៀម មាន​ប្រសាសន៍​ថា ជា​រៀងរាល់ថ្ងៃ​រូប​គាត់​ប្រឈម​មុខ​នឹង​បញ្ហា​ពិបាក​ដក​ដង្ហើម ចំណែក​ឯ​ការ​ទទួល​ទាន​អាហារ​ក៏​ពិបាក ព្រោះ​ដី​ហុយ​ខ្លាំង​ចូល​បាយ និង​សម្ល។ បុរស​ដដែល​បញ្ជាក់​ទៀត​ថា នៅ​លើ​ផ្ទះ​របស់​គាត់ គឺ​មាន​ធូលី​ដី​ពាសពេញ​ទាំង​ពី​កន្ទេល មុង ខ្នើយ និង​ដំបូល​ផ្ទះ​ជាដើម៖ «សម្លៀក​បំពាក់ បោក​ហាល​ទៅ​វា​ហុយ​ប្រឡាក់ គ្មាន​អនាម័យ​ត្រង់​ណា​ទេ។ ខ្ញុំ​សំណូមពរ​ឱ្យ​ក្រុមហ៊ុន​ធ្វើ​ថ្នល់​គិតគូរ​ពី​អនាម័យ និង​សុខភាព​របស់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​ដង​ផ្លូវ​ផង»

កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែ​ធ្នូ កន្លង​ទៅ ក្រុម​ប្រជា​ការពារ​ជា​ច្រើន​នាក់ រួម​ទាំង​មេភូមិ​បុស្សក្រឡាញ់ និង​ប្រជាពលរដ្ឋ​ខ្លះ បាន​នាំ​គ្នា​សែង​សសរ​ធំៗ​ជា​ច្រើន​ដើម​ដាក់​បិទ​កំណាត់​ផ្លូវ ដើម្បី​រារាំង​កុំ​ឱ្យ​រថយន្ត​ដឹក​ដី​ធំៗ​បើក​ឆ្លង​កាត់​បាន។

មេ​ភូមិ​បុស្សក្រឡាញ់ លោក ភាជ ផង់ ទទួល​ស្គាល់​ថា ស្ថានភាព​ដី​ដែល​កំពុង​តែ​ហុយ​ខ្លាំង​ជា​រៀងរាល់​ថ្ងៃ​នេះ គឺ​ពិត​ជា​ធ្វើ​ឱ្យ​រំខាន និង​គំរាមកំហែង​ដល់​សុខភាព​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​របស់​លោក​មែន។ លោក​មេ​ភូមិ​ឱ្យ​ដឹង​ថា នៅ​ភូមិ​បុស្សក្រឡាញ់ គឺ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៣០០​គ្រួសារ កំពុង​ទទួល​រង​ការ​ប៉ះពាល់​ជា​ច្រើន​ផ្នែក​ដោយសារ​ដី​ហុយ​នេះ៖ «ខ្ញុំ​សំណូមពរ​ដល់​ក្រុមហ៊ុន​ដែល​ធ្វើ​ផ្លូវ​នេះ​សូម​ជួយ​ចាក់​ទឹក​ឱ្យ​ទៀងទាត់​ដើម្បី​កុំ​ឱ្យ​ដី​ហុយ»

ទោះ​យ៉ាង​ណា ក្រុម​អ្នកភូមិ​បុស្សក្រឡាញ់ មិន​ស្គាល់​ឈ្មោះ​ក្រុមហ៊ុន​ដែល​កំពុង​ធ្វើ​ថ្នល់​នេះ​ច្បាស់លាស់​ទេ ហើយ​វិទ្យុ​អាស៊ីសេរី ក៏​មិន​អាច​ស្វែង​រក​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​នោះ ដើម្បី​សុំ​ការ​អធិប្បាយ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ។

មិន​មែន​មាន​តែ​ភូមិ​បុស្សក្រឡាញ់ ១​ប៉ុណ្ណោះ​ទេ ដែល​កំពុង​ទទួល​រង​បញ្ហា​ដី​ហុយ គឺ​នៅ​តាម​ភូមិ​ជា​ច្រើន​ទៀត​នៃ​សង្កាត់​ជ្រាវ ក៏​កំពុង​មាន​បញ្ហា​ដូច​គ្នា។ ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​ខ្លះ បាន​នាំ​គ្នា​យក​ទុយយោ​បូម​ទឹក​បាញ់​លើ​ផ្លូវ​ដោយ​ខ្លួន​ឯង និង​ខ្លះ​ទៀត​ដង​ទឹក​បាច​ក៏​មាន ដោយសារ​តែ​ដី​ហុយ​ខ្លាំង​នេះ។

អ្នកភូមិ​បាន​រិះគន់​អាជ្ញាធរ​សង្កាត់​ជ្រាវ​ថា បាន​ព្រងើយកន្តើយ​ចំពោះ​បញ្ហា​ដី​ហុយ​នេះ ដោយសារ​តែ​មន្ត្រី​ខ្លះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ទទួល​លុយ​ពី​ឡាន​ដឹក​ដី ១​គ្រឿង ១​ដុល្លារ ក្នុង​១​ថ្ងៃ បាន​ជា​ទុក​ឱ្យ​ដី​ហុយ​មិន​ព្រម​ដោះស្រាយ។

ចំណែក​អាជ្ញាធរ​ក្រុង​សៀមរាប​វិញ បាន​បដិសេធ​ថា គេ​នៅ​មិន​ទាន់​បាន​ដឹង​ថា មាន​បញ្ហា​ហុយ​ដី​ខ្លាំង​នៅ​ភូមិ​បុស្សក្រឡាញ់ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នោះ​ទេ។

អភិបាលក្រុង​សៀមរាប លោក សូ ប្លាតុង មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ពី​អាជ្ញាធរ​សង្កាត់​ជ្រាវ នៅ​ឡើយ​ទេ។ លោក សូ ប្លាតុង បញ្ជាក់​ថា ថ្វីត្បិតតែ​ក្រុង និង​ខេត្ត​សៀមរាប កំពុង​អភិវឌ្ឍន៍​ផ្លូវ​ថ្នល់​ជា​ច្រើន​មែន ក៏ប៉ុន្តែ​អាជ្ញាធរ​តែង​យក​ចិត្ត​ទុក​ដាក់​មិន​ឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ឡើយ៖ «កន្លង​មក​ក្រុម​ការងារ​ទាំង​ខេត្ត​ទាំង​ក្រុង​តែង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការណែនាំ​ក្រុមហ៊ុន​ជួសជុល​ផ្លូវ​ជាដើម ហើយ​កន្លែង​ផ្សេងៗ​ទៀត​បើ​មាន​ដី​ហុយ​អ៊ីចឹង គឺ​មិន​អនុញ្ញាត​ឡើយ»

ទោះ​យ៉ាង​ណា សមាជិក​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប ១​រូប លោក សុខ គឹមសេង បាន​រិះគន់​ថា ថ្វីត្បិតតែ​ខេត្ត​សៀមរាប ជា​តំបន់​ទេសចរណ៍​ល្បីល្បាញ ក៏​ប៉ុន្តែ​នៅ​ក្នុង​ទី​រួម​ខេត្ត​គឺ​មាន​ផ្លូវ​ជា​ច្រើន​កន្លែង​ខូចខាត​បណ្ដាល​ឱ្យ​ដី​ហុយ​ខ្លាំង។

លោក សុខ គឹមសេង បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​សៀមរាប តែង​អះអាង​អំពី​ការ​ប្រឹងប្រែង ប៉ុន្តែ​លោក​មិន​ឃើញ​មាន​អ្វី​ប្រែប្រួល​ទេ គឺ​ដី​នៅតែ​ហុយ​ដដែល៖ «ចំ​កណ្ដាល​ទីក្រុង​ក៏​ហុយ និយាយ​រួម ដែល​យើង​ឃើញ​ដី​មិន​សូវ​ហុយ មាន​តែ​កំណាត់​ផ្លូវ​ចាប់​ពី​ស្តុប​សុខា ទៅ​ប្រលាន​យន្តហោះ​ប៉ុណ្ណឹង​ទេ»។

គ្រូពេទ្យ​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក ញាណ សារិន ធ្លាប់​ពន្យល់​កាល​ពី​ដើម​ខែ​ធ្នូ ថា ឥទ្ធិពល​នៃ​ដី​ហុយ​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ជា​ច្រើន​ផ្នែក ដូចជា​រលាក​បំពង់ក រលាក​ច្រមុះ ប៉ះពាល់​ដល់​ប្រព័ន្ធ​ផ្លូវ​ដង្ហើម ដូចជា​បណ្ដាល​ឱ្យ​កើត​ជំងឺ​ហឺត ជំងឺ​សួត ខូច​ក្រពះ ព្រម​ទាំង​ភ្នែក ហើយ​ចុង​ក្រោយ​អាច​នឹង​ធ្វើ​ឱ្យ​កើត​ជំងឺ​មហារីក​ក៏​មាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។