១៣​ភាគរយ​នៃ​កុមារ​កម្ពុជា​អាយុ​ពី​១៣-១៥​ឆ្នាំ បាន​ប្រឡូក​ក្នុងការ​រួមភេទ​

លោក ស្រី គឹម សេដ្ឋានី​កុមារ​កម្ពុជា​ដែលមាន​អាយុ​ចាប់ពី​១៣​ឆ្នាំ ដល់​១៥​ឆ្នាំ រហូតដល់​១៣​ភាគរយ បាន និង​កំពុង​ប្រឡូក​ក្នុង​សកម្មភាព​រួមភេទ​។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍ ដែល​ត្រូវបាន​ផ្សព្វផ្សាយ នៅក្នុង​ពិធី​ផ្សព្វផ្សាយ​លទ្ធផល និង​បទពិសោធន៍​ស្តីពី​ការអនុវត្ត​គម្រោង​យុវវ័យ​ឆ្លាត អនាគត​ល្អ របស់​រៀបចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃទី​១៨​ខែ ធ្នូ​។ គម្រោង​យុវវ័យ​ឆ្លាត អនាគត​ល្អ ដែល​ជួយ​លើកកម្ពស់​សុខភាព​បន្ត​ពូជ​របស់​កុមារ និង​យុវវ័យ ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺអេដស៍​។

​លោកស្រី គឹម សេដ្ឋា​នី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែលមាន​វត្តមាន​នៅក្នុង​ពិធី​ផ្សព្វផ្សាយ​លទ្ធផល និង​បទពិសោធន៍​ស្តីពី​ការអនុវត្ត​គម្រោង​យុវវ័យ​ឆ្លាត អនាគត​ល្អ បាន​មានប្រសាសន៍ថា​៖«​ការទទួល​គម្រោង​នេះ​មក​អនុវត្ត​បន្ត​ដោយសារតែ​ក្រសួង​នៅ​កៀក​ជាមួយ​កុមារ និង​យុវជន​ដែល​ងាយស្រួល​ក្នុងការ​អប់រំ​ដែល​ធ្វើ​ឲ្យ​ពួកគេ​បាន​រួច​ផុតពី​បញ្ហា​ប្រឈម​នានា មិនឆាប់​ប្រឡូក​ក្នុង​សកម្មភាព​រួមភេទ មុន​គ្រប់​អាយុ មាន​ផ្ទៃពោះ​មុន​រៀបការ ការ​រំលូតកូន​ដោយ​គ្មាន​សុវត្ថិភាព និង​ការឆ្លង​ជំងឺ​កាមរោគ​ផ្សេងៗ​។​

​បើតាម​លោកស្រី គឹម សេដ្ឋា​នី ចំនួន​យុវជន និង​កុមារ​កម្ពុជា មាន​ប្រមាណ ៦០​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប ហើយ​ក្នុងនោះ មាន​កុមារ​អាយុ​ក្រោម​១៥​ឆ្នាំ​ដល់​ទៅ​៣២​ភាគរយ​។ លោកស្រី​បញ្ជាក់ថា ការបន្ត​អនុវត្តន៍​គម្រោង​នេះ គឺជា​ចាំបាច់ ពីព្រោះ​ភាគច្រើន​នៃ​កុមារ​វ័យក្មេង​ទាំងនោះ ឆាប់​ប្រឡូក​ក្នុង​ទំនាក់ទំនង​ផ្លូវភេទ ដែល​ធ្វើ​ឲ្យ​យុវជន​ជាច្រើន ជាពិសេស​ក្មេងស្រី​មាន​ហានិភ័យ​ខ្ពស់  ហើយ​ពួកគេ​ភាគច្រើន​មិន​ហ៊ាន​ទៅរក​ព័ត៌មាន សេវា​សុខភាព​បន្ត​ពូជ និង​ផ្លូវភេទ​នោះទេ​។​

​គម្រោង​សាកល្បង​យុវវ័យ​ឆ្លាត អនាគត​ល្អ បង្កើតឡើង​ដោយ​អង្គការ One World UK និង​ក្រសួង​អប់រំ យុវជន និង​កីឡា សមាគម​អភិវឌ្ឍន៍​សុខភាព និង​បណ្តា​អង្គការ​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួនទៀត​។ គម្រោង​នេះ​បាន​ចងក្រង​មេរៀន​ផ្នែក​សុខភាព​បន្ត​ពូជ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក របស់​ក្រសួង​អប់រំ កម្មវិធី​សំណួរ និង​ចម្លើយ​ដែល​អាច​ទទួលបាន​ព័ត៌មាន​តាមរយៈ​ទូរ​សព្ទ ព្រមទាំង​ការបណ្តុះបណ្តាល​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ស្តីពី​បញ្ហា​សុខភាព ផ្លូវភេទ​ក្នុង​សាលារៀន​ចំនួន​២៤​ក្នុង​រាជធានី​-​ខេត្ត​ចំនួន​៨​ផងដែរ​។​

​គម្រោង​នេះ ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ខែ​មិនា ឆ្នាំ​២០១៤ ។ ក្នុង​រយៈពេល​នៃ​ការអនុវត្ត​គម្រោង​នេះ មាន​អ្នកឆ្លើយឆ្លង​សំណួរ​ជិត​២​ម៉ឺន​សំណួរ​។ សម្រាប់​កម្មវិធី​រៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ត្រូវបាន​បណ្តុះបណ្តាល​ទាំង​យុវវ័យ និង​កុមា​រទាំង​ក្នុង​និង​ក្រៅ​សាលា​បាន​ជាង​១​ម៉ឺន​នាក់​។ កម្ពុជា​គឺជា​ប្រទេស​ដំបូង​គេ​បង្អស់​ក្នុង​អាស៊ីអាគ្នេយ៍​ដែល​កំពុង​អនុវត្តន៍​គម្រោង​នេះ​និង​ជា​ប្រទេស​ទី​៦ ក្នុង​ពិភពលោក​៕

​ប្រភព​៖AKP