លោកស្រី​ស៊ូ​ជី ឲ្យ​តំណាងរាស្ត្រ​បក្ស​លោកស្រី​រៀន​បន្ថែម មុន​ផ្តើម​នីតិកាល​ថ្មី​នៃ​សភា​

​ទោះបីជា​លទ្ធផល​នៃ​ការបោះឆ្នោត​មី​យ៉ាន់​ម៉ា បានបង្ហាញ​ហើយ​ថា​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​នៃ​លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​គ្រប់គ្រង​អាសនៈ​លើសពី​ភាគច្រើន​ដាច់ខាត​នៃ​អាសនៈ​សរុប​ក៏ដោយ សភា​មី​យ៉ាន់​មា់ នៅ​មិនទាន់​ចាប់ផ្តើម​នីតិកាល​ថ្មី​របស់ខ្លួន​នៅឡើយ​នោះទេ​។ ដើម្បី​បង្កើន​សមត្ថភាព មុន​ចូល​បម្រើការ​ជាស​ភា​ពេញសិទ្ធិ លោកស្រី​អ៊ុង​សាន ស៊ូ​ជី បាន​បញ្ជូន​សមាជិក​តំណាងរាស្ត្រ​របស់ខ្លួន ទៅ​សិក្សា​បន្ថែម​ពី​ប្រតិបត្តិការ​របស់​សភា​។​

​ប្រធាន​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​លោកស្រី​អ៊ុង​សាន ស៊ូ​ជី បាន​បញ្ជូន​តំណាងរាស្ត្រ​ថ្មី​នៃ​បក្ស​លើ​ស្រី​ទៅ​រៀន​បន្ថែម ដើម្បី​បង្កើន​សមត្ថភាព​នៃ​ការយល់ដឹង​ពី​ប្រតិបត្តិការ​របស់​រដ្ឋសភា​មុនពេល​នៃ​ការចាប់ផ្តើម​នីតិកាល​ថ្មី​នា​ដើមឆ្នាំ​២០១៦​។ នេះ​បើ​យោងតាម​មន្ត្រី​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​។

​ជា​លើកដំបូង​ហើយ​ដែល​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ ​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី ត្រូវ​ដឹកនាំ​រដ្ឋសភា​មី​យ៉ាន់​ម៉ា​។ តំណាងរាស្ត្រ​ភាគច្រើន​នៃ​បក្ស​លោកស្រី​ស៊ូ​ជី គឺជា​មនុស្ស​ថ្មី​ ពោលគឺ​ពួកគេមិនដែល​ធ្លាប់​កាន់តំណែង​សភា និង​មាន​បទពិសោធ​ន៍ពីមុន​នោះទេ​។

​តាម​ការអះអាង​របស់​អ្នកនាំពាក្យ​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ លោក  Win Htein ជាមួយ​សារព័ត៌មាន AFP សមាជិកសភា​ថ្មី មានការ​យល់ដឹង​ច្រើន​ពី​កិច្ចការ​នយោបាយ តែ ពួកគេ ត្រូវការរៀន​បន្ថែម​ពី​ដំណើរការ​របស់​សភា​។ លោក​បន្ថែមទៀតថា  តំណាងរាស្ត្រ​ថ្មី នឹងត្រូវ​បង្រៀនបន្ថែម​ ទាក់ទង​នឹង​នីតិវិធី​នានា​របស់​សភា ​ជាពិសេស​​អំពី​រដ្ឋធម្មនុញ្ញ​តាក់តែង​ធ្វើ​ដោយ​របប​សឹក ដែល​កំពុង​មាន​ឥទ្ធិពល​នៅ​ក្នុង​ប្រព័ន្ធ​នយោបាយ​មី​យ៉ាន់​ម៉ា​។

​យ៉ាងណាក៏ដោយ ក្នុង​វគ្គ​បំប៉ន​សមាជិកសភា​ថ្មី​ទាំងនេះ នឹង​មិនមាន​វត្តមាន​លោកស្រី​ឡើយ។ លោក Win Htein ថា លោកស្រី​ស៊ូ​ជីមាន​កិច្ចការ​ច្រើន​ក្នុង​ការត្រៀម​ដើម្បី​រៀបចំ ដ្បិត​សភា​នី​តី​កាល​ថ្មី នឹងត្រូវ​ចាប់ផ្តើម​នៅ​ខែមករា និង​ការបង្កើត​រដ្ឋាភិបាល​ថ្មី នឹងត្រូវ​ធ្វើ​នៅពេល​បន្តបន្ទាប់​គ្នា​ផងដែរ​។​

​សូម​រម្លឹក​ផងដែរថា កាលពី​ចុងខែ​វិច្ឆិកា​កន្លងទៅ លោកស្រី ស៊ូ​ជី ក៏បាន​កោះប្រជុំ​សមាជិក​តំណាងរាស្ត្រ បក្ស​លោកស្រី​ដើម្បី​ណែនាំ​មុន​ចូល​សភា ដោយ​ត្រូវគោរព​តាម​បទបញ្ជា រៀបចំ​ឥរិយាបថ​ឲ្យ​បាន​ត្រឹមត្រូវ និង​ថែមទាំង​បង្កើន​ចំណេះដឹង​ភាសា​អង់គ្លេស​ទៀតផង​។ ជាពិសេស​នោះ​លោកស្រី ក៏បាន បញ្ជាក់​យ៉ាងច្បាស់ថា​ គ្មានទេ​មនោសញ្ចេតនា​នៅក្នុង​អាណត្តិ​ថ្មី​នេះ ហើយ​ប្រសិនបើ​តំណាងរាស្ត្រ ណាមួយ​ដែល​ប្រព្រឹត្ត​ខុស​លោកស្រី នឹងចូលរួម​ដំណើរ​ដើម្បី​បញ្ជូន​តំណាងរាស្ត្រ​ទាំងនោះ​ទៅ​ពន្ធនាគារ​។

​សួ​ម​បញ្ជាក់​ផងដែរ​ថា ទោះបី​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​មាន​សំឡេង​ភាគច្រើន នៅក្នុង​សភា​ក៏ដោយ បក្ស​នេះ ត្រូវតែ​ភា្ជ​ប់​ទំនាក់ទំនង​ជាមួយនឹង​សភា​យោធា​ដែលមាន​អាសនៈ ២៥​ភាគរយ​នៃ​អាសនៈ​សភា​សរុប​។ ហើយ​សម្រាប់​កិច្ចការ​ដំបូង​គេ​ដែល​សភា​បក្ស​លោកស្រី ស៊ូ​ជី ត្រូវធ្វើ​ដំបូង​គេ​បង្អស់​ ​គឺការជ្រើសរើស​ប្រធានាធិបតី​មី​យ៉ាន់​ម៉ាថ្មី​​។ គេ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​នោះទេថា​ បេក្ខភាព​ណាមួយនឹង​ឈរឈ្មោះ​ជា​ប្រធានាធិបតី ជំនួស​លោក​ ថេ​ន សេន ដ្បិតមេបក្ស​ឈ្នះឆ្នោត​លោកស្រី អ៊ុង​សាន ស៊ូ​ជី គ្មាន​លទ្ធភាព​នោះទេ​ក្នុង​តំណែង​នេះ​៕