ភាគីពាក់ព័ន្ធ កំពុងប្រជុំដោះស្រាយ ករណីកូដកម្ម ឲ្យកម្មករ ជាង៣ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ច ក្រុងបាវិត

ភ្នំពេញ៖ ក្រោយពីកូដកម្ម អស់រយៈពេល៣ថ្ងៃកន្លងមក របស់ក្រុមកម្មករ ដែលបម្រើការងារ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត ខេត្តស្វាយរៀង មិនមានដំណោះស្រាយ ទើបនៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥នេះ  គ្រប់ភាគីពាក់ព័ន្ធបានជួបប្រជុំគ្នា ដើម្បីស្វែងរកចំណុចវិជ្ជមានជូនពួកគេ។

មន្រ្តីសម្ព័ន្ធសហជីព ចលនាកម្មករ ប្រចាំខេត្តស្វាយរៀង បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ថា សមាសភាពដែលចូលរួមដោះស្រាយ នៅរសៀលថ្ងៃទី១៨ ធ្នូ នេះ រួមមានតំណាងថៅកែរោងចក្រ  អភិបាលក្រុងបាវិត មន្ទីរការងារងារខេត្ត តំណាងសហជីព និងតំណាងកម្មករ។

ទាក់ទងនឹងបញ្ហានេះ សមាគមរោងចក្រកាត់ដេរនៅ កម្ពុជាហៅកាត់ថា GMAC នៅថ្ងៃទី១៧ ធ្នូ បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ចាត់វិធានការជាបន្ទាន់ ក្នុងការការពារសន្តិសុខ សុវត្ថិភាព និងទ្រព្យសម្បត្តិរបស់និយោជក ក្រោយពីកម្មករផ្ទុះកូដកម្ម ក្នុងនោះពួកគេ បានយកដុំថ្មគប់ទៅលើរោងចក្រផងដែរ ក្នុងគោលបំណងឲ្យថោកែផ្តល់ដំណោះស្រាយ។

សូមបញ្ជាក់ថា មូលហេតុដែលនាំឲ្យ ទៅដល់ធ្វើកូដកម្មនេះ ក្រោយពីពួកកម្មករអះអាងថា ប្រាក់ខែដែលរាជរដ្ឋាភិបាលផ្តល់ឲ្យ ១៤០ដុល្លារ សម្រាប់ឆ្នាំ២០១៦នេះ មិនគ្រប់ការចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ ដូច្នេះក៏ផ្ទុះកូដកម្មទាមទារប្រាក់ បន្ថែមលើប្រាក់ខែ ១៤០ដុល្លារនេះ ចាប់តាំងពីថ្ងៃទី១៦ ធ្នូមក៕

ភាគីពាក់ព័ន្ធ កំពុងប្រជុំដោះស្រាយ ករណីកូដកម្ម ឲ្យកម្មករ ជាង៣ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ច ក្រុងបាវិត

ភាគីពាក់ព័ន្ធ កំពុងប្រជុំដោះស្រាយ ករណីកូដកម្ម ឲ្យកម្មករ ជាង៣ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ច ក្រុងបាវិត