មន្ត្រី​សិទ្ធិ​មនុស្ស​ប្រតិកម្ម​រឿង​​តុលាការ​តម្រូវ​ឲ្យ​ពលរដ្ឋ​ធ្វើ​កិច្ចសន្យា​ឈប់​តវ៉ា​រឿង​ដី

តំណាង​ពលរដ្ឋ​តវ៉ា​រឿង​ដីធ្លី​នៅ​ខេត្ត​បន្ទាយមានជ័យ ម្នាក់ ត្រូវ​បាន​តុលាការ​ខេត្ត​នេះ​សម្រេច​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដោយ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​កាល​ពី​យប់​ថ្ងៃ​ទី​១៦ ខែ​ធ្នូ។ ប៉ុន្តែ​ការ​ដោះលែង​នោះ តុលាការ​តម្រូវ​ឱ្យ​តំណាង​ពលរដ្ឋ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​តវ៉ា​រឿង​ដីធ្លី​របស់​ខ្លួន​បន្ត​ទៀត ពិសេស​ការ​តវ៉ា​ដែល​ខុស​ច្បាប់។ ទាក់ទិន​បញ្ហា​នេះ មន្ត្រី​ស៊ើបអង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បញ្ជាក់​ថា តុលាការ​កំពុង​រំលោភ​សិទ្ធិ​មនុស្ស ព្រម​ទាំង​ធ្វើ​ឡើង​ដោយ​ខុសច្បាប់​ថែម​ទៀត​ផង។

ទោះបីជា​តំណាង​ពលរដ្ឋ​រូប​នោះ​បាន​យល់​ព្រម​ធ្វើ​កិច្ចសន្យា​ជាមួយ​មន្ត្រី​តុលាការ ដោយ​ព្រម​បញ្ឈប់​សកម្មភាព​តវ៉ា​រឿង​ដីធ្លី​ណា​មួយ​ដែល​ខុស​ទៅ​នឹង​ផ្លូវ​ច្បាប់​ក៏ដោយ ប៉ុន្តែ​លោក​អះអាង​ថា លោក​នឹង​អាច​រំលោភ​កិច្ចសន្យា​បាន ប្រសិនបើ​មិន​មាន​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួកគាត់។

តំណាង​ពលរដ្ឋ​នៅ​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត លោក ឆេង ប៊ុនហាក់ មាន​ប្រសាសន៍​ថា តាម​ពិត​ទៅ​លោក​មិន​ចង់​ធ្វើ​កិច្ចសន្យា និង​ផ្ដិត​មេដៃ​ដើម្បី​ជា​ថ្នូរ​នឹង​ការ​​នៅ​ក្រៅ​ឃុំ​ប៉ុន្មាន​ទេ ប៉ុន្តែ​បញ្ហា​គ្រួសារ រួម​នឹង​គំនាប​តុលាការ​ផង ទើប​លោក​យល់​ព្រម​ធ្វើតាម​សេចក្ដី​ត្រូវ​ការ​របស់​តុលាការ៖ «គេ​រំលោភ​បំពាន់​លើ​ខ្ញុំ​ហើយ គេ​ដាក់​ខ្នោះ ឃុំ​ខ្លួន។ គេ​គាបសង្កត់​លើ​សិទ្ធិ​សេរីភាព​របស់​ខ្ញុំ សួ​ថា​តើ​ខ្ញុំ​ឈឺ​ចាប់​ប៉ុណ្ណា»

លោក ឆេង ប៊ុនហាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ដោយសារ​ដឹកនាំ​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​សំណង​ផល​ប៉ះពាល់​ដោយ​គម្រោង​ធ្វើ​ផ្លូវ​រថភ្លើង នៅ​ក្រុង​ប៉ោយប៉ែត។ ក្រោយ​មក​នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ តុលាការ​សម្រេច​ដោះលែង​លោក​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ប៉ុន្តែ​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ  ព្រម​ទាំង​តម្រូវ​តំណាង​ពលរដ្ឋ​រូប​នេះ​ធ្វើ​កិច្ចសន្យា​ឱ្យ​បញ្ឈប់​សកម្មភាព​តវ៉ា​ដោយ​ខុស​ច្បាប់​នៅ​ពេល​ក្រោយៗ​ទៀត។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ លោក ផាន់ វណ្ណរ័ត្ន បាន​ទេ នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ដោយ​ទូរស័ព្ទ​ចូល ប៉ុន្តែ​គ្មាន​អ្នកទទួល។

ចំណែក​ចៅក្រម​ស៊ើបសួរ​សំណុំ​រឿង​នេះ លោក ឡូយ ចាន់ត្រា មាន​ប្រសាសន៍​បញ្ជាក់​ថា ចំពោះ​នីតិវិធី​នៅ​ដំណាក់កាល​ចៅក្រម​ស៊ើបសួរ គឺ​មិន​បាន​តម្រូវ​ឱ្យ​ធ្វើ​កិច្ច​សន្យា​អ្វី​នោះ​ទេ ហើយ​ការ​ធ្វើ​កិច្ចសន្យា​យ៉ាង​ណា​នោះ លោក​មិន​បាន​ដឹង​ឡើយ៖ «អត់​មាន​ទេៗ ហើយ​ខ្ញុំ​ពិនិត្យ​មើល​សំណុំរឿង​ក៏​អត់​មាន​កិច្ចសន្យា​ហ្នឹង​ទៀត»

​ទោះ​បី​យ៉ាង​ណា​ក៏ដោយ មន្ត្រី​អង្កេត​ជាន់ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក នី ចរិយា មាន​ប្រសាសន៍​ថា ករណី​នេះ តុលាការ​កំពុង​រំលោភ​ទៅ​លើ​ផ្លូវ​ច្បាប់​ដោយ​ខ្លួន​ឯង។ លោក​បញ្ជាក់​ថា នៅ​ក្នុង​ផ្លូវ​ច្បាប់ មិន​អនុញ្ញាត​ឱ្យ​តុលាការ​ដាក់​លក្ខខណ្ឌ​ណា​មួយ​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​បុគ្គល លើកលែងតែ​ជា​បទល្មើស​ព្រហ្មទណ្ឌ ប៉ុន្តែ​ការ​ទាមទារ​របស់​ពលរដ្ឋ​មិន​មែន​ជា​រឿង​ព្រហ្មទណ្ឌ​ឡើយ៖ «ធ្វើ​បាតុកម្ម បើ​ទោះ​បី​ជា​បាតុកម្ម​នោះ​បាន​ជូន​ដំណឹង​ឬ​អត់​ក៏ដោយ ប៉ុន្តែ​មិន​មែន​ជា​បទល្មើស​ព្រហ្មទណ្ឌ​ដែល​ត្រូវ​ស្ថិត​នៅ​ក្នុង​លក្ខខណ្ឌ​ដែល​តុលាការ​ត្រូវ​យក​ទៅ​ដាក់​ចំពោះ​ប្រជាជន​នោះ​ទេ»

​មន្ត្រី​សិទ្ធិមនុស្ស​ដដែល​ឱ្យ​ដឹង​ទៀត​ថា ប្រជាពលរដ្ឋ​នៅ​តែ​មាន​សិទ្ធិ​ធ្វើ​បាតុកម្ម ឬ ទាមទារ​ដំណោះស្រាយ​ដីធ្លី​របស់​ខ្លួន​ដោយ​សន្តិវិធី និង​អហិង្សា​បាន​ដដែល ពីព្រោះ​ជា​សិទ្ធិ​សេរីភាព​ដែល​ទទួល​ស្គាល់​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ។ បន្ថែម​ពី​នេះ​ទៀត ប្រជាពលរដ្ឋ​ត្រូវ​ក្លាហាន​ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព​របស់​ខ្លួន។ ចំណែក​តុលាការ​មាន​តួនាទី​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ផ្លូវ​ច្បាប់​មិន​មែន​ប្រើប្រាស់​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ដើម្បី​រំលោភច្បាប់​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។