ជប៉ុន ផ្តល់ជំនួយ ជាង២០ម៉ឺន ដុល្លារ សម្រាប់វិស័យ អប់រំ នៅសៀមរាប និងបន្ទាយមានជ័យ

ភ្នំពេញ៖ រាជរដ្ឋាភិបាលជប៉ុន តែងតែយកចិត្តទុកដាក់ ចំពោះប្រទេសកម្ពុជា ជាក់ស្តែង នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ នេះ ជប៉ុនបានចុះហត្ថលេខា ផ្តល់ជំនួយឥតសំណង ដល់គម្រោង ចំនួន៣ សម្រាប់ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមអភិវឌ្ឍ វិស័យអប់រំ ដែលជាវិស័យអាទិភាព មួយរបស់កម្ពុជា ។

កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី១៨ ធ្នូនេះ ក្រោមអធិបតីភាព លោក គូម៉ាម៉ារូយូជិ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងតំណាងស្ថាប័ន ទទួលជំនួយទាំងបី។ ថវិកាសរុបមាន២០៩.១៣៥ ដុល្លារអាម៉េរិក ក្នុងនោះរួមមានទី១ .គម្រោងសាងសង់ អាគារសិក្សា មួយខ្នង នៅអនុវិទ្យាល័យ កែវព័ណ៌ក្នុងស្រុកពួក ខេត្តសៀមរាប មានថវិកាចំនួន ៥២.៤០០ដុល្លារអាម៉េរិក , ទី២.គម្រោងសាងសង់អាគារសិក្សាមួយខ្នងនៅអនុវិទ្យាល័យឃីឡិកក្នុង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ថវិកាចំនួន៦៧.៦៣១ដុល្លារអាម៉េរិក , និងទី៣. សម្រាប់អង្គការ សាម៉ារីតាន់ភឺស គម្រោងសាងសង់អាគារ សិក្សា២ខ្នង នៅសាលាបឋមសិក្សាតាដុល ក្នុងស្រុក ស្វាយចេកខេត្តបន្ទាយមានជ័យថវិកាចំនួន ៨៩.១០៤ដុល្លារអាម៉េរិក ។

លោក គូម៉ា ម៉ារូយូជិ បានថ្លែងថា“ វិស័យអប់រំ គឺជាវិស័យ អាទិភាពមួយ នៃបណ្តាវិស័យ អាទិភាពនានា របស់រាជរដ្ឋាភិបាលកម្ពុជា  ហើយជប៉ុនបានគាំទ្រ យ៉ាងពេញទំហឹងដល់ វិស័យអប់រំ នៅកម្ពុជា ជាងពីរទស្សវត្ស៍កន្លងមកហើយ តាមរយៈការសាងសង់អាគារសិក្សា និងផ្តល់ការបណ្តុះបណ្តាលដល់គ្រូបង្រៀនជាច្រើន” ។

លោក សោម សារ៉ូ ប្រធានមន្ទីអប់រំយុវជន និងកីឡា តំណាងឲ្យស្ថាប័នទាំងបី បានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាលក៏ដូចជា ប្រជាជនជប៉ុន ដែលតែងតែយកចិត្តទុកដាក់ លើវិស័យអប់រំនៅកម្ពុជា ទាំងនេះគឺបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់នូវ មនោសញ្ចេតនា រវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន  ។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩១មក រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកា ជាង៥៤លានដុល្លារអាម៉េរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅ រដ្ឋាភិបាលនៅកម្ពុជា ដើម្បីអនុវត្តន៍គម្រោង គូសាណូណិ ចំនួន៥៤៤គម្រោងនៅទូទាំងប្រទេស៕

 

ជប៉ុន ផ្តល់ជំនួយ ជាង២០ម៉ឺន ដុល្លារ សម្រាប់វិស័យ អប់រំ នៅសៀមរាប និងបន្ទាយមានជ័យ

ជប៉ុន ផ្តល់ជំនួយ ជាង២០ម៉ឺន ដុល្លារ សម្រាប់វិស័យ អប់រំ នៅសៀមរាប និងបន្ទាយមានជ័យ

ជប៉ុន ផ្តល់ជំនួយ ជាង២០ម៉ឺន ដុល្លារ សម្រាប់វិស័យ អប់រំ នៅសៀមរាប និងបន្ទាយមានជ័យ